ភ្នំពេញ៖ លោក រ័ត្ន សាខន ប្រធានសហព័ន្ធកីឡាវ៉ូវៀតណាម បានឲ្យដឹងថា កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវៀតណាមជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើក៤ នៅលើទឹកដីខេត្តសៀមរាម ដែលគ្រោងដំណើរការប្រកួតពីថៃ្ង ទី១១ ដល់ថៃ្ងទី១៤ ខែមករា ឆ្នាំ២០១៧ ។
លោក រត្ន័សាខន ប្រធានសហព័ន្ធមានប្រសាសន៍ថា កីឡាករកីឡាការិនីគ្រូបង្ហឹកនិងអគ្គលេខាធិការសហព័ន្ធ ត្រូវពង្រឹងបច្ចេកទេសក្នុងការហ្វឹកហាត់ត្រៀមប្រកួតជែងយកមេដាយ ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ ក្នុងនាមយើងជាម្ចាស់ផ្ទះ។ លោក ឧកញ៉ាបញ្ជាក់ថា ការជួបជុំថ្ងៃនេះក្នុងគោលបំណងរំលឹកដល់កីឡាករកីឡាការិនីឲ្យបន្ថែមការហ្វឹកហាត់ពង្រឹងនូវសមត្ថភាពបច្ចេកទេសរបស់ខ្លួន ធ្វើយ៉ាណាឲ្យទទួលបានផលល្អប្រសើរក្នុងការប្រកួតកីឡាវ៉ូវៀតណាម ជើងឯកអាស៊ីអាគ្នេយ៍លើកទី៤នេះ។
លោក បញ្ជាក់ថា ការជំរុញបន្ថែមនូវបច្ចេកទេស ខណៈសហព័ន្ធកំពុងមានការព្រួយបារម្ភខ្លាំងបំផុត គឺមនុស្សម្នាក់លេងដល់ទៅ៤វិញ្ញាសារ ប្រសិនបើមានបញ្ហាអ្វីកើតឡើងចំពោះកីឡាករ កីឡាការិនីមុនពេលប្រកួត និងអំឡុងការប្រកួតនោះ គឺមានការខាត់បង់ធំធេងណាស់។ ដូច្នេះចាំបាច់ត្រូវកែទម្រង់ខ្លះៗ ដោយបន្ថយវិញ្ញាសារមួយចំនួនដែលពួកគាត់ធ្លាប់ទទួលរ៉ាប់រងនោះ ទៅអោយកីឡាករ កីឡាការិនីថ្មីៗហ្វឹកហាត់ជំនួសវិញ ។
លោក ឧកញ៉ាបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីត្រូវខិតខំហ្វឹកហាត់ឲ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីដណ្តើមយកជ័យជម្នះ ជូនជាតិមាតុភូមិកម្ពុជា ។ គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវៀតណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៤នៅថៃ្ង ទី១១ ដល់ថៃ្ងទី១៤ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងសៀមរាបខាងមុខនេះ មានប្រទេសចូលរួមប្រកួតចំនួន៨ប្រទេស មានដូចជា វៀតណាម កម្ពុជា ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ និងព្រុយណេ។
ព្រឹត្តិការណ៍នេះ បានរៀបចំ៣លើករួចមកហើយ គឺលើកទី១ នៅរាជធានីភ្នំពេញ លើកទី២នៅសៀមរាប លើកទី៣នៅប្រទេសមីយ៉ាន់ម៉ា និងលើកទី៤នៅខេត្តសៀមរាប ៕ សារីម