ខេត្តបន្ទាយមានជ័យ៖ អាជីវកម្មពុះដីផ្ទះល្វែងរបស់ក្រុមហ៊ុនហ៊ុយឡេងជោគជ័យ នៅលើផ្ទៃដី៦០ហិកតា ស្ថិតនៅក្បែរក្បាលស្ពានបឹងឈូក ជាប់ផ្លូវជាតិលេខ៦ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរចុះទៅបិទអាជីវកម្មជាបណ្តោះអាសន្ន ក្រោយពីអាជ្ញាធរខេត្តស្រាវជ្រាវរកឃើញថា ក្រុមហ៊ុនធ្វើអាជីវកម្មមានភាពមិនប្រក្រតីនៃ ការធ្វើជំនួញដីធ្លីនៅចំណុចខាងលើនោះ ។
អាជ្ញាធររកឃើញធ្វើអាជីកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ, កាយចាក់ដីបិទផ្លូវរំដោះទឹកជំនន់ស្ទឹងម្អាក់ និងពលរដ្ឋប្តឹងក្រុមហ៊ុនកាយយកអាចម៌ដីបណ្តាលឱ្យបាក់ស្រុតផ្លូវធ្វើដំណើរប្រជាពលរដ្ឋនៅចំណីមាត់ស្ទឹងម្អាក់ជាដើមនោះ។ អាជីវកម្មដីធ្លី និងអគារបុរី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ធ្វើឱ្យពលរដ្ឋដែលជាអតិថិជនទៅទិញដីផ្ទះល្វែង រឺអគារត្រូវគេមើលឃើញថា អាចប្រឈមរងគ្រោះជាមួយផ្លូវច្បាប់នៅពេលរដ្ឋរិតបន្តឹងផ្នែកច្បាប់ឱ្យម្ចាស់អគារ និងម្ចាស់ដី ងាកទៅធ្វើច្បាប់ទម្លាប់អនុវត្តតាមរបបបង់ពន្ធចូលរដ្ឋ។ បញ្ហានោះហើយបង្កឱ្យមានភាពប្រឈមស្មុគស្មាញសម្រាប់ ក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្តធ្វើការដោះស្រាយជាមួយពលរដ្ឋនៅពេលថៅកែ រឺម្ចាស់ក្រុមហ៊ុនដោះដៃមិនទទួលការខុសត្រូវ។ ការធ្វើអាជីវកម្មពុះដីផ្ទះល្វែង និងការសាងសង់អគារបុរីនៅខេត្តបន្ទាយមានជ័យគ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា អាជីវកម្ម សំណង់បុរី ពុះដីល្វែង មួយចំនួន នៅក្រុងប៉ោយប៉ែត និងនៅក្រុងសិរីសោភ័ណ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ បញ្ហានោះហើយធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលពន្ធរដ្ឋយ៉ាងធ្ងន់។ ខណៈដែលការរិតបន្តឹងរបស់រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ជម្រុញឱ្យមានការសាងស់ង់អគារ បុរី កាស៊ីណូ ផ្ទះល្វែង ស្ថានីយ៍ប្រេងឥន្ធនៈ តម្រូវឱ្យម្ចាស់រឺក្រុមហ៊ុនកសាងឱ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ។
ការចុះផ្អាក់អាជីវកម្មនៃការធ្វើជំនួញដីធ្លីរបស់ក្រុមហ៊ុន ហ៊ុយ ឡេង នៅចំណុចខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថានៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ថា អាជ្ញាធរខេត្តចុះទៅពិនិត្យទីតាំងជាក់ស្តែង មិនបានជួបប្រធានក្រុមហ៊ុននោះទេ គ្រាន់តែជួបខាងតំណាងក្រុមហ៊ុនប៉ុណ្ណោះ។អាជ្ញាធរខេត្តក៏បានធ្វើលិខិតអញ្ជើញឱ្យប្រធានក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយ ឱ្យងាកមកធ្វើច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ និងឱ្យធ្វើ ការកែសម្រួលឡើងវិញតាមការងារបច្ចេកទេស ដូចជាតាមគម្រោងប្លង់ពាក់ព័ន្ធបរិស្ថាន អូរប្រឡាយ ចំណីផ្លូវ និងឱ្យសិក្សាគម្រោងប្លង់ឱ្យបានច្បាស់លាស់ ដើម្បីដាក់ឆ្លងគណៈកម្មការ ខេត្តជាអ្នកត្រួតពិនិត្យនិងសម្រេច។
លោក លី សារី អភិបាលរងខេត្តបញ្ជាក់ឱ្យដឹងទៀតថា មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ប្រធានក្រុមហ៊ុនហ៊ុយឡេង ជោគជ័យ មិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយនោះទេ។កិច្ចការងារនេះអាជ្ញាធរខេត្តក៏បានធ្វើការគាំទ្រដល់ក្រុមហ៊ុនដែលបានមកដាក់ទុនវិនិយោគសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសជាតិ អាជ្ញាធរគ្រាន់តែចង់ឱ្យក្រុមហ៊ុនមានការអភិវឌ្ឍអនុវត្ត តាមគោលការច្បាប់ឱ្យបានច្បាស់លាស់ដើម្បីបញ្ចៀសបញ្ហាប្រឈមនៅថ្ងៃក្រោយ។
ជុំវិញបញ្ហាខាងលើ អ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅប្រធានក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ ដើម្បីឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទង់បាននោះឡើយ។
សូមបញ្ជាក់ថា ការធ្វើអាជីវកម្មដីធ្លី ពុះដីផ្ទះល្វែង សាងសង់អគារបុរី និងកសាងផ្សារ សម្រាប់ធ្វើអាជីវកម្មដីធ្លី នៅខេត្តបន្ទាយមានជ័យ ក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវគេមើលឃើញថាមានការីកដុះដាលយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែសេចក្តីរាយការណ៍ឱ្យដឹងថា អាជីវកម្មដីធ្លី អគារបុរី សំណង់ផ្សារ មួយចំនួនត្រូវគេរាយការណ៍ឱ្យដឹងថាមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវនៅឡើយទេទាំងច្បាប់សាងសង់ និងច្បាប់អាជីវកម្ម ជាហេតុធ្វើឱ្យរដ្ឋខាតបង់ប្រាក់ពន្ធចំណូល។ អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធគួរណាស់ត្រូវចុះត្រួតពិនិត្យនៃការធ្វើអាជីកម្មនោះឡើងវិញ ដើម្បីបញ្ចៀសបញ្ហាប្រឈមនៃការតវ៉ារបស់ប្រជាពលដ្ឋដែលមិនដឹងនាំគ្នាទៅទិញដី និងអគារ គ្មានច្បាប់ ជាហេតុធ្វើឱ្យពលរដ្ឋមានការខាតបង់ និងប្រឈមជាមួយផ្លូវច្បាប់នោះផងទៀត ៕ សំ វិច្ឆិកា