ភ្នំពេញ៖ កីឡាករ ធាន ពុធ មកពីក្លិបតាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែង និងកីឡាករ ស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង ត្រូវបានដៃគូប្រកួតរបស់ខ្លួន វាយឲ្យបោះបង់ត្រឹមទឹកទី១ និងទឹកទី២ ក្នុងកម្មវិធីជើងឯកTV5 KNOK OUK Series វគ្គទី៤ ខណៈកីឡាករ ២នាក់ផ្សេងទៀត បានបន្តឡើងទៅប្រកួតវគ្គ១៦នាក់ជុំទី២។
ការប្រកួតដ៏ស្វិតស្វាយ រវាងកីឡាករ ធាន ពុធ និងកីឡាករ រឿង ឈី មកពីក្លិបគុហារព្រហ្មខេត្តសៀមរាប ប៉ុន្តែចៃដន្យ ធាន ពុធ មានការធ្វេសប្រហ័សបន្តិចត្រូវ រឿង ឈី ប្រើស្នៀតជើងទាត់ បណ្តាលឲ្យមានអការៈឈឺចាបភ្លាមៗ ត្រូវអាជ្ញាកណ្តាលរាបរហូតដល់២ដង និងលើកទី៣ក៏ត្រូវបញ្ឈប់ ដោយចាត់ទុកធាន ពុធចាញ់ដោយបោះបង់ការប្រកួតត្រឹមចុងទឹកទី១។
ដោយឡែកការប្រកួតរវាងកីឡាករ ស៊ឹម ប៊ុនឆៃ និងកីឡាករ ស៊ឹម សុវណ្ណដេត មកពីក្លិបនិរោធន៍មានជ័យ គឺស៊ឹម ប៊ុនឆៃ ត្រូវបាន ស៊ឹម សុវណ្ណដេត វាយឲ្យបោះបង់ការប្រកួត ត្រឹមទឹកទី២ ដោយស្នៀតកណ្តាប់ដៃ និងជើងទាត់ ។ ជាមួយគ្នានោះដែរ កីឡាករ ប៊ិត ប៊ុនធឿន មកពីក្លិបតាព្រហ្មមានជ័យបានវាយយកឈ្នះកីឡា វៀង សាវ៉ន មកពីគីសែនមានប្ញទ្ធិ អាជ្ញាធរជាតិអាវុធគីមីដោយពិន្ទុ។
គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់៣២នាក់ចូលរួម ចែកចេញជា៤ដំណាក់កាល មានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់៕ សារីម