ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ថៃពង្រឹងដំណើរការច្រកព្រំដែនដើម្បីលំហូរពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានិងថៃនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ បានពិភាក្សាគ្នាថានឹងបើកច្រកទ្វារតាមបន្ទាត់ព្រំដែនចំនួន៤បន្ថែមទៀតហើយ ថាការបើកច្រកទ្វារព្រំដែននោះបានធ្វើ ឡើងបន្ទាប់ពីមានលំហូរចេញចូលពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋប្រទេសទាំង២នៅតាមតំបន់នោះកំពុងមានកំណើនឡើង ។

ក្នុងជំនួបពិភាក្សាជាមួយលោកនាយ ឧត្តមសេនីយ៍ Chalermchai Sithisad លោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិបានថ្លែងថា ក្នុងជំនួបពិភាក្សា គ្នានាពេលនេះគឺភាគីក្រសួងការពារជាតិប្រទេសទាំង២បានពិភាក្សាគ្នាថានឹងជំរុញឲ្យមានការបើកជាផ្លូវការ និងជំរុញឲ្យក្លាយជាច្រកទ្វាអន្តរជាតិទៅលើច្រកទ្វារចំនួន៤ រួមមាន ច្រកអានសេះ ក្នុងខេត្តព្រះវិហារ ច្រកថ្មដូន ច្រកជាំ ក្នុងខេត្តឧត្តរមានជ័យ និងច្រកមួយទៀតនៅក្នុងខេត្តកោះកុង ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មានប្រសាសន៍ថា បច្ចុប្បន្នភាគីទាំង២បាន និងកំពុងពិភាក្សាគ្នាតាមផ្លូវច្បាប់ និងជួយសម្រួលធ្វើយ៉ាងណាឲ្យច្រកទាំងនោះគឺ អាចចេញចូលបានគ្រប់ពេលវេលា ។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុង ចំណោមច្រកទាំង៤គឺមានច្រកមួយចំនួនក្នុងមួយសប្ដាហ៍បើកតែមួយថ្ងៃ ហើយច្រកខ្លះបានអនុញ្ញាតឲ្យចេញចូលតែពេលថ្ងៃ និងហើយការបើកគឺមិនមានការទៀង ពេលច្បាស់ ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏ បានលើកឡើងនៅក្នុងជំនួបនោះថា ភាគី ក្រសួងការពារជាតិកម្ពុជា និងភាគីអគ្គ បញ្ជាការដ្ឋានទ័ពជើងគោកថៃនឹងបង្កើនការផ្លាស់ប្ដូរកិច្ចទំនាក់ទំនង និងការផ្តល់ ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយថា កន្លែងណាភាគីកងទ័ពទាំងពីរនៅមិនទាន់មានការស្រុះស្រួលគ្នាគឺត្រូវខិតខំស្វែងរកកិច្ចពិភាក្សាដើម្បីស្វែងរកការឯកភាពគ្រប់ បញ្ហាទាំងអស់ដូចជា ការទប់ស្កាត់ ការ បង្ក្រាបបទល្មើសឆ្លងដែនដែលមានដូចជា ការឆ្លងកាត់កាប់ឈើ និងការខិតខំស្វែងរកកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរលើផ្នែកផ្សេងៗទៀត៕ ហេង សូរិយា

det


ចែករំលែក៖