ភ្នំពេញ ៖ នៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦ កម្លាំងចម្រុះជាច្រើន មានអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការដឹកនាំដោយឯកឧត្តម គុណ ញឹម សហការជាមួយរដ្ឋបាលព្រៃឈើ បើកប្រតិបត្តិការចុះឆែកឆេរបន្តក្នុងក្រុមហ៊ុន «ខេមត្រេនស៊ីប អ៊ីមផត» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលត្រូវគេដឹងថា ក្រុមហ៊ុននេះបាននាំចូលភ្លុកដំរីពីនិង ឈើហ៊ុបធំៗពីប្រទេសអាហ្វ្រិកយ៉ាងច្រើនសន្ធឹក បម្រុងយកទៅលក់នៅប្រទេសចិននោះ ។ គេមិនទាន់បានលទ្ធផលបែបណានោះ គ្រាន់តែឃើញកម្លាំងបានយករថយន្តទៅស្ទូចឈើហ៊ុបធំៗដាក់លើរថយន្ត ដើម្បីឆែកបន្តទៀត។
លោក គុណ ញឹម នៅក្នុងការចុះត្រួតពិនិត្យនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុន Cam Transit Import Co,Ltd មានទីតាំងនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ ង្វៀន ទៀនជុង សញ្ជាតិវៀតណាម បាននាំចូលឈើពីប្រទេសម៉ូហ្សាមប៊ិក (Mozambique) មកកាន់ប្រទេសកម្ពុជា ចំនួន០៣កុងតឺន័រ។
លោកបន្តថា កុងតឺន័រទាំងបីនេះ ត្រូវបានដឹកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយបានមកដល់ទីលានផែស្ងួតថូលខេមបូឌា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ហើយក្រុមហ៊ុន Cam Transit Import Co,Ltd ដែលជាម្ចាស់ទំនិញ បានផ្ទេរសិទ្ធិឲ្យក្រុមហ៊ុន Sar Ho Logistics Co.,Ltd ជាអ្នកមកបំពេញបែបបទទំនិញពីគយ។
លោកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ការត្រួតពិនិត្យលើរូបវ័ន្តលម្អិតលើកុងតឺន័រទាំង៣ បានចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយសារការលាក់បង្កប់ទំនិញល្មើស បានបង្កការលំបាកយ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យរូបវ័ន្ត និងការដកហូតវត្ថុតាង។
លោកបន្តថាឈើដែលនៅក្នុងឃ្លាំងខាងលើប្រហែលជាជាង៦០០ដុំហើយយើងនឹងស្ទូចរាប់ហើយរកមើលក្រែងមានរបស់ខុសច្បាប់បន្តទៀត ប៉ុន្តែក្រុមហ៊ុនខាងលើមានច្បាប់ពីក្រសួងពាណិជ្ជកម្មមានអាជ្ញាបណ្ណ័ពីនាយកដ្ឋានរដ្ឋបាលព្រៃឈើត្រឹមត្រូវ សរុបជារួមកំណាក់ឈើទាំង៣ដុំខាងលើ មានបង្កប់ទំនិញហាមឃាត់ដូចជា ៖ ១.ភ្លុកដំរីចំនួន៦៤០ មានទម្ងន់សរុប១,៣៦១.៩គីឡូក្រាម, ២.ស្រការសត្វពង្រូលចំនួន ១៣៧.៦គីឡូក្រាម,៣.ឆ្អឹងសត្វព្រៃចំនួន៨២.៣គីឡូក្រាម, និងទី៤.កន្ទុយដំរីចំនួន៤.៩គីឡូក្រាម ដែលគណៈកម្មារចម្រុះ បានធ្វើការដកហូត៕ ជ្រោយពេជ្រ