ព័ត៌មានទាន់ហេតុការណ៍៖

មិត្តភក្តិប្រធានាធិបតីកូរ៉េខាងត្បូងអាចជាប់គុក១៥ឆ្នាំ

ចែករំលែក៖

កាលពីថ្ងៃទី១២ ខែធ្នូ តុលាការទីក្រុងសេអ៊ូលបានចាប់ផ្តើមកាត់ក្តីលោកស្រី Choi Soon Sil ដែលជាបុគ្គលស្ថិតនៅក្នុង វិវាទនយោបាយនៅកូរ៉េខាងត្បូងធ្វើឲ្យ មន្ត្រីជាច្រើនត្រូវលាលែងចេញពីតំណែង និងមានមហាបាតុកម្មកើតឡើង។

សារព័ត៌មាន AFP បានផ្សាយថា តុលាការទីក្រុងសេអ៊ូលនៅថ្ងៃនេះបានលាត ត្រដាងបង្ហាញខ្លួនជាលើកដំបូងអំពីបុគ្គលដែលជាប់ចោទនៅក្នុងរឿងក្តីនយោបាយប្រទេសនេះគឺលោកស្រី Choi Soon Sil ដែលបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែតុលា កន្លងមកដោយចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយប្រធានាធិបតី ផាក គឿនហេ។

សូមបញ្ជាក់ផងដែរថា លោកស្រី Choi រងការចោទប្រកាន់ថាបានប្រើប្រាស់ទំនាក់ ទំនងដ៏ល្អជាមួយប្រធានាធិបតី ផាក គឿន ហេ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ ខ្លួន។ អាស្រ័យលើទំនាក់ទំនងនោះជិតស្និទ្ធ លោកស្រី Choi ទទួលបានជំនួយ៦៥លាន ដុល្លារសម្រាប់អង្គការពីរដែលលោកស្រី បង្កើតឡើង។

នៅក្នុងតុលាការនោះដែរក្រៅពីលោកស្រី Choi នៅមានទីប្រឹក្សាពីររូបទៀតរបស់ ប្រធានាធិបតីក៏ត្រូវឡើងទៅកាន់តុលាការដើម្បីចោទសួរពីបទប្រើប្រាស់អំណាចដើម្បី ផលប្រយោជន៍។
អ្នកនាំពាក្យតុលាការលោក Shin Jae Hwan បានឲ្យដឹងថាលោកស្រី Choi រងការ ចោទប្រកាន់ពីការប្រើប្រាស់អំណាចដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួនកែងប្រវ័ញ្ច ហើយបើត្រូវកាត់ទោសនោះនឹងជាប់ពន្ធនាគារយ៉ាងតិច១៥ឆ្នាំ។

កាលពីសប្តាហ៍កន្លងមកក្រោយពេលសភាកូរ៉េខាងត្បូងអនុម័តបោះឆ្នោតផ្តន្ទាទោសប្រធានាធិបតីដោយមានសំឡេងគាំទ្រ រហូតដល់ទៅ២៣៤សំឡេង។ ជាមួយនឹងការសម្រេចនោះតំណែងប្រធានាធិបតី របស់លោកស្រី ផាក គឿនហេ ត្រូវបាន ផ្អាកបណ្តោះអាសន្ន។ បច្ចុប្បន្ននាយក រដ្ឋមន្ត្រី Hwang Kyo Ahn ជំនួសតំណែង លោកស្រី ផាក គឿនហេ ដឹកនាំកូរ៉េខាង ត្បូងជាបន្តទៀត។

រដ្ឋសភាកូរ៉េខាងត្បូងបានបោះឆ្នោត សម្រេចដកហូតតំណែងលោកស្រីប្រធានាធិបតី ផាក គឿនហេ ដោយចោទពីបទ រំលោភលើរដ្ឋធម្មនុញ្ញ រួមជាមួយនឹងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ដូចជាការ ចូលរួមផ្សមគំនិតប្រព្រឹត្តិអំពើពុករលួយ ជាដើម។ ការសម្រេចដកហូតតំណែង ប្រធានាធិបតីពីសំណាក់សមាជិកសភានេះត្រូវយកទៅឆ្លងកាត់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងដើម្បីសម្រេចជាចុង ក្រោយ។ ដោយឡែកមេធាវីការពារលោក ស្រី ផាក គឿនហេ បានចាត់ទុកថា ការ បោះឆ្នោតដកហូតតំណែងដែលរដ្ឋសភាបានធ្វើគឺជារឿងមិនសមហេតុផល ហើយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។

