ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរីកា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនិងផ្សព្វផ្សាយបញ្ហាសុខភាពស្ត្រីនៅក្នុងរោងចក្រមួយនាខណ្ឌប្ញស្សីកែវកាលពីថ្ងៃទី២២ខែធ្នូកន្លងទៅ។ នាងបានធ្វើឲ្យកម្មការិនីរាប់ពាន់នាក់ក្នុងរោងចក្រ Maurea Garments Corp កម្សាន្តអារម្មណ៍ជាមួយ នឹងការបញ្ជ្រាបចំណេះដឹងទូទៅផ្នែកសុខភាពទូទៅរបស់ស្ត្រីផងដែរ។
សំឡេងហ៊ោកញ្ជ្រៀវស្វាគមន៍និងគាំទ្រម្ចាស់បទ”ស្រលាញ់បងលើសហើយ”បានកើតឡើងក្រោយតារាចម្រៀងខាងលើបានបង្ហើរសំនៀងយ៉ាងពីរោះគ្រាដែលកម្មករ កម្មការិនីរោងចក្រសម្រាកទទួលទាន អាហារថ្ងៃត្រង់។ ក្រៅពីតារាចម្រៀង ស៊ូ ស៊ីរីកា ក៏មានវត្តមានរបស់តារាចម្រៀងនិងតារាសម្តែងពីររូបទៀតគឺលោក នរៈ សិរី វិទ្យា និងលោកផាត់ ពិដោរ ផងដែរ ដែល កម្មវិធីឈ្វេងយល់ពីសុខភាពនេះត្រូវបានរៀបចំផលិតឡើងដោយអង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់)។
កញ្ញា ស៊ូ ស៊ីរីកាបញ្ជាក់ថានេះគឺជាលើកទី២ហើយដែលនាងបានស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីនិងផ្សព្វផ្សាយឈ្វងយល់សុខភាពដល់កម្មករកម្មការិនីនៅតាមរោងចក្រ។ កញ្ញាបន្តថា នាងពិតជារីករាយរំភើបរកអ្វីមកប្រដូចមិនបានព្រោះតែកម្លាំងទឹកចិត្តនៃការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីពួកគាត់។ អតីតបេក្ខជនឆ្នើមរបស់កម្ម វិធីប្រឡងចម្រៀងលំដាប់ពិភពលោករូបនេះបញ្ជាក់ថា អ្វីដែលនាងរំភើបកាន់តែខ្លាំងគឺទឹកចិត្តស្រលាញ់គាំទ្រស្នាដៃបទចម្រៀងរបស់នាងដែលមានច្រើនពីសំណាក់កម្ម ករកម្មការិនីគឺមានចំនួនច្រើនលើសពីអ្វី ដែលនាងរំពឹងទុក។ កញ្ញាលើកឡើងថា ដោយសារឱកាសខ្លីនាងបានបង្ហើរបទ ចម្រៀងមិនបានច្រើនគឺមានតែបទ “ស្រលាញ់បងលើសហើយ” និងបទ”មិនសម្លាប់ខ្លួនដោយសារប្រុសទេ” ដែលជា បទល្បីរបស់នាងក្នុងផលិតកម្មថោន។ នាង ក៏រំពឹងដែរថានឹងមានឱកាសបង្ហាញសមត្ថភាពទេពកោលស្យជាថ្មីម្តងទៀតក្នុងកម្ម វិធីលើកក្រោយដើម្បីជួបអ្នកគាំទ្រ ក៏ដូចជារួមចំណែកចូលរួមជួយដល់ការងារសង្គមពិសេសទាក់ទងនឹងសុខភាពទូទៅរបស់ កម្មករកម្មការិនី។
គួរបញ្ជាក់ដែរថា ស៊ូ ស៊ីរីកា ដែលមាន វ័យ២១ឆ្នាំបានដើរចូលក្នុងផលិតកម្មថោនអស់រយៈពេលជិតមួយឆ្នាំមកហើយជាមួយនឹងការស្ទុះងើបខ្លាំងនៃការគាំទ្រតាមរយៈបទចម្រៀងជាច្រើន។ នាងក៏នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញនូវស្នាដៃថ្មីទាំងMVនិងបទចម្រៀងថ្មីៗពីរោះៗជាច្រើនទៀត ៕ វឌ្ឍនា