ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ The 1st Cambodia Beer Volleyball League ឆ្នាំ២០១៧ដែលចាប់ដំណើរការប្រកួតជាផ្លូវការពីថ្ងៃទី៨ ខែមករា ហើយបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ដូច្នេះសូមសមាគមក្លិបបាល់ទះទាំងអស់មកដាក់ពាក្យសុំចូលរួមប្រកួតនៅទីស្នាក់ការសហព័ន្ធជារៀងរាល់ម៉ោងធ្វើការ ។
លោក បឹង គឹមតោ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យដឹងថា ក្រុមដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះមានចំនួន៧ក្រុមក្នុងនោះមានដូចជាវិសាខា,កងពលធំអន្តរាគមន៍លេខ៣ខេត្តកំពង់ចាមក្រសួងមហាផ្ទៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង, ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជា ការដ្ឋានអង្គរក្ស ហើយការប្រកួតនេះប្រព្រឹត្ដ ទៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ។ ទីលានប្រកួតនៅខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តបាត់ដំបង និងវិមានពហុកីឡដ្ឋានជាតិរាជធានីភ្នំ ពេញ ។ ជាមួយគ្នានេះដែរ លោកក៏បាន អំពាវនាវឲ្យក្រុមបាល់ទះខាងលើមកដាក់ពាក្យចូលរួមប្រកួត ព្រោះសហព័ន្ធចាប់ ទទួលពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៦។ក្រុមខាងលើត្រូវមក ទំនាក់ទំនងនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ម្យ៉ាងទៀតក្រុមទាំងអស់ត្រូវតែចូលរួមសន្និសីទសារព័ត៌មាន និង ចាប់ឆ្នោតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារណាហ្គាវឺល (Naga World Hotel) វេលាម៉ោង១៤និង៣០នាទី ។
ចំពោះព័ត៌មានលម្អិតផ្សេងៗសូមទំនាក់ទំនងនៅលេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទះកម្ពុជា (ពហុកីឡដ្ឋានជាតិ) រៀង រាល់ម៉ោងធ្វើការឬតាមទូរស័ព្ទលេខ ០១២ ៧៩៨ ៥០៤/០១៦ ៩៥៨ ៥៥៧ ៕ សារីម