ខេត្តព្រះសីហនុ៖ សកម្មភាពចលនាកីឡា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ តែងតែមានរហូត។ សម្រាប់ពីធីបុណ្យសមុទ្រ រយៈពេល៤ឆ្នាំរួចហើយ ៗឆ្នាំទី៥ ជុំទី២នៃការរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុនេះមានការផ្លាស់ប្តូរច្រើន ព្រោះប្រភេទកីឡា ដែលត្រូវប្រកួតភាគច្រើន ជាប្រទេភកីឡា លេងនៅលើឆ្នេរខ្សាច់ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងពិធីបុណ្យសមុទ្រលើកទី៥ ឆ្នាំ២០១៦ ធ្វើឡើងក្រោមប្រធានបទ “ទីក្រុងប៉ៃតង-ឆ្នេរស្អាត-សមុទ្រខៀវស្រងាត់” សំដៅដល់ការប្រឡងប្រណាំងទីក្រុងស្អាត់ ដណ្តើមយកផ្ការំដួល៣ទងពីគណៈកម្មការវាយតម្លៃទីក្រុងស្អាត់នៃព្រះរាជណាចក្រកម្ពុជា នឹងធ្វើនៅខេត្តព្រះសីហនុពីថ្ងៃទី២៣ ដល់២៥ខែធ្នូ ជុំទី២ ។ NOCC បានជ្រើសរើសប្រភេទកីឡាដែលមានសក្តានុពលលេងលើឆ្នេរខ្សាច់មួយចំនួន ក្នុងទឹក លើអាកាស លើគោក និងការសម្តែងរបស់ប្រភេទកីឡា ប្រយុទ្ធមួយចំនួនបន្ថែមទៀត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនេះនៅកម្ពុជា។
លោក អគ្គលេខាធិការនៃNOCC បានលើកឡើងថា ការប្រកួតកីឡាភាគច្រើនគឺមានចរឹកជាការបង្ហាញដើម្បីឲ្យជនបរទេសបានស្គាល់ពីកីឡាប្រពៃណីរបស់ខ្មែរ និងចូលរួមបំផុសចលនាកីឡាឲ្យដល់ស្រទាប់យុវជនជំនាន់ក្រោយ ក្នុងនោះ ក៏បានបញ្ជ្រាបផែនការមេកីឡាស៊ីហ្គេម ដើម្បីឲ្យពលរដ្ឋកម្ពុជាទាំងអស់បានដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
លោកបញ្ជាក់ថា ប្រភេទកីឡាដែលមានក្នុងកម្មវិធីបុណ្យសមុទ្រឆ្នាំនេះ ដូចជា ការរត់ប្រណាំងកំសាន្ដចម្ងាយ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប្រណាំងកង់វិលជុំចម្ងាយ១០គីឡូម៉ែត្រ និង៤០គីឡូម៉ែត្រ។ ប្រណាំងម៉ូតូទឹក (Jet Ski) ការប្រកួតកីឡាហោះហើរ (Paramotor) កីឡាទូកក្ដោង(Sailing) ប្រដាល់គុនខ្មែរ ក្រៅពីនេះក៏មានការសម្តែងគុនល្បុក្កតោចំបាប់បុរាណ តេក្វាន់ដូ(WTF)ការប្រកួតកីឡាយុទ្ធសីល្ប៍ចម្រុះ (Mixed Matial Art) ជាដើម៕ សារីម