ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកជាមួយម៉ូតូហ្ស៊ុយសាគីឡែត បណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានបើកបុកគ្នាជាមួយនិងម៉ូតូម៉ាកហ្ស៊ុយសាគីឡែត ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ជិះ ត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងព្រៃស ក្បែនិងផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា យុវជនដែលត្រូវរថយន្តកិនស្លាប់ខាងលើនេះមានឈ្មោះ ឡេង ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0323 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចតាមបណ្តោយផ្លូវខាងលើ ចំណែកម៉ូតូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6119 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីលិចមកកើតបញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តបង្ក លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូនិងរថយន្តបានបុកគ្នា បណ្តាលឲ្យខ្ទាតយុវជនអ្នកបើកម៉ូតូចូលកង់រថយន្តផ្នែកខាងក្រោយចំហៀងខាងឆ្វេង កិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពីហេតុការណ៍នេះ បានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនឹងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះមកពិនិត្យ និងវាស់វែង ដោយបាននាំយកទាំងម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុហើយប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ

image1 img_1153 img_1156 img_1165 img_1167 img_1168


ចែករំលែក៖