ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបើកបុករថយន្តហាយឡែនឌ័រពីចំហៀងខ្ទាតទៅប៉ះរ៉ឺម៉កម៉ូតូបណ្ដាលឲ្យក្រឡាប់ ២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន និងជែងរ៉ឺម៉កម៉ូតូនៅពីមុខផុតបន្តិច ក៏ជ្រុលទៅបុកជាមួយរថយន្តហាយឡែនឌ័រ ដែលបើកបញ្ច្រាសគ្នា ចំប្រឆិតពីចំហៀងដូចគ្នា បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើងឡើងលើបណ្ដាលឲ្យប្ដីប្រពន្ឋទាំងពីរនាក់ម្ចាស់រ៉ឺម៉កម៉ូតូនោះរងរបួសធ្ងន់ ។

ហេតុការណ៍មួយនេះ បានបង្កឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែងតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W.2590 ដែលបើកបរដោយបុរសម្នាក់មិនស្គាលអត្តសញ្ញាណ បានបើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកជែងរ៉ឺម៉កម៉ូតូរងគ្រោះមួយគ្រឿងនៅពីមុខ ដែលបើកដោយប្ដីប្រពន្ឋ២នាក់ ហើយរថយន្តបង្កក៏បានវ៉ាផុតបន្តិច រួចជ្រុលទៅបុកជាមួយរថយន្តរងគ្រោះម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K.0402 បើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាសគ្នា ត្រូវបានរថយន្តបង្កម៉ាកកាមរីបាឡែនបុកចំប្រឆិតពីមុខចំហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡែនឌ័ររេចង្កូតចូលផ្លូវបញ្ច្រាស់ជ្រុលទៅបុករ៉ឺម៉កម៉ូតូដែលបើកពីក្រោយរថយន្តបង្កបន្ថែមទៀត បណ្ដាលឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើងឡើងលើ និងធ្វើឲ្យប្ដីប្រពន្ឋទាំងពីរនាក់នោះរងរបួសយ៉ាងធ្ងន់ ចំណែករថយន្តទាំងពីរគ្រឿងបានដាច់កាងមុខ និងកាឡែកង់មុខក្រោយ រងការខូចខាតយ៉ាងដំណំ តែម្ចាស់រថយន្តទាំងពីរគ្រឿងសំណាងល្អមិនរងរបួស។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់ ចំណែកជនរងគ្រោះប្ដីប្រពន្ឋទាំងពីរនាក់ដែលម្ចាស់រ៉ឺម៉កម៉ូតូត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យឯកជនសង្គ្រោះភ្លាមៗ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកសម្របសម្រួលចរាចរណ៍ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង និងរ៉ឺម៉កម៉ូតូស្ទួចយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់សាមីខ្លួនចូលមកដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ

img_4006 img_4012 img_4016 img_4028 img_4029


ចែករំលែក៖