រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងថា កម្លាំងទាហានស៊ីរីបានផ្អាកប្រតិបត្តិការសមរភូមិនៅ តំបន់ភាគខាងកើតទីក្រុងអាឡែបប៉ូ (Aleppo) ។ សកម្មភាពនេះ គឺទុកឱកាសឲ្យជនស៊ីវិលដែលជាប់គាំងនៅតំបន់សម រភូមិប្រយុទ្ធនោះនាំគ្នាភៀសខ្លួនចេញ ។ លោក Lavrov អះអាងថា មនុស្សរហូតដល់ ៨.០០០នាក់គួរតែត្រូវភៀសខ្លួន ។
កម្លាំងរដ្ឋាភិបាលស៊ីរីបានដណ្តើមគ្រប់គ្រងវិញប្រមាណ ៧៥ភាគរយ ដែនដីស្ថិតនៅភាគខាងកើតទីក្រុងអាឡែបប៉ូក្នុងសប្តាហ៍ថ្មីៗនេះ។ តំបន់ទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមបះបោរស៊ីរីអស់ រយៈពេល៤ឆ្នាំមកហើយ តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើងមកម្ល៉េះ ។
អ្នករាយការណ៍ព័ត៌មានរបស់ប៊ីប៊ីស៊ីបានបញ្ជាក់ថា អំឡុងពេលនេះ ការប្រយុទ្ធ គ្នានៅភាគខាងកើតទីក្រុងអាឡែបប៉ូ មិនសូវជាខ្លាំងក្លានោះឡើយ។ ប៉ុន្តែទោះ បីយ៉ាងណា គេមិនមានសញ្ញាណាមួយថា អាចបញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុងនោះទេ។
សហរដ្ឋអាមេរិកបានសម្តែងការស្វា គមន៍ចំពោះការបង្ហាញចំណុចមួយវិជ្ជមាន ដែលអាចនឹងកើតឡើង។ ប៉ុន្តែគេរង់ចាំ មើលសិនថា តើវាមានការឆ្លុះបញ្ចាំងពិតប្រាកដដល់កងកម្លាំងទាហានដែរឬទេ? លោក Josh Earnest អ្នកនាំពាក្យរបស់សេតវិមានបានថ្លែងថា យើងបានស្តាប់ដោយប្រុងប្រយ័ត្នបំផុតចំពោះអ្វីដែលរុស្ស៊ីបានលើកឡើង ហើយយើងកំពុងសង្កេតពិនិត្យពិច័យចំពោះសកម្មភាពជាក់ស្តែងរបស់ ពួកគេផងដែរ ។
នៅឯកិច្ចប្រជុំដាច់ដោយឡែកជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសសហភាពអឺរ៉ុប នៅប្រទេសអាល្លឺម៉ង់ លោករដ្ឋមន្ត្រីការ បរទេសរុស្ស៊ី Sergei Lavrov បានថ្លែងថា «ថ្ងៃនេះ ខ្ញុំសូមប្រាប់អ្នកថា ប្រតិបត្តិការ ប្រយុទ្ធដោយកងកម្លាំងទាហានស៊ីរីនៅ ភាគខាងកើតទីក្រុងអាឡែបប៉ូត្រូវបានផ្អាក ក៏ព្រោះតែប្រតិបត្តិការទ្រង់ទ្រាយធំដើម្បី ជម្លៀសជនស៊ីវិលកំពុងប្រព្រឹត្តទៅ» ។
ជាមួយគ្នានេះលោក Lavrov បាន បង្ហើបទៀតថា ក្រុមជំនាញយោធារុស្ស៊ី អាមេរិក អាចនឹងជួបជុំគ្នានៅទីក្រុងហ្សឺណែវ ក្នុងថ្ងៃសៅរ៍ ដើម្បីពិភាក្សាស្វែងរក គន្លឹះឈានដល់បញ្ឈប់អំពើហិង្សាទាំង ស្រុងនៅទីក្រុងអាឡែបប៉ូ។
ស្រ្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូបបានថ្លែងបញ្ជាក់ផងដែរថា លោករដ្ឋមន្ត្រីរុស្ស៊ី Lavrov បានសន្ទនាទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាលើ ការចរចាបញ្ហាឈប់បាញ់ ដើម្បីអនុញ្ញាត ឬទុកឱកាសដល់ក្រុមផ្តល់ជំនួយមនុស្ស ធម៌នាំយកជំនួយជូនដល់ជនស៊ីវិល។ ប៉ុន្តែភាពជាក់ស្តែងគឺអាស្រ័យទៅលើការពិភាក្សាផ្នែកបច្ចេកទេសនៅថ្ងៃសៅរ៍ដែល កំពុងធ្វើកិច្ចការនេះនៅឡើយ ។
ការប្រកាសរបស់រុស្ស៊ីនាពេលនេះ ចំ ពេលដែលជនស៊ីវិលរាប់ពាន់នាក់បាន ភៀសខ្លួនរួចហើយចេញពីតំបន់សមរភូមិ ដោយខ្លួនពួកគេផ្ទាល់ទោះតាមវិធីណាក៏ ដោយ។ ពួកគេមិនអាចរង់ចាំទាល់តែមានការប្រកាសឲ្យភៀសខ្លួនទើបរត់ភៀសខ្លួន នោះទេ ។
ព័ត៌មានស្តីអំពីកម្លាំងយោធាស៊ីរីផ្អាកការវាយប្រហារនេះជាឱកាសល្អដើម្បី ជម្លៀសជនចាស់ជរាបន្ថែមទៀតដែល ជាប់គាំងនៅតាមភូមិឋាននានាគ្រប់គ្រងដោយក្រុមបះបោរស៊ីរី ។
ប៉ុន្តែខណៈការប្រយុទ្ធមានការថយចុះមិនខ្លាំងក្លាក៏ដោយ ក៏គេនៅមិនទាន់ឃើញមានសញ្ញាណាមួយបញ្ឈប់ទាំងស្រុងផងទេ។ ការឈប់ប្រយុទ្ធទាល់តែមានការឯកភាពទាំងសងខាង ប៉ុន្តែមិនទាន់មានសញ្ញានេះនៅឡើយទេ ។
នៅក្នុងសប្តាហ៍នេះផងដែរ ក្រុមបះបោរ ក៏បានអំពាវនាវឲ្យមានបទឈប់បាញ់ ដើម្បីឲ្យជនស៊ីវិលភៀសខ្លួនចេញពីតំបន់សមរភូមិ។ ប៉ុន្តែភាគីទាំងពីរបានដាក់ការសង្ស័យគ្នាថា ភាគីនីមួយៗអាចឆ្លៀតឱកាស នេះវាយប្រហារដើម្បីគ្រប់គ្រងដែនដី បន្ថែមទៀត ។
កាលពីពេលថ្មីៗកន្លងទៅ មេដឹកនាំ ក្រុមប្រឹក្សាក្នុងតំបន់មួយរូបនៅទីក្រុង អាឡែបប៉ូបានព្រមានថា មនុស្សប្រមាណ១៥០.០០០នាក់នៅក្នុងទីក្រុងអាចនឹង បាត់បង់ជីវិត។ លោក Brita Haji Hassan អំឡុងពេលទៅជួបមន្ត្រីអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានថ្លែងថា មនុស្ស៨០០នាក់ត្រូវបានសម្លាប់ និងរហូតដល់៣.៥០០នាក់បានរងរបួសនៅក្នុងទីក្រុងអាឡែបប៉ូក្នុងអំឡុងពេល៤សប្តាហ៍ កន្លងទៅ។
លោកបានថ្លែងថា «យើងទាមទារឲ្យមានសុវត្ថិភាពចំពោះជនស៊ីវិលដែលមានការភៀសខ្លួន និងបញ្ឈប់ការសម្លាប់ការ ទម្លាក់គ្រាប់បែក និងការបង្ហូរឈាម» ។
កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ជន ស៊ីវីលដែលជាមនុស្សអសមត្ថភាព និង មនុស្សចាស់ជរាប្រមាណ១៤៨នាក់បានភៀសខ្លួនពីអតីតលំនៅឋានចាស់ និងទី ក្រុងចាស់របស់ពួកគេ ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះតំបន់ទាំងនោះធ្លាក់ក្នុងការគ្រប់ គ្រងរបស់កងកម្លាំងរដ្ឋាភិបាល ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងអឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរីជាអ្នក ជួយសង្គ្រោះជនភៀសខ្លួនទាំងនេះ។ ពួក គេភាគច្រើនរងរបួស ឬក្នុងស្ថានភាពផ្សេងៗទៀតមិនអាចឲ្យពួកគេធ្វើចលនាបានឡើយ។ ពួកគេជាប់គាំងនៅក្នុងផ្ទះរាប់ សិបថ្ងៃកន្លងមកហើយ ។
ទីក្រុងអាឡែបប៉ូ ជាទីក្រុងមួយធំបំផុត របស់ស៊ីរី។ វាជាតំបន់ពាណិជ្ជកម្ម និង ឧស្សាហកម្មយ៉ាងសំខាន់មុនពេលមាន ការផ្ទុះបះបោរប្រឆាំងប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ក្នុងឆ្នាំ២០១១ ។
ទីនោះបានបែងចែកជាពីរតាំងពីពាក់ កណ្តាលឆ្នាំ២០១២មកម្លេះ។ ប៉ុន្តែកាល ពីឆ្នាំមុននេះ កងទ័ពស៊ីរីបានដណ្តើមគ្រប់គ្រងផ្នែកខ្លះមកវិញ ដោយមានការជ្រោមជ្រែងពីកងទ័ពរុស្ស៊ី និងក្រុមខ្មាន់កាំភ្លើងអុី រ៉ង់ផងដែរ៕ ម៉ែវ សាធី