ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែត៣៤៨នាក់ត្រូវចាប់ឃុំខ្លួនក្នុងឆ្នាំ២០១៦នៅជុំវិញពិភពលោក

ចែករំលែក៖

តាមរបាយការណ៍ទួរគីជាប្រទេសដែល បានចាប់អ្នកកាសែតដាក់គុកច្រើនជាងគេក្នុងឆ្នាំ២០១៦ ពិសេសតាំងពីក្រោយរដ្ឋ ប្រហារយោធាមិនបានសម្រេចក្នុងខែកក្កដា។ ក្រៅពីប្រទេសទួរគី ចិន អុីរ៉ង់ និងអេហ្ស៊ីបបូកបញ្ចូលគ្នាបានស្រូបយក២ភាគ៣នៃ ចំនួនអ្នកកាសែតសរុបទាំង៣៤៨នាក់ក្នុងលោកដែលកំពុងជាប់ក្នុងពន្ធនាគារ។ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះបានជាអង្គការអ្នកយកការណ៍គ្មាន ព្រំដែនបានឆ្លៀត ឱកាសទាមទារឲ្យបង្កើតប្រេសិតពិសេសមួយនៅអង្គការសហប្រជាជាតិដើម្បីការពារសន្តិសុខ និងសុវត្ថិភាពអ្នកកាសែត។

នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦ អង្គការអ្នកយកការណ៍គ្មានព្រំដែន (Reporters sans frontières) បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៦ ស្តីពីស្ថាន ភាពអ្នកកាសែតក្នុងលោក។ របាយការណ៍ បានប្រាប់ឲ្យដឹងថា ចំនួនអ្នកកាសែតដែលត្រូវបានចាប់ឃុំខ្លួនក្នុងឆ្នាំ២០១៦ មានការ កើនឡើង បើធៀបនឹងឆ្នាំ២០១៥។ ទួរគីត្រូវបានអង្គការអ្នកយកការណ៍គ្មានព្រំដែន ចាត់ទុកជាប្រទេសដែលមានការចាប់អ្នកកាសែតដាក់គុកច្រើនជាងគេ។

គិតត្រឹមថ្ងៃនេះមានអ្នកកាសែតសរុប រួមទាំងអ្នកសរសេរក្នុងប្លុកចំនួន៣៤៨នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅទូទាំងពិភពលោក ពោលគឺមានការកើនឡើងចំនួន ៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ក្នុងរយៈ ពេលដូចគ្នា។ តែបើគិតតែអ្នកកាសែត ដែលមានជំនាញវិជ្ជាជីវៈវិញ ចំនួនអ្នក ជាប់ឃុំឃាំងបានកើនរហូតដល់ទៅ២២ភាគរយនេះជាការបញ្ជាក់របស់អង្គការអ្នកយកការណ៍គ្មានព្រំដែននៅក្នុងរបាយការណ៍ ឆ្នាំ២០១៦ របស់ខ្លួន។ ចំនួនស្រ្តីអ្នកកាសែត ជាប់ឃុំក្នុងឆ្នាំ២០១៦ មានការកើនឡើង៤ដងបើធៀបនឹងឆ្នាំ២០១៥ ពោលគឺពី៥ នាក់ទៅ២១នាក់។

ដោយឡែករបាយការណ៍ឆ្នាំ២០១៦ របស់អង្គការអ្នកយកការណ៍គ្មានព្រំដែនបានកត់សម្គាល់ឃើញថា ចំនួនអ្នកកាសែត ជាប់ជាចំណាប់ខ្មាំងក្នុងឆ្នាំ២០១៦ មាន ការធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០១៥ ពោល គឺពី៦១នាក់មកនៅត្រឹម៥២នាក់។ ឆ្នាំ ២០១៦ ចំនួនអ្នកកាសែតជាប់ជាចំណាប់ខ្មាំងមានតែនៅក្នុងតំបន់មជ្ឈិមបូព៌ា ពិសេស នៅស៊ីរី យេមែន និងនៅអុីរ៉ាក់។ នៅស៊ីរី និងនៅអុីរ៉ាក់មានអ្នកកាសែតចំនួន២១នាក់ កំពុងស្ថិតក្នុងដៃអង្គការរដ្ឋអ៊ិស្លាម៕ ម៉ែវ សាធី

បាតុកម្មនៅទួរគីទាមទារដោះលែងអ្នកកាសែត នាពេលកន្លងមក

បាតុកម្មនៅទួរគីទាមទារដោះលែងអ្នកកាសែត នាពេលកន្លងមក


ចែករំលែក៖