ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នៅអំឡុងសប្តាហ៍ក្រោយនេះ តារាសម្តែង ពេជ្រ អាវីហ្សា នឹងធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តព្រះសីហនុ ដើម្បីឡើងឆ្លើយបំភ្លឺមុខតុលាការ ទាក់ទិននឹងករណីអតីតសង្សាប្រើប្រាស់អំពើហិង្សាមកលើនាង ។
ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីតារាស្រីរូបនេះ បានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតពិធីករអ៊ឹម ជីវ៉ាកាលពីចុងសប្តាហ៍មុននេះ។ ពេជ្រ អាវីហ្សា បញ្ជាក់ទៀតថា សប្តាហ៍ក្រោយតុលាការនឹងហៅនាងទៅចូលបំភ្លឺ ប៉ុន្តែថ្ងៃចូលពិតប្រាកដ មិនទាន់បានដឹងច្បាស់នៅឡើយ ព្រោះដំណឹងនេះ នាងបានដឹងពីសាច់ញាតិសង្សាររបស់នាងប៉ុណ្ណោះ។
អាវីហ្សា ត្រូវបានអតីតគូស្នេហ៍របស់ខ្លួនដែលត្រូវបានគេស្គាល់ថា ជាប្អូនថ្លៃលោកឧកញ៉ាទ្រីភាព ហើយអតីតសង្សាររូបនេះបានវាយឲ្យមានរបួសយ៉ាងធ្ងន់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។ រឿងក្ដីខាងលើ តារាស្រីសាច់សខ្ចីរូបនេះបញ្ជាក់ថា នាងមិនបានប្ដឹងទេ ទាំងបណ្ដឹងព្រហ្មទណ្ឌ ក៏ដូចជាបណ្ដឹងរដ្ឋប្បវេណីទៅអតីតសង្សាររបស់នាង ។ ទោះយ៉ាងណាដោយករណីខាងលើស្ថិតក្នុងបទល្មើសព្រហ្មទណ្ឌ ដូចនេះតាមផ្លូវច្បាប់ ទោះបីជាជនរងគ្រោះមិនប្ដឹង ក៏ព្រះរាជអាជ្ញាមានសិទ្ធិចោទប្រកាន់លើជនល្មើសដែរ ហើយនាងនៅតែបន្តរក្សាជំហរមិនផ្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែនាងស្នើឲ្យមន្ត្រីតុលាការធ្វើចំណាត់ការតាមនិតិវិធី។ ពេជ្រ អាវីហ្សាបញ្ជាក់ថា នាងធ្លាប់ទទួលរងការបង្កហិង្សាដូចគ្នានេះមិនតិចជាង៣លើកទេ ប៉ុន្តែនាងមានតែពាក្យមួយគឺស៊ូទ្រាំ ហើយរហូតមកដល់ពេលនេះ អារម្មណ៍ភ័យខ្លាចនៅមិនទាន់បាត់ទាំងស្រុងនៅឡើយ ហើយរបួសរបស់នាងក៏មិនទាន់ជាសះស្បើយនៅឡើយដែរ។
នាងថា បច្ចុប្បន្នអតីតសង្សារនាងកំពុងតែជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុ រង់ចាំការកាត់ក្ដី។នាងថាតាមពិតនាងពិតជាចង់អហោសិកម្មឲ្យអតីតគូស្នេហ៍អ្វីគ្រប់យ៉ាង ដែលធ្លាប់មានជាមួយគ្នាឲ្យចប់ទាំងអស់កុំឲ្យមានកម្មពៀរជាមួយគ្នាតទៅទៀត។ នាងបញ្ជាក់ថា ថ្ងៃក្រោយបើសង្សាររបស់ខ្លួនទទួលទោសរួចមកសុំជានាជាមួយវិញ ក៏នាងមិនព្រមដែរ គឺសុំបញ្ចប់ត្រឹមនេះតែម្ដង។
ការជួបរបួសទាំងបេះដូង និងរាងកាយនេះបានធ្វើឲ្យពេជ្រ អាវីហ្សាហាក់រៀងចាលនឹងរឿងស្នេហា ជាពិសេសជាមួយបុរសអ្នកមានទ្រព្យ ហើយនាងរំពឹងថាបុរសដែលនាងជួបនៅថ្ងៃមុខនឹងមិនធ្វើឲ្យនាងឈឺចាប់ទៀតនោះទេ។
គួរបញ្ជាក់ដែរថា សាលាដំបូងខេត្តព្រះសីហនុចេញដីកាសម្រេចឃុំខ្លួនលោក គៀង ហេង ប្អូនថ្លៃអ្នកឧកញ៉ាទ្រីភាព និងជាអតីតសង្សារនាងពេជ្រ អាវីហ្សា ដាក់ពន្ធនាគារជាបណ្តោះអាន្ន ហើយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីមហាជន។ សង្សារនាងត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនា ដែលជាបទល្មើសព្រហ្មទណ្ឌ ក្រោយពីបុរសរូបនេះ បានប្រព្រឹត្តិហិង្សាលើសង្សារខ្លួនកាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងក្លឹបកម្សាន្តមួយនាខេត្តព្រះសីហនុ៕ វឌ្ឍនា