ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់មានស្វាមីជាជនជាតិថៃត្រូវបានគេប្រទះឃើញស្លាប់ អាក្រាតកាយយ៉ាងអាណោចអាធ័មនៅក្នុង ទឹកអូរក្បែរព្រំដែនកម្ពុជា-ថៃប្រមាណជា២ ថ្ងៃមកហើយបន្ទាប់ពីស្ត្រីរងគ្រោះនិងស្វាមី ទើបនឹងត្រឡប់មកពីលេងម្តាយនៅទឹកដីកម្ពុជា ។
សាកសពស្ត្រីរងគ្រោះត្រូវបានគេប្រទះ ឃើញកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៧និង៥០នាទីព្រឹក ខណៈដែល បុរសម្នាក់ឈ្មោះ ធីរៈសាក់ ធៀបប៉ាក់ធុំ អាយុ៣០ឆ្នាំ រស់នៅក្នុងតំបន់ភូណាំកៀង ក្នុងភូមិ៩ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ ប្រទេសថៃបានចេញទៅ មើលចម្ការដំឡូងរបស់ខ្លួន ។ សាកសព អណ្តែតក្នុងទឹកអូរដោយមានភិនភាគមិនមានស្លៀកខោពាក់អាវដៃវែងពណ៌ក្រហម អណ្តែតផ្កាប់មុខ ។
ក្រោយពីប្រទះឃើញបុរសខាងលើបាន រាយការណ៍ទៅសមត្ថកិច្ចនៅក្នុងតំបន់នោះដើម្បីចុះត្រួតពិនិត្យដែលស្ត្រីរងគ្រោះឈ្មោះ ដា អាយុ៤៧ឆ្នាំ រស់នៅក្នុងតំបន់ ខាងលើ មានស្វាមីជាជនជាតិថៃឈ្មោះ សុំផន គុំសាវ៉ាត់ អាយុ៤៦ឆ្នាំ ។
ករណីនេះត្រូវបានក្រុមតម្រួតថៃចុះ ត្រួតពិនិត្យទៅលើសពដើម្បីចង់ដឹងថា ករណី ស្លាប់របស់ស្ត្រីរងគ្រោះជាករណីអ្វី ប៉ុន្តែនៅមិនទាន់រកឃើញស្លាកស្នាមនោះឡើយ ហើយក៏បាននាំបុរសជាស្វាមីទៅសាកសួរនៅក្នុងស្ថានីយតម្រួតថៃនៅស្រុកអារញ្ញប្រាក់ថេត ។
ប្តីស្ត្រីរងគ្រោះបានរៀបរាប់ថា នៅមុនកើតហេតុ២ថ្ងៃខ្លួនជាមួយនឹងភរិយាបាននាំគ្នាឆ្លងដែនតាមច្រកប៉ោយប៉ែតទៅលេង ម្តាយរបស់នាងនៅក្នុងទឹកដីខ្មែរដោយបាន នាំគ្នាផឹកស្រាលេងជាមួយនឹងអ្នកភូមិផង។ លុះនៅពេលត្រឡប់មកដល់ខាងទឹកដីថៃ វិញខ្លួនក៏បានទិញស្រាផឹកបន្ថែមទើបនាំគ្នាវិលត្រឡប់ទៅដល់ផ្ទះវិញ ប៉ុន្តែនៅតាមផ្លូវភរិយាគាត់បានសុំចុះទៅមុជទឹកលេងក្នុង អូរតាមផ្លូវតែម្នាក់ឯង។ រីឯខ្លួនបានធ្វើ ដំណើរទៅសម្រាកនៅផ្ទះលង់លក់ទៅ ដោយសារស្រវឹងខ្លាំងហើយក្រោយពីដឹងខ្លួនគឺមិនឃើញភរិយាទើបមានការភ្ញាក់ ផ្អើល និងតាមរកគ្រប់ទីកន្លែងនៅតែរកមិនឃើញ ។
បច្ចុប្បន្នក្រុមតម្រួតនៅតែបន្តការសាកសួរបុរសជាស្វាមី ព្រមទាំងបានបើកការ ស៊ើបអង្កេតបន្ត។ ព្រោះបើផ្អែកទៅលើ សំដីរបស់អ្នកភូមិឲ្យដឹងថា ស្ត្រីរងគ្រោះជាមនុស្សចេះហែលទឹកមិនសមនឹងស្លាប់នៅក្នុងទឹកបែបនេះ។ ម្យ៉ាងចម្លើយប្តីស្ត្រីរងគ្រោះដូចជាមិនស៊ីចង្វាក់ទេដូចជាមាន អាថ៌កំបាំងអ្វីម្យ៉ាង ៕ សហការី