ខេត្តកំពង់ស្ពឺៈ សពបុរសវ័យប្រមាណ២៥ឆ្នាំ ត្រូវបានអ្នកឃ្វាល់គោប្រទះឃើញក្នុងស្រះទឹក ក្រោយភូមិទាំងដៃជើង មានជាប់ចំណង តែសមត្ថកិច្ចនគរបាលថា ជនរងគ្រោះអាចស្លាប់ដោយលង់ទឹក តែខាងបច្ចេកទេសថា បាក់ក និងផុងក្បាលធ្វើអោយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមិនអស់ចិត្តក្នុងការសន្និដ្ឋាននេះឡើយ ។
ការប្រទះឃើញសពក្នុងស្រះទឹកនេះ កើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទីថ្ងៃទី២៦ ធ្នូ ២០១៦ នៅក្នុងទឹកស្រះ ក្នុងភូមិកណ្តាល ឃុំតាំងសំតោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ មានឈ្មោះ ជា ភឿន ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិដីឆ្នាំង ឃុំ ហោងសំណំ ស្រុក ឱរ៉ាល់បានមកលេងផ្ទះបងស្រី ឈ្មោះ ជា សុខហេង អាយុ៣២ឆ្នាំ ភេទស្រី រស់នៅភូមិ ឃុំកើតហេតុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើល មានប្រជាពលរដ្ឋយកគោទៅចងឲ្យសុីស្មៅនៅក្បែរត្រពាំងទឹកខាងក្រោយផ្ទះ ឈ្មោះ ជា សុខហេង អាយុ៣២ឆ្នាំ ដែលត្រូវជាបងជនរងគ្រោះ ចំងាយ៧០ម៉ែត្រ ពេលឃើញដំបូងប្រជាពលរដ្ឋគិតថា ជនរងគ្រោះស្លាប់ដោយលង់ទឹកព្រោះ តាមសាក្សីដែលស្គាល់ថា គាត់(ជនរងគ្រោះ)មានជំងឺសរសៃប្រសាទ និងតែងតែចុះមុជ ទឹក និងធ្វើអ្វីខុសប្រក្រតី។ ដំបូងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានប្រុងស្រង់ចេញពីទឹកដែរ តែនៅពេលឃើញមានខ្សែចងដៃ និងចងជើងជនរងគ្រោះម្នាក់ៗ មិនហ៑ានប៉ះពាល់នោះទេ ហើយក៏បានរាយការណ៍អោយមត្ថកិច្ចចុះមកពិនិត្យតែម្តង ព្រោះម្នាក់ៗយល់ថា ជារឿងឃាតកម្មច្រើនជាងលង់ទឹក ។
បើតាមសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានមកផ្ទះបងស្រីរយៈពេល៤ថ្ងៃមកហើយ ដោយបានមកជួយលើកដាក់អុសដែលបានមកពីកាប់ក្នុងព្រៃរបស់គ្រួសារបងស្រីខ្លួន។ រហូតដល់ល្ងាចថ្ថៃទី២៤ ខែធ្នូ ស្រាប់តែបាត់ជនរងគ្រោះមិនឃើញទៅហូបបាយនោះទេ ពេលនោះក្រុមគ្រួសារបានដើររកដែរ តែមិនឃើញ ក៏បាននាំគ្នាសំរាកអស់ទៅ ព្រោះនឹកស្មានថា ជនរងគ្រោះត្រឡប់ទៅផ្ទះម្តាយវិញ បាត់ហើយ ព្រោះជាទម្លាប់គឺជនរងគ្រោះតែងតែបាត់របៀបនេះ មិននