ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យនិងណែនាំគ្រូហោរាអគ្គិនេត្រល្បីតាមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតគ្រូហោរាអគ្គិនេត្រជាគ្រូស្នហ៍ដែលគេនាំគ្នាភ្ញាក់ផ្អើលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចែករំលែកតៗគ្នាអំពីបណ្ណធានាដែលបានបញ្ជាក់ថា ពូកែមន្តអាគម បើមិនឆុតសងប្រាក់វិញគ្រប់ចំនួននោះ ត្រូវអាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យពីសកម្មភាពរកស៊ីបែបអបីជំនឿនេះដល់គេហដ្ឋាននាព្រឹកថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ២០១៦ ផ្ទះលេខ១៤ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ។

ការចុះទៅត្រួតពិនិត្យគ្រូស្នេហ៍នេះ ដឹកនាំដោយលោក ឆេង សុផាន អធិការរងទទួល ផែនសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ជាច្រើនានក់ ។

លោកអធិការរងរូបនេះបានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានលេចឮពីមួយទៅមួយ ជាពិសេសតាមបណ្តាញហ្វេសប៊ុកនោះ អំពីសកម្មភាពគ្រូទាយហោរាអគ្គិនេត្រជាគ្រូស្នេហ៍វ័យក្មេង ឈ្មោះ វ៉ាន់ សុខសីហា ភេទប្រុស អាយុ ២០ឆ្នាំ ធ្វើអាជីវកម្មលើអបីជំនឿគួរឲ្យសង្ស័យនោះ ទើបអាជ្ញាធរមូលដ្ឋានសម្រេចចុះទៅពិនិត្យជាក់ស្តែងដល់គេហដ្ឋានតែម្តង។

លោកអធិការរងបន្តថា កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនគ្រូស្នហ៍វ័យក្មេងនេះទេ គ្រាន់តែចុះទៅត្រួតពិនិត្យណែនាំ និងធ្វើកិច្ចសន្យាក្រែងមានបាតុភាពណាមួយចេញពីអតិជន និងអ្នកមានជំនឿប៉ុណ្ណោះ ពោលកុំឲ្យថ្ងៃក្រោយលេចឮ ឬ មានពាក្យបណ្តឹងថាគ្រូម្នាក់នេះឆរ បោកពីនរណាម្នាក់ គឺត្រូវតែប្រឈមមុខនឹងច្បាប់ ។

សូមបញ្ជាក់ថា គ្រូស្នេហ៍មួយរូបនេះត្រូវបានអតិថិជនភាគច្រើនបានស្គាល់ ហើយថ្មីៗនេះបាន បញ្ជាក់ពីភាពឆុតរបស់ខ្លួនដោយហ៊ាន ចេញលិខិតធានាច្បាស់លាស់ជាមួយអ្នកមកទាយ។ គ្រូស្នេហ៍ (មិនសំដៅលើស្នេហ៍ ស្នូក)សម្រាប់អ្នកលក់ដូរឬអ្នកប្រកបរបរអាជីវកម្ម អាចពឹងពាក់ជាមួយនឹងការធានាយ៉ាងច្បាស់លាស់។ ប្រសិនបើមិនដូចការ ពឹងពាក់នោះទេអតិថិជនអាចទារប្រាក់ពីលោកគ្រូអគ្គិនេត្រវិញបាន ។ នៅក្នុងវិក្កយបត្រមួយសន្លឹកដែលគេចែករំលែកតគ្នានៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកបានបញ្ជាក់ពីឈ្មោះអ្នក មកពឹងពហើយនិងមូលហេតុនៃការមក ឲ្យជួយក៏ដូចជាលេខទូរស័ព្ទ និងហត្ថលេខា របស់ភាគីទាំងសងខាង។ នេះបានបង្ហាញ អំពីសេចក្តីក្លាហានហ៊ានស៊ីហ៊ានសងរបស់ គ្រូទាយខាងលើដែលជឿជាក់លើសមត្ថភាពរបស់ខ្លួនរហូតចេញលិខិតធានាត្រឹមត្រូវ ហើយនិងសន្យាសងទ្រនឹបវិញគ្រប់ ចំនួនប្រសិនបើមិនស័ក្តិសិទិ្ធទៅតាមការសន្យានោះទេ ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម បុរសម្នាក់អាយុជាង២០ឆ្នាំអះអាងថា ជា គ្រូអគ្គិនេត្របានបង្ហាញមុខជាមួយនឹងការអះអាងប្រកបដោយភាពជឿជាក់ថា ឆ្លង តាមបទពិសោធន៍យូរឆ្នាំទើបខ្លួនហ៊ាន ចេញបណ្ណធានាចំពោះការប្រកបរបររកស៊ីលក់ដូរជាដើម។

លោកគ្រូអគ្គិនេត្រដែល មានភរិយាហើយបាននិយាយឆ្លើយឆ្លងតាម ទូរស័ព្ទថា ខ្លួនមានទីលំនៅម្តុំបឹងសាឡាង រាជធានីភ្នំពេញហើយអាចទស្សន៍ទាយ តាមទូរស័ព្ទក៏បាន ប៉ុន្តែត្រូវជូនទ្រនឹបមុន ដោយមិនបង្គាប់ថ្លៃនោះឡើយ ។ ពាក់ព័ន្ធទៅនឹងការចេញបណ្ណធានានេះលោកគ្រូវ័យក្មេងបានអះអាងថា មាន អ្នកខ្លះ(ទំនងជាគ្រូដូចគ្នា)បានវាយប្រហារ មកលើខ្លួន។ ប៉ុន្តែដោយភាពជឿជាក់លើ សមត្ថភាព ដូច្នេះលោកគ្រូអគ្គិនេត្រអះអាង ថា «មាសសុទ្ធមិនខ្លាចភ្លើង» ។ លោកគ្រូ ក្មេងនេះបាននិយាយវាយប្រហារទៅភាគី ម្ខាងទៀតថា ការលើកឡើងរបស់ពួកគេ គឺកើតចេញពីសេចក្តីឈ្នានីស ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមអ្នកខ្លះបានពេបជ្រាយដោយគ្មានជំនឿទៅលើការទស្សន៍ទាយនេះ។

មតិភាគច្រើនបានព្យាយាមជំរុញឲ្យមិត្តភក្តិឬក៏បងប្អូនរបស់ខ្លួនសាកល្បង។ មតិខ្លះបានសរសើរគ្រូ អគ្គិនេត្រថា ហ៊ានស៊ីហ៊ានសងនិងហាក់ ដូចជាមានភាពជឿជាក់ខ្លាំងចំពោះសមត្ថភាពរបស់ខ្លួន ៕ ប្រាថ្នា

_______ _________


ចែករំលែក៖