ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីហ្វី ប្រកាសសម្រុកឡើងច្រៀង បន្ថយការសម្តែង

ចែករំលែក៖

ភ្នំពេញ៖ ស្រីសម្រស់ស្រស់សោភា ហ្វីហ្វី បានផ្អាកការចេញមុខជាមួយនឹងការសម្តែងច្រើន ខុសពីគ្រាមុនក្រោយពីនាងកំពុងតែមមាញឹកនឹងការងារច្រៀង។ តារាស្រីរូបនេះលើកឡើងដែរថា ឆ្នាំថ្មីនេះ នាងនឹងបន្តសំហំហ្វឹកហាត់ការច្រៀងឲ្យកាន់តែខ្លាំងដើម្បីសម្រុកអាជីពមួយនេះ ដោយនឹងកាត់បន្ថយការសម្តែងខ្សែភាពយន្ត។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងគ្រាដែលតារាស្រីរូបនេះរៀបចំពិធីខួបកំណើតគម្រប់វ័យ២៦ឆ្នាំកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦ នៅក្នុងបរិវេណភោជនីយដ្ឋានពិភពរាត្រីថ្មី ក្រោមវត្តមានមិត្តរួមអាជីពជាច្រើននាក់។ តារាស្រីរូបនេះបញ្ជាក់ថានេះគឺជាលើចុងក្រោយដែលនាងនឹងរៀបចំពិធីខួបកំណើត ព្រោះតែនាងគិតថា នាងធ្វើវាជាញឹកញាប់និងដល់វ័យដែលមិនសាកសមនឹងរៀបចំពិធីនេះ។

អ្វីដែលសំខាន់គឺនាងក៏ប្រកាសពីគម្រោងកាត់បន្ថយការសម្តែងឲ្យកាន់តែច្រើនដើម្បីវាយសម្រុកការច្រៀង ព្រោះតែនាងយល់ថាអាជីពចម្រៀងរបស់នាងកំពុងតែរីកដុះដាលខ្លាំង ហើយក៏អាចស្វែងរកចំណូលបានច្រើនជាងការសម្តែង។ អ្វីដែលសំខាន់ផងដែរនោះ គឺនាងចង់ចាប់អាជីពមួយឲ្យច្បាស់លាស់។ តារាសម្តែងស្រីដែលវិវត្តខ្លួនមកជាតារាចម្រៀងរូបនេះលើកឡើងដែរថា បច្ចុប្បន្ននាងទទួលបានការងារច្រើនទាក់ទិននឹងការច្រៀងដូចជានាងគឺជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានពិភពរាត្រីថ្មី ការច្រៀងក្នុងកម្មវិធីកម្សាន្តចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍នានា និងការច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីធំៗជាច្រើនទៀតនៅតាមបណ្តាខេត្ត។ នាងលើកឡើងដែរថាសម្រាប់រដូវកាលថ្មីនេះនាងទទួលបានការងារច្រើនទាំងពិធីការិនីនិងច្រៀង។ នាងបញ្ជាក់ថា កន្លងមកមានផលិតកម្មមួយចំនួនបានទាក់ទងឲ្យនាងច្រៀងជាតារាចម្រៀងប្រចាំផលិតកម្មរបស់ពួកគេប៉ុន្តែគម្រោងនេះស្ថិតក្នុងការពិចារណានៅឡើយ។ ទោះជាយ៉ាងណានាងមិនបោះបង់ការងារសម្តែងចោលទាំងស្រុងទេនាងនឹងឆ្លៀតសម្រាប់ការងារសម្តែងណាដែលមិនចំណាយពេលច្រើន ហើយម្យ៉ាងនាងក៏មិនចង់ឲ្យអ្នកផលិតកម្មវិធីឬដឹកនាំរឿងត្រូវរងចាំនាងដែរគ្រាដែលនាងត្រូវច្រៀងនៅយប់ជ្រៅជារៀលរាល់ថ្ងៃ។ នាងថាការសម្រាកឲ្យគ្រប់គ្រាន់និងសុខភាពគឺជារឿងសំខាន់ទើបនាងសម្រេចចិត្តមិនទទួលយការសម្តែងដែលប្រើពេលវេលាយូរនោះទេ។

តារាស្រីរូបនេះរំពឹងដែរថា ជម្រើសថ្មីរបស់នាងនឹងធ្វើឲ្យនាងសម្រេចបានគោលដៅបានគឺទាំងប្រជាប្រិយភាព និងប្រាក់ចំណូល ហើយនាងក៏ជឿជាក់ដែរថា នាងអាចធ្វើបាន៕ វឌ្ឍនា

img_5334 img_5350


ចែករំលែក៖