ភ្នំពេញ ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ មន្រ្តី ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិក្នុងខណ្ឌដង្កោ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកស្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូលដែលមាន លោកនុត ពុធដារ៉ា ជាអភិបាលខណ្ឌ បានរួមចំណែកជួយក្នុងការងារអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះសម្រាប់ឲ្យអនុវត្តន៍ រួមមាន បញ្ហាសុខ សន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នាទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍ តាមមូលដ្ឋាន រួមទាំងសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយមាន ភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើ ការដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាពនៅទូទាំងខណ្ឌតែម្ដង ។
លោកស្រី បានបន្តទៀតថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពនោះអាជ្ញាធរ មូលដ្ឋានត្រូវតែនៅកៀកកិតស្និតស្នាល ជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយនិងមានប្រសិទ្ធភាព ដោយការងារធ្វើឲ្យបានស៊ីជម្រៅ ហើយពលរដ្ឋចង់បាន ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាន ទំនុក ចិត្ត និងការទទួលបាននូវសុខ សុវត្ថិ ភាព ក្នុងការរស់នៅ ទូទាំងប្រទេសកម្ពុជា។
លោកស្រីថ្លែងបញ្ជាក់បន្ថែមថា បញ្ហាការបម្រើសេវាសាធារណៈនេះតម្រូវឲ្យអាជ្ញាធរនៅគ្រប់ថ្នាក់មូលដ្ឋាន ត្រូវ ចុះត្រួតពិនិត្យអំពីការធានា នូវការអនុវត្តការងារផ្ដល់អត្ដសញ្ញាណប័ណ្ណ ការងារផ្ដល់សំបុត្រកំណើត ការងារចុះបញ្ជីបញ្ចូលសមាជិកគ្រួសារ ការងារទំនាស់ដីធ្លី ផ្លូវ លូ ទឹក ភ្លើង ការងារប្រកបអាជីវកម្ម កសិកម្ម ពាណិជ្ជកម្ម និងលិខិត បទដ្ឋានគិតិ្ដយុទ្ធ ផ្សេងៗទៀត មានតែអាជ្ញាធរមូលដ្ឋាននេះហើយដែលជាអ្នកសម្របសម្រួលផ្ទាល់ជូនពលរដ្ឋតាមការចង់បាន ៕