វាសនាតំណែងប្រធានាធិបតីរបស់លោកស្រី ផាក គឿនហេ នៅពេលនេះគឺត្រូវរំពឹងទាំងស្រុងទៅលើក្រុមប្រឹក្សារដ្ឋ ធម្មនុញ្ញរបស់កូរ៉េខាងត្បូងដែលជាស្ថាប័នកំពូល។ ក្រុមប្រឹក្សានេះ មានពេល១៨០ថ្ងៃ ដើម្បីប្រជុំសម្រេច និងបើកសវនាការពិនិត្យ ទៅលើការសម្រេចបោះឆ្នោតរបស់រដ្ឋសភា ដែលបានដកហូតតំណែងលោកស្រី ផាក គឿនហេ។

លោក Lee Joong-Hwan មេធាវីការ ពារក្តីរបស់លោកស្រី ផាក គឿនហេ បាន អះអាងប្រាប់អ្នកកាសែតថា លោកបាន ដាក់ជូនឯកសារចំនួន២៤ទំព័រទៅកាន់ ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងឯកសារនេះ លោកបានរៀបរាប់អំពីចំណុចមិនប្រក្រតីទាំងអស់ដែលទាក់ទងនឹងនីតិវិធីបោះឆ្នោត ដកហូតតំណែងលោកស្រី ផាក គឿនហេ ដែលសភាបានធ្វើកាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅ។ សម្រាប់លោកវាជារឿងដែល មិនអាចទទួលយកបានទេដែលគេចោទថាលោកស្រីប្រធានាធិបតីបានរំលោភរដ្ឋធម្មនុញ្ញ។ រដ្ឋសភាពុំមានអំណះអំណាង និង មូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីចោទប្រកាន់ លោកស្រី ផាក គឿនហេ ស្តីពីបទល្មើស ទាំងអស់នោះទេ។ អ្វីៗគឺគ្រាន់តែជាការ សង្ស័យតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី មួយហើយក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលប្រធានាធិបតីកំពុងកាន់តំណែង តែត្រូវបានតុលាការចាត់ទុកថាជាជនសង្ស័យ ក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើនករណី។ ក្រៅពីករណីចូលរួមផ្សមគំនិតប្រព្រឹត្តអំពើពុករលួយប្រើប្រាស់អំណាចបុណ្យស័ក្តិ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនលោកស្រី ផាក គៀនហេ ត្រូវបានគេចោទ ប្រកាន់ទៀតថា បានយកកិច្ចការដឹកនាំ ប្រទេសជាតិទៅឲ្យអ្នកដទៃសម្រេចទាំង មនុស្សនោះគ្មានមុខតំណែងអ្វីសោះ។

មនុស្សនោះគឺលោកស្រី ឆយ ស៊ុន ស៊ីល ដែលត្រូវពាក្យចចាមអារ៉ាមចោទថាជាមនុស្សចេះប្រើស្នេហ៍អន្ទងស្មារតីរបស់លោកស្រី ផាក គឿនហេ។ តាមការសង្ស័យ សុន្ទរកថារបស់លោកស្រី ផាក គឿនហេ គឺលោកស្រី ឆយ ស៊ុនស៊ីល ជាអ្នកសរសេរ ហើយមិនត្រឹមតែប៉ុណ្ណោះ រាល់កិច្ចការធំៗឬការសម្រេចតែងតាំងរដ្ឋមន្ត្រីណាមួយលោកស្រី ផាក គឿនហេ ត្រូវតែសួរយោបល់ មនុស្សឈ្មោះ ឆយ ស៊ុនស៊ីល នេះជា ដាច់ខាត។

កាលពីដើមសប្តាហ៍កន្លងទៅក្រុមស៊ើប អង្កេតឯករាជ្យក្នុងសំណុំរឿងនេះបាន ព្យាយាមចុះទៅឆែកឆេរបន្ទប់ធ្វើការរបស់លោកស្រី ផាក គឿនហេ នៅវិមានប្រធានា ធិបតី ក៏ប៉ុន្តែត្រូវបានគេបដិសេធដោយ សំអាងទៅលើ រដ្ឋធម្មនុញ្ញ ដែលការពារ កិច្ចការសម្ងាត់របស់រដ្ឋ។ យ៉ាងណាក៏ ដោយក្រុមការងារស៊ើបអង្កេតកំពុងតែរកមធ្យោបាយផ្លូវច្បាប់ដើម្បីចូលទៅឆែកឆេរ ក្នុងបន្ទប់ធ្វើការរបស់លោកស្រី ផាក គឿន ហេ ឲ្យទាល់តែបាន ហើយគេនឹងកោះហៅលោកស្រីមកសួរចម្លើយទៀតផង៕ ម៉ែវ សាធី

Choi Soon-sil arrives for her first court hearing in Seoul


ចែករំលែក៖