ភ្នំពេញ៖ រថយន្តកាមរីបាឡែន១គ្រឿង បានបើកបរបោះពួយក្នុងល្បឿនលឿន ជែងយានយន្តនៅខាង មុខ ហើយបានរេចង្កូតជ្រុលទៅបុកម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច១គ្រឿងពេញទំហឹង បណ្ដាលឲ្យដួលហើយ យុវជនដែលជាអ្នកបើកបរម៉ូតូម្នាក់ បានបោកក្បាលផ្ទប់ទៅនឹងថ្នល់ និងត្រូវរថយន្តនោះកិនថែមពីលើទៀត បណ្ដាលឲ្យបែកមួកសុវត្ថិភាព និងបែកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ នោះតែម្ដង។ចំណែករថយន្តបង្ក មិនបានឈប់ទេបានជ្រុលទៅមុខ កៀរម៉ូតូ២គ្រឿងជាបន្តបន្ទាប់ទៀត បណ្ដាលឲ្យដួល ប៉ុន្តែរងរបួសស្រាលនិងរងការខូចខាតបម្តិចបន្តួចប៉ុណ្ណោះ អ្នកជិះម៉ូតូទាំងនោះ ក៏បានលើក ម៉ូតូជិះបន្តដំណើរទៅមុខទៀតបាត់អស់ បន្ទប់មកទើបរថយន្តឈប់ស្ងៀម ហើយអ្នកបើកបរត្រូវបានកម្លាំង នគរបាលឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីបញ្ជូនបន្តទៅកាន់ការិយាល័យចារចផ្លូវគោកនៃស្នងការ ដ្ឋានរាជធានីភ្នំពេញចាត់ការបន្ត។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលា ម៉ោង៧ ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ភូមិអូដឹមសង្កាយ់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះដែលបានសកលាប់បាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុប្រហែល២០ឆ្នាំ ស្លៀកខោខ្មៅជើងវែង ពាក់អាវដៃវែង ពណ៌ស ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស អត់ស្លាកលេខ១គ្រឿង ពាក់មួកសុវត្ថិភាព ពណ៌ស ប៉ុន្តែមួកនេះបាន បែកខ្ទេចអស់ទៅហើយ។ ដោយឡែករថយន្តម៉ាកកាមរីបាឡែននោះ ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AG-3729 បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ម សំណាង អាយុ៥២ឆ្នាំ ជាជនជាតិខ្មែរសញ្ជាតិបារាំង ស្នាក់នៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្ក១គ្រឿងនោះ បានបើកបរធ្វើដំណើរក្នុង ល្បឿនលឿន និងក្នុងទិសដៅពីលិចទៅកើត លុះពេលទៅជិតដល់ចំណុចកើតហេតុ បានជែងយានយន្តនៅ ខាងមុខ ហើយបានជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរធ្វើដំណើរច្រាស់គ្នាក្នុងទិសដៅពីកើតទៅ លិចពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលបោកជនរងគ្រោះផ្ទប់ថ្នល់ និងត្រូវបានរថយន្តកិនពីលើថែមទៀត បែកមួកសុវត្ថិភាពនិងបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។បន្ទាប់មករថយន្តបង្កមិនបានឈប់ស្ងៀម នោះឡើយ បានជ្រុលទៅមុខកៀរម៉ូតូ២គ្រឿងទៀត ដែលបើកចេញពីបុរីសែនមនោរម្យឡើងផ្លូវជាតិលេខ៤ បណ្ដាលឲ្យដួលរងរបួសស្រាល ហើយខណៈនោះដោយសារតែឃើញ ជនរងគ្រោះស្លាប់ទើបះនជិះម៉ូតូទាំង ពីរគ្រឿងនោះបាននាំគ្នាលើម៉ូតូ ជិះបន្តដំណើរទៅបាត់ស្រមោល មិនបាននៅរកខុសរកត្រូវជាមួយខាងភាគី រថយន្តបង្កឡើយ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍នគរ បាលចោមចៅ ហើយកម្លាំងនគរបាល មូលដ្ឋានរួមជាមួយ កម្លាំងអង្សរក្សដែល ចុះទៅការពារថ្នាក់ដឹកនាំ បានជួយសម្រួលចរាចរមិនឲ្យមានការកកស្ទះ បន្ទាប់មកទើបហៅឲ្យកម្លាំង ការិយា ល័យនគរបាលចរាចរ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចុះទៅនាំយកទាំងរថយន្តនិងអ្នកបើកបរ ទៅកាន់ការិយា ល័យដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបាននាំទៅតមកកល់ទុកនៅឈាបនដ្ឋានវត្តតាំងកសាងខាងត្បូង រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ ៕ សុខាសែនជ័យ