ខេត្តកំពង់ធំ៖ សហព័ន្ធកីឡាបេស្បល បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិ នៅទីលាន បឹងសំរឹទ្ធិ ស្ថិតក្នុងឃុំប្រាសាទបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយមានក្រុមកីឡាករចូលរួមចំនួន៥ ក្នុងនោះម្ចាស់មាន៣ក្រុម និងមកពីប្រទេសម៉ាឡេស៊ី និងវៀតណាមចំនួន២ក្រុម ។
ការប្រកួតនេះ មានការអញ្ជើញ ចូលរួមពីសំណាក់ លោកប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោក ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា ។
លោក ញ៉ែម ថាវីប្រធានសហព័ន្ធកីឡា បេស្បលកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាបេស្បលជាលក្ខណៈមិត្តភាពអន្តរជាតិលើកទី១ មានក្រុមចូលរួមកីឡាប្រកួតចំនួន៥ក្រុម ក្នុងនោះ ក្រុមមកពី ប្រទេសម៉ាឡេស៊ីនិងក្រុមមកពីប្រទេសវៀតណាម ចំណែកឯកម្ពុជាមាន ចំនួន៣ក្រុម ក្នុងនោះក្រុមបរទេស នៅស្រុកកម្ពុជាចំនួន២ក្រុម និងក្រុមជម្រើសជាតិកម្ពុជា១ក្រុមផងដែរ។
លោកបានបន្តទៀតថា មូលហេតុដែលសហព័ន្ធបង្កើតឲ្យមានការប្រកួតមិត្តភាពអន្តរជាតិបែបនេះឡើងក្នុងគោលដៅមួយចង់វាស់ស្ទង់កម្រិតបច្ចេកទេសរបស់ជម្រើសជាតិកម្ពុជា និងក្រុមបរទេសដើម្បីវាយតម្លៃពីចំណុចខ្លាំង និងចំណុចខ្សោយ ទៅកង្វះខាតរបស់ក្រុមជម្រើសជាតិក្នុងន័យស្ថាបនាកែលម្អ និងអភិវឌ្ឍន៍បច្ចេកទេសឲ្យបានប្រសើរឡើង ពិសេសចង់បង្ហាញ ពីកីឡាបេស្បលក្មេងៗ ជាថ្នាលរបស់សហព័ន្ធដែលកំពុងទទួលបានការបណ្តុះបណ្តាល នៅក្នុងជុំប្រមូលផ្តុំកីឡាបេស្បលកម្ពុជា និងឲ្យពួកគេទស្សនា ការជាលក្ខណៈមិត្តភាពអន្តរជាតិ ទុកជាបទពិសោធន៍សម្រាប់ការប្រកួតផ្សេងៗ ក្នុងការតៀមលក្ខណៈ ធ្វើម្ចាស់ភ្ទះឆ្នាំ២០២៣ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
លោកបូជុំ សេរី មានប្រសាសន៍ថា ការប្រកួតមិត្តភាពអន្តរជាតិនាពេលនេះ ជាការសាកល្បង សមត្ថភាពបច្ចេកទេសក្នុងការគ្រប់គ្រងរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិធំៗ ដើម្បីវាយតម្លៃ មើលថា តើការរីកចំរើនរបស់ សហព័ន្ធកីឡាបេស្បលកម្ពុជា អាចមានលទ្ធភាពគ្រប់គ្រាន់ឬនៅសម្រាប់ទទួលយកការប្រកួតមិត្តភាពអន្តរជាតិនានា ពិសេសនៅឆ្នាំ ២០២៣ខាងមុខ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ ។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាលំហាត់ត្រៀមមួយ ដើម្បីឈានឆ្ពោះទៅរកការរៀបចំការប្រកួតមិត្តភាពឲ្យបានល្អប្រសើរនាពេលក្រោយផងដែរ ៕ សារីម