ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរបរទេសជិត៤.០០០នាក់មកកម្សា​ន្តនៅក្រុងព្រះសីហនុក្នុងពិធីបុណ្យសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរ ទេសធុនយក្សមួយគ្រឿងមានឈ្មោះDIAMOND PRINCESS បានបោះយុថ្កានៅ ក្នុងលម្ហសមុទ្រចម្ងាយប្រមាណជាពីរម៉ាយពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៤.០០០នាក់ចូលចតកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុខណៈខេត្តព្រះសីហនុ កំពុងរៀបចំពិធីបុណ្យសមុទ្រជុំទី២ លើកទី៥រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៣-២៤- ២៥ ខែធ្នូ ឆ្នាំ២០១៦ និងត្រៀមឆ្លង ឆ្នាំ សកល២០១៦ -២០១៧ ខាងមុខ។

លោកវរសេនីយ៍ទោ ង៉ុយ ជៀន ប្រធាននគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ British មានបណ្តោយ២៨៨,៣៣ម៉ែត្រ ទទឹង ៤១,៥០ម៉ែត្រ និងជម្រៅទឹក ៨,៥៧ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ជិត ៤.០០០នាក់ ចូលចតកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងនោះមានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន២.៨៨៩នាក់ ស្រី១.៥២១ នាក់មាន៥៥សញ្ជាតិផ្សេងគ្នានិងមាន នាវិកសរុបចំនួន១.០៦៤នាក់ ស្រី២០៦ នាក់ មាន៤៦សញ្ជាតិ ។ នាវាទេសចរណ៍ DIAMOND PRINCESSនេះបានចាកចេញពីប្រទេសវៀតណាម ចូលចតបោះយុថ្កានៅលម្ហសមុទ្រក្រុងព្រះសីហនុនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មុននឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃនៅវេលាម៉ោង១៦ ថ្ងៃដដែល ។ ភ្ញៀវទេសចរបរទេសចំនួនជិត ៤.០០០នាក់ ឡើងគោកតាមនាវាចម្លង ធុនតូចជាច្រើនគ្រឿង ក្នុងការដឹកជញ្ជូន ភ្ញៀវប្រកបដោយសុវត្ថិភាព ។

លោកវរសេនីយ៍ទោ ង៉ុយ ជៀន បាន ឱ្យដឹងបន្តទៀតថា ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា DIAMOND PRINCESS ភាគច្រើនជាភ្ញៀវដែលមាន វ័យចំណាស់ហើយភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អូស្ត្រាលីចំនួន ១.១៣៤នាក់ អាមេរិក៥០០នាក់ អង់គ្លេស ៣១៨នាក់ និងក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗជាច្រើនទៀត ។

លោកប្រធានប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបន្តឱ្យដឹងថា ភ្ញៀវ ទេស ចរបរទេសបានធ្វើដំណើរកម្សាន្តនៅក្នុងក្រុងព្រះសីហនុដោយដើរកម្សាន្តមើលស្តង់តាំងពិព័រណ៍ក្នុងឱកាសពិធីបុណ្យ សមុទ្រនៅតាមបណ្តោយឆ្នេរឯករាជ្យទី ប្រជុំជននានារមណីយដ្ឋានវប្បធម៌តំបន់ឆ្នេរនានាដែលរដ្ឋបាលខេត្តបានរៀបចំ កែលម្អប្រកបដោយសោភណភាព ។

ក្នុងឆ្នាំ២០១៦ មាននាវាទេសចរណ៍ បរទេសបាននាំភ្ញៀវទេសចរបរទេសចូលមកទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកកំពង់ផែសមុទ្រមានការកើនឡើងជាងឆ្នាំ២០១៥ដោយសារតែប្រទេសកម្ពុជាមាន សុខសន្តិភាព សុវត្ថិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍរីក ចម្រើននូវហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ត បន្ទាប់។ ម្យ៉ាងទៀតខេត្តព្រះសីហនុជា តំបន់ទេសចរណ៍បែបធម្មជាតិមានឆ្នេរខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ធ ហើយឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជា សមា ជិកក្លិបឆ្នេរស្អាតលើពិភពលោកមានភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅព្រះ រាជាណាចក្រកម្ពុជាជាពិសេសតំបន់កោះទាំង៣២ ត្រូវបានអភិវឌ្ឍកែលម្អទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ទាក់ទាញភ្ញៀវ ទេសចរបរទេសមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

សូមបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ ២០១៦កន្លងទៅមាននាវាទេសចរណ៍ បរទេសបាននាំភ្ញៀវទេសចរជិត២.០០០ នាក់ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ៕ ហេង សូរិយា

tour-2-600x337


ចែករំលែក៖