ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Horinouchiឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ។
ជំនួបពិភាក្សានេះ បានធ្វើឡើងក្នុងគោលដៅជំរុញប្រភេទកីឡាមួយចំនួន ដែលជប៉ុនត្រៀមដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំ២០២០ ។ ជាមួយក្នុងនោះ ឯកអគ្គរាជទូតជប៉ុន បានសន្យាថា នឹងជួយជំរុញឲ្យវិស័យកីឡាការ៉ាតេដូកម្ពុជា បានចូលរួមកីឡាអូឡាំពិកនៅជប៉ុន។ នេះបើយោងតាមលោក វ៉ាត់ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងក្រោយជំនួបពិភាក្សាការងាររបស់លោករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូតជប៉ុននោះ។
លោក បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សា និងពង្រឹងការងារកីឡាមួយចំនួនដែលប្រទេសជប៉ុនមាននៅក្នុងប្រទេសកម្ពុជានោះលោក Horinouchiប្រទេសជប៉ុនបានដាក់ចេញនូវវិធានការកម្មវិធីកីឡាអភិវឌ្ឍវិស័យកីឡាសម្រាប់អនាគត ហើយកម្មវិធីនេះ ជាគម្រោងរបស់តូក្យូអូឡាំពិក ឆ្នាំ២០២០ ដែលមានកញ្ចប់ថវិកាអភិវឌ្ឍគ្រប់វិស័យកីឡារបស់ជប៉ុនដល់ប្រទេស ដែលកំពុងអភិវឌ្ឍពិសេសគឺវិស័យកីឡាការ៉ាតេដូនៅប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះ បានជំរុញកីឡាប្រពៃណីរបស់ជប៉ុនដែលមាននូវកម្ពុជាដើម្បីឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើង ។ ក្នុងជំនួបនោះដែរ ភាគីទាំង២បានផ្តោតសំខាន់លើការអភិវឌ្ឍវិស័យកីឡាការ៉ាតេដូ ដែលជាប្រភេទកីឡាថ្មីបានដាក់ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន៕ សារីម