ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ហ្វីលីពីន ព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្មដើម្បីទប់ស្កាត់ប្រឆាំងបទល្មើសនានា

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា-ហ្វីលីពីនបានព្រម ព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្មនានា ដើម្បីទប់ស្កាត់ប្រឆាំងបទល្មើស ជាពិសេស បទល្មើសឧក្រិដ្ឋ និងបទល្មើសគ្រឿងញៀន នៅក្នុងជំនួបពិភាក្សានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោក នេត សាវឿន អគ្គស្នងការ នគរបាលជាតិកម្ពុជា ជាមួយ លោក Ronald De La Rosa អគ្គស្នងការនគរបាលជាតិ ហ្វីលីពីន ដែលលោកបានអញ្ជើញអម ដំណើរ ក្នុងដំណើរទស្សនកិច្ចរបស់ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា ។

នៅក្នុងជំនួបពិភាក្សានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នឹងអគ្គស្នងការដ្ឋាននគរបាលជាតិហ្វីលីពីនកន្លង មក ។ លោកក៏បានកោតសរសើរដល់ភាគីហ្វីលីពីនដែលតែងតែផ្លាស់ប្តូរព័ត៌មាន និង បទពិសោធន៍ជាមួយភាគីនគរបាលជាតិ កម្ពុជាផងដែរ ។

ក្នុងនោះដែរ ភាគីទាំងពីរក៏បានព្រម ព្រៀងគ្នា ក្នុងការផ្លាស់ប្តូរមន្រ្តីជំនាញដើម្បីសិក្សាឈ្វេងយល់បទពិសោធន៍នូវយុទ្ធ សាស្រ្តក្នុងការបង្រ្កាបបទឧក្រិដ្ឋ ពិសេស បទល្មើសគ្រឿងញៀន ដែលអាចមានថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដឹកនាំប្រតិភូទៅសិក្សា នៅហ្វីលីពីន ក៏ដូចជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាល ជាតិហ្វីលីពីនមកសិក្សានៅកម្ពុជា ដើម្បី ផ្លាស់ប្តូរនិងចែករំលែក នូវបទពិសោធន៍ ល្អៗ ពីគ្នាពាក់ព័ន្ធទៅនឹងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននិងបទឧក្រិដ្ឋផងដែរ ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពិនិត្យលើលទ្ធភាព ក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាមួយ (MOU) រវាងអគ្គស្នងការដ្ឋាននគរបាល ជាតិកម្ពុជា នឹងអគ្គស្នងការដ្ឋាននគរបាលជាតិហ្វីលីពីន ដែលអនុស្សរណៈនេះនឹង ផ្តល់ឱកាសក៏ដូចជាភាពងាយស្រួលក្នុងការអនុវត្តការងារការផ្លាស់ប្តូរព័ត៌មាន និង ធ្វើឲ្យការអនុវត្តច្បាប់រវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពជាងមុន ៕ ហេង សូរិយា

as as-1


ចែករំលែក៖