ខេត្តប៉ៃលិន៖ មន្រ្តីជំនាញនៃក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានចុះមកត្រួតពិនិត្យបច្ចេកទេសនៃការធ្វើអាជីវកម្មបំផ្ទុះយកថ្មភ្នំស្ពង់ ស្ថិតនៅក្បែរសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិនរបស់ក្រុមហ៊ុនប៉ៃលិន រ៉កឃែរី ដែលមានថៅកែជាជនជាតិថៃ ជាអ្នកធ្វើអាជីវកម្មផ្តាច់មុខថ្មភ្នំស្ពង់នោះតែម្តង ។
ការចុះត្រួតពិនិត្យបច្ចេកទេសពីសំណាក់មន្រ្តីជំនាញត្រូវគេមើលឃើញថា ក្រោយពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយនៃការធ្វើអាជីវកម្មថ្មភ្នំស្ពង់ពីសំណាក់ក្រុមហ៊ុន ប៉ៃលិន រ៉កឃែរី បានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន២ភូមិ និងប៉ះពាល់ដល់រដ្ឋបាលស្រុកសាលាក្រៅនោះផងដែរ ខណៈដែលមានការបំផ្ទុះថ្មភ្នំលាន់ឡើងយ៉ាងកក្រើក និងការកិនថ្ម បង្កឱ្យហ៊ុយកំទេចថ្មប៉ះពាល់ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ។
ការចុះត្រួតពិនិត្យបច្ចេកទេសនោះដែរ ក៏គេមើលឃើញថា ក៏ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុណាមួយដល់កម្មករធ្វើការងារនៅទីនោះ។ក្រោយពីខេត្តប៉ៃលិនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រុមហ៊ុនមួយបានធ្វើអាជីវកម្មដីថ្មីភ្នំ ជីកកកាយខុសបច្ចេកទេសធ្វើឱ្យបាក់ដីនិងថ្ម សង្កត់លើកម្មករ ២នាក់ស្លាប់នៅកន្លែងកើតហេតុ។
ជុំវិញនៃការចុះត្រួតពិនិត្យបច្ចេកទេសរបស់ក្រុមការងារក្រសួងរ៉ែនិងថាមពល លោក សួន សុខ អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ថា ក្រុមការងាររបស់ក្រសួងបានមកពិនិត្យមើលស៊ុយសារ នៃការធ្វើអាជីវកម្មថ្មភ្នំរបស់ក្រុមហ៊ុន ដើម្បីវាយតម្លៃឱ្យក្រុមហ៊ុនធ្វើការបង់ពន្ធចូលរដ្ឋ។
លោកប្រាប់ឱ្យដឹងទៀតថា ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនប៉ៃលិន រ៉កឃែរី មន្រ្តីជំនាញ ហាក់បីមិនបានរកឃើញខុសបច្ចេកទេសនោះឡើយ គឺការជីករណ្តៅដាក់រំសេវបំផ្ទុះតាមបច្ចេកទេសត្រឹមត្រូវ រាល់ពេលបំផ្ទុះធ្វើឡើងនៅវាលាម៉ោង៥ល្ងាច នៅពេលដែលពលរដ្ឋឈប់ សម្រាកពីការងារ និងថែមរោទិ៍សឺរ៉ែនឱ្យពលរដ្ឋដឹងជាមុនផងនោះទៀត។
លោកបញ្ជាក់ឱ្យដឹងទៀតថា ការធ្វើអាជីវកម្មថ្មភ្នំរបស់ក្រុមហ៊ុនប៉ៃលិន រ៉កឃែរី ហាក់បី ដូចជាមិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។
សូមរំលឹកថា ការធ្វើអាជីវកម្មថ្មភ្នំធំពីសំណាក់ក្រុមហ៊ុនប៉ៃលិន រ៉កឃែរី បានដំណើរការទៅជាច្រើនឆ្នាំមកហើយ កាលពីប៉ុន្មានឆ្នាំមុននោះមានផ្ទះពលរដ្ឋ២ទៅ៣គ្រួសារ ដែលមានទីតាំងក្បែរជើងភ្នំស្ពង់ បានបង្ខំចិត្តរ៉ឺផ្ទះចេញដើម្បីគេចពីការបំផ្ទុះថ្មភ្នំ ខ្លាចកើតគ្រោះថ្នាក់ដោយប្រការផ្សេងពីការបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនប៉ៃលិន រ៉កឃែរី ផងដែរ៕ សំ វិច្ឆិកា