ខេត្តព្រះសីហនុ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រព្រឹត្តទៅនៃការប្រកួត និងសម្តែងកីឡាទាំង១២ប្រភេទ ដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី៥ជុំទី២រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ ទទួលបានជោគជ័យ និងទទួលបានអ្នកទស្សនាតាមវិញ្ញាសាកីឡានីមួយច្រើនគូរឲ្យកត់សម្គាល់។
លោកវ៉ាត់ ចំរើន បានបន្តទៀតថា ការទទួលបាននូវការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ដោយសារតែគណៈកម្មការបច្ចេកទេស បានរៀបចំតាមលក្ខណៈបច្ចេកទេស ដូចជាប្រណាំងជិះកង់វិលជុំ ការប្រកួតកីឡា MMA កីឡាJIU JITSU កីឡារត់ប្រណាំងបាល់ទះឆ្នេរខ្សាច់បាល់ទាត់ឆ្នេរខ្សាច់ប្រណាំងម៉ូតូទឹកកីឡាហោះហើរកីឡាទូកក្តោងប្រដាល់ក្បាច់គុនខ្មែរ កីឡាយុទ្ធសិល្ប៍គុនល្បុក្តតោចំបាប់បុរាណនិង តេក្វាន់ដូ។
ទន្ទឹមនិងទទួលបានជោគជ័យខាងលើនេះ ដោយមានកិច្ចសហការល្អពីសមត្ថកិច្ចពាកព័ន្ធក្នុងខេត្តព្រះសីហនុ ជួយបង្កលក្ខណៈងាយស្រួលដល់កម្មវិធីប្រកួតកីឡាដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបំផុសជំរុញ ឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈកម្មភាពនានាក្នុងពិធីបុណ្យធំៗដូចជាពេលនេះ។ជាមួយនិងការជោគជ័យលើសកម្មភាពកីឡាក្នុងពិធីបុណ្យខាងលើនេះ
លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថាពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ២ថ្ងៃ កន្លងមកមានលក្ខណៈល្អប្រសើរ គ្រប់ផ្នែកពាក់ព័ន្ធទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានរួមសហការគ្នាបានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះសកម្មភាពកីឡានិងការតាំងពិពណ៌ពេល ក៏មានមនុស្សចូលរួមទស្សនាច្រើន ទាំងពេលយប់និងថ្ងៃ។ ដោយឡែករាត្រីបង្ហើយនៃពិធីបុណ្យនេះមនុស្សចូលរួមទស្សនាការសម្តែងសិល្បះ របាំ ចម្រៀងខ្មែរ និងបរទេសប្រមាណជាង២០ម៉ឺននាក់។ សរុបរយៈពេលទាំង៣ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ៥០ម៉ឺននាក់៕ សារីម