ក្រសួងមហាផ្ទៃទួរគី កាលពីថ្ងៃអាទិត្យ បានធ្វើសន្និសីទកាសែតផ្សព្វផ្សាយថា មនុស្សយ៉ាងតិច២៩នាក់បានបាត់បង់ជីវិត និង១៦៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក២លើកកាលពីថ្ងៃទី១០ ខែធ្នូ នៅកណ្តាលទីក្រុងអិស្ទែនប៊ូល ។
ហេតុការណ៍ផ្ទុះគ្រាប់បែកលើកដំបូងមានកម្លាំងខ្លាំង ខណៈបន្ទាប់មកទៀតគ្រាប់បែកធុនតូចបានផ្ទុះឡើងផងដែរនៅអំឡុងម៉ោង១១យប់ ម៉ោងនៅក្នុងតំបន់ ពេលដែលមនុស្សកកកុញទៅចូលរួមទស្សនាការប្រកួតបាល់ទាត់នៅឯពហុកីឡដ្ឋាន Besiktas Vodafone Arena ។ ជនរងគ្រោះភាគច្រើនជាមន្ត្រីមានសមត្ថកិច្ច ។
ការផ្ទុះគ្រាប់បែកទាំង២នេះកើតឡើងនៅទីតាំងមិនឆ្ងាយពីគ្នាប៉ុន្មាននោះឡើយ ។ គ្រាប់បែកទី១ផ្ទុះនៅសួនឧទ្យាន Macka Park រីឯគ្រាប់បែកទី២ ផ្ទុះនៅជិត Arena ។ វាត្រូវបានគេចាត់ទុកថាជាការវាយប្រហារគ្រាប់បែកអត្តឃាត ។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្លែងការណ៍ថា ជាថ្មីម្តងទៀតយើងបានទទួលរងផលអាក្រក់បំផុតដោយសារតែក្រុមភេរវកម្ម យើងនឹងបន្តយកឈ្នះទៅលើក្រមទាំងនេះ អង្គការភេរវកម្ម និងអ្នកដែលនៅពីក្រោយទង្វើទាំងនេះ ។
ជនសង្ស័យ១០នាក់ត្រូវចាប់ឃុំខ្លួនសង្ស័យពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក ។ មិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែនាគ្រាកន្លងមក ក្រុមរដ្ឋអិស្លាម IS និងក្រុមសមាជិកបក្សពលករឃើដ តែងតែជាអ្នកវាយប្រហារ ៕