ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងសាកកម្លាំងគ្នាម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់នៅស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូពីរគ្រឿង បានបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បាក់ជើងត្រូវបានគេបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តនិងបុរសម្នាក់ទៀតបោកក្បាលស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំមួយកន្លែងស្ថិតនៅភូមិក្រលង ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។

តាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាជនរងគ្រោះទាំងពីរនាក់ទី១ មានឈ្មោះបៀន ណាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិគ្រឹង ស្នាក់នៅភូមិក្រលង ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ជិះម៉ូតូម្នាក់ឯងម៉ាកសង់ការ៉េកែច្នៃ អត់ស្លាកលេខ បោកក្បាលស្លាប់នៅនឹងកន្លែង។

ចំណែកជនរងគ្រោះទី២ឈ្មោះ សុខ គឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជិះម៉ូតូម្នាក់ឯង ម៉ាកសង់កូរ៉េ គ្មានស្លាកលេខ រងរបួសធ្ងន់បាក់ភ្លៅខាងធ្វេង។

ក្រោយពីកើតហេតុរួចសមត្ថកិច្ចនគរបាលចរាចរណ៍បានមកអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងធ្វើការវាស់វែង។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕ វុទ្ធ ឦសាន

s-2 s s-1


ចែករំលែក៖