ភ្នំពេញ ៖ ល្ងាចថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៦ តប តាមការអញ្ជើញរបស់អភិបាលរដ្ឋធានីណូយ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនាមទីក្រុងសម្ព័ន្ធភាព។ នេះជាដំណើរទស្សនកិច្ចដែលធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ភ្នំពេញ-ហាណូយ កាន់តែល្អប្រសើរ ជាពិសេស ទៅលើបទពិសោធន៍នៃការអភិវឌ្ឍទីក្រុង។ តាមរយៈទីក្រុងសម្ព័ន្ធភាព ទីក្រុងហាណូយបានផ្តល់ជំនួយលើវិស័យជាច្រើនដល់ រាជធានី ភ្នំពេញ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលនិងអប់រំជាដើម។ ទីក្រុងហាណូយគឺជាទីក្រុងមួយក្នុងចំណោមទីក្រុង២៥ នៃបណ្តាប្រទេសនានាលើសកល លោកដែលបានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូជាមួយនឹងរាជធានីភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ច រយៈ ៤ថ្ងៃនេះ លោក អភិបាលរាជធានី ភ្នំពេញ នឹងជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ និងជួបពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយផងដែរ៕ សំរិត