ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចស ខេង បញ្ជាស៊ើបអង្កេតឲ្យច្បាស់ករណីចោទប្រកាន់រថយន្តបុកនគរបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចប្រចាំនៅច្រកអន្តរជាតិប៉ោយប៉ែតបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ចំពោះករណីចោទប្រកាន់រថយន្តឡិចស៊ីសបុកមន្រ្តីនគរបាលអន្តោប្រវេសន៍នៅច្រកអន្តរជាតិប៉ោយប៉ែត ។

ការដាក់បញ្ជាឱ្យមានការស៊ើបអង្កេត ករណីនេះឱ្យច្បាស់លាស់បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ផ្សេងៗគ្នាអំពីករណីនេះដោយអ្នកខ្លះថា ជាការធ្វើពុត របស់ជនរងគ្រោះ ព្រោះរថយន្តមិនបាន បើកបុកទេ។ ចំណែកព័ត៌មានខ្លះទៀតថា ករណីនេះភាគីខាងរថយន្តពិតជាបើកប៉ះ ជនរងគ្រោះមែន ។

នៅឯវិមានរដ្ឋសភាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកកាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បញ្ហា នេះវាជារឿងថ្មីពេកបើកាលណាយើងហ៊ាន សន្និដ្ឋានថ្មីៗ។ ខ្ញុំក៏បានដឹងខ្លះដែរ ខ្ញុំបាន បញ្ជាឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ដូច ជាអាជ្ញាធរខេត្តបន្ទាយមានជ័យពិនិត្យ មើលបញ្ហានេះដើម្បីឈានទៅសន្និដ្ឋាន ពិតប្រាកដ»។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅត្រង់ក្បាលស្ពានមិត្តភាព កម្ពុជា-ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ គ្រោះថ្នាក់ចរាចរណ៍នេះមានការអះអាងថារថយន្តបង្កម៉ាកឡិចស៊ីស RX300 ពាក់ ស្លាក់លេខបន្ទាយមានជ័យ 2A-5484 ពណ៌ ស្ករ បើកបរដោយលោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបើករថយន្តបុកលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ រងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែតដែលចុះរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃបណ្តាលឱ្យសន្លប់បាត់ស្មារតី។ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុកបានអះអាងថា ករណីនេះជាការធ្វើពុតដោយសារតែរថយន្តបើកយឺតៗនៅទីប្រជុំជន ហើយជនរងគ្រោះទៅពាំងមុខរថយន្ត ហើយធ្វើជាដួលសន្លប់ ។

ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួនអ្នកបើកបររូបនេះផងដែរ ៕ ហេង សូរិយា

12 fdr ff sr


ចែករំលែក៖