ភ្នំពេញ៖ អស់រយៈពេល៦ខែហើយ ដែលពាក្យបណ្តឹងរកយុត្តិធម៌រកអ្នកបង្ហោះរូបអាកា្រតកាយរបស់កញ្ញា សុខ ចិន្តា ហៅវ៉ាន់ នីឡានៅមិនទាន់មានពន្លឺនៅឡើយ។ គ្រាដែលនៅថ្ងៃទី១២ ខែធ្នូ មានដីការកោះហៅលើកទី៦ ឲ្យអតីតសង្សានាងចូលទៅបំភ្លឺនៅតុលាការ ។ វ៉ាន់ នីឡា បានបញ្ចេញខ្សែវីដេអូខ្លីដើម្បីបញ្ជាក់ពីជំហរ និងស្នើឲ្យបន្តជួយរកយុត្តិធម៌សម្រាប់រូបនាងជាជនរងគ្រោះ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់បានដឹងនៅឡើយទេថា ចំណាត់ការផ្នែកផ្លូវច្បាប់ចំពោះជននៅពីក្រោយការទម្លាយរូបថតអាក្រាតកាយរបស់តារាចម្រៀងវ៉ាន់នីឡា ជាអ្នកណានៅឡើយ ខណៈដែលសាមីខ្លួននៅបន្តរំពឹងខ្ពស់នៅឡើយថា ច្បាប់នៅកម្ពុជា នឹងរកយុត្តិធម៌សម្រាប់រូបនាង។ វ៉ាន់នីឡាបញ្ជាក់ថា នាងនៅតែទទូចចង់បានយុត្តិធម៌ ខណៈដែលកិត្តិយសនាងត្រូវគេបំផ្លាញដែលនាងស្ទើរតែមិនហ៊ានដើរចេញក្រៅផ្ទះ ។
ថ្លែងក្នុងសារវីដេអូខ្លីរយៈពេលជាង២នាទី តារាស្រីវ័យ២៥ឆ្នាំ រូបនេះបញ្ជាក់ថា នៅវេលាម៉ោង២ នឹង៣០នាទីថ្ងៃទី១២ ខែធ្នូ ដីការកោះហៅលើកទី៦ឲ្យអតីតសង្សានាងគឺលោកកុយ សិទ្ធិស័ក្តិឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមពាក្យបណ្តឹងរបស់នាង។ នាងបញ្ជាក់ដែរថា នឹងនៅតែទន្ទឹងរង់ចាំចំណាត់ការស្វែងរកយុត្តិធម៌សម្រាប់នាងពីសំណាក់មន្ត្រីតុលាការ។ ជាមួយគ្នានេះ នាងបានថ្លែងអំណរគុណចំពោះសមាគមសិល្បៈនានា ក៏ដូចជាទស្សនិកជន ដែលបានជួយលើកទឹកចិត្តសម្រាប់នាងបន្តការស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងផងដែរ។
គួរបញ្ជាក់ដែរថា លោកកុយ សិទ្ធិស័ក្តិ អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្តិ៤កន្លះ ត្រូវជាកូនឧត្តមសេនីយ៍ប៉ូលិសផ្កាយ៣ក្រសួងមហាផ្ទៃ ទទួលរងបណ្តឹងពីសំណាក់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record គឺកញ្ញា វ៉ាន់ នីឡាថា បានទម្លាយរូបថតអាក្រាតកាយជាច្រើនសន្លឹក។
វ៉ាន់ នីឡាបញ្ជាក់កន្លងមកថា បើទោះពីជារងការគំរាមគៀបសង្កត់ឬផ្តល់ប្រាក់ឲ្យនាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់ឬដកពាក្យបណ្តឹងទៅកាន់អ្នកធ្វើឲ្យនាងបាត់បង់កិត្តិយសដែរ ។ នាងរំពឹងថា នឹងទទួលបានការលើកទឹកចិត្តច្រើនពីប្រជាជនខ្មែររស់នៅទីនោះដែលមិនខុសគ្នានឹងប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសកម្ពុជាហើយការប្រឈមមុខនឹងបញ្ហាផ្សេងៗគឺនាងបានត្រៀមខ្លួនរួចជាស្រេចផងដែរ។
បើទោះបីជាមានញតិដែលមានស្នាមមេដៃជាង៣០០របស់សិល្បករត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ដើម្បីឲ្យក្រសួងជួយជំរុញនិតិវិធីនេះយ៉ាងណាក្តីក៏គេនៅមិនទាន់ដឹងនៅឡើយដែរថា តើតុលាការសាដំបូងរាជធានីភ្នំពេញ នឹងធ្វើចំណាត់ការលើកការណីនេះយ៉ាងណានៅឡើយគ្រាដែលដីការកោះហៅជនខាងលើចូលខ្លួនទៅបំភ្លឺមានជាច្រើនលើកច្រើនសារទៅហើយក៏ដោយ ៕ វឌ្ឍនា