ភ្នំពេញ ៖ យុវនិស្សិតម្នាក់ដែលចាក់ សម្លាប់ស្ត្រីមន្ត្រីយោធានៅខណ្ឌទួលគោក ត្រូវបានអនុរក្សពន្ធនាគារព្រៃស កាលពី ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នាំមកសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ ។ ក្រោយការសួរដេញដោលតុលាការបានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២១ ខែធ្នូ ខាងមុខនេះវិញ ។ ជនដៃដល់ សារភាពថា មូលហេតុនៃអំពើឃាតកម្ម ដ៏សាហាវនេះ កើតឡើងព្រោះតែខឹងនឹងស្ត្រីរងគ្រោះនៅពេលឃើញមុខគេ(ជនដៃដល់)ចេះតែស្តោះទឹកមាត់រួចបែរមុខចេញ ។
យុវនិស្សិតរូបនេះ ត្រូវបានចោទប្រកាន់ពីឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ ការផ្តន្ទាទោសអស់មួយជីវិត ។
ជនដៃដល់មានឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ ផ្សារដេប៉ទី១ ខណ្ឌទួលគោក ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
ដោយឡែក ជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីយោធា នៅនាយកដ្ឋានយោធាស៊ីវិលនៃក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣២បេ ផ្លូវលេខ១៦២ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
មន្រ្តីនគរបាលខណ្ឌទួលគោកបាន បញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ពីបទឃាតកម្មគិតទុកជាមុនប្រព្រឹត្តនៅ ចំណុចមុខផ្ទះវីងវេរលុយ ពេជ ជូលី ដែល មានទីតាំងផ្ទះលេខ១២ ផ្លូវលេខ២១៩ ក្រុមទី២៣ ភូមិ-សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១០ និង១៥នាទី ។
តាមដំណើររឿងក្រោយពីមានករណីឃាតកម្មខាងលើនេះបានកើតឡើងក្រុម ប្រតិបត្តិការទាំងអស់ បានស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ ដោយប្រើប្រាស់វិធានការជំនាញរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយឈានទៅដល់ការឃាត់ខ្លួន តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ម៉ី គឹមហេង ហៅដំ បានសារភាពថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនពិតបានពិតជាបានប្រើកូនកាំបិតចុងស្រួច ចាក់សម្លាប់ជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប ពិតប្រាកដមែន ដោយផ្តើមចេញ ពីទង្វើរបស់ជនរងគ្រោះបានរើសអើងមើលងាយខ្លួនរាល់ពេលដែលឃើញមុខខ្លួន ពេលណាតែងតែស្តោះទឹកមាត់ និងងាកមុខចេញធ្វើឲ្យខ្លួនមានការគំនុំគុំគួន រហូតដល់ យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ខ្លួន បានរៀបចំគម្រោង ។ លុះព្រឹកឡើងពេលដែលជនរងគ្រោះបានដើរចេញពីផ្ទះទៅ ផ្សារទិញម្ហូប ខ្លួនក៏ជិះម៉ូតូតាម ហើយស្ទាក់ ពីមុខធ្វើសកម្មភាពចាក់ជនរងគ្រោះ បណ្តាលស្លាប់តែម្តង ។
បើតាមមន្រ្តីនគរបាល ក្រោយការចាប់ខ្លួនបានដកហូតវត្ថុតាងរួមមាន កូនកាំបិត ចុងស្រួចដងពណ៌ខ្មៅចំនួន១ ម៉ូតូ១គ្រឿង ម៉ាក Honda Click ពណ៌ខ្មៅ តែម ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN-5664 មួកសុវត្ថិភាពពណ៌ខ្មៅ១ អាវដៃវែងក្រឡាឈើត្រង់ពណ៌ស្វាយលាយខ្មៅមានស្លាក SVR និងខោជើងវែងពណ៌ខ្មៅ១ និងស្បែកជើងខ្សែជំពាមពណ៌ខ្មៅខ្សែពណ៌ក្រហម១គូ ៕ ចេស្តា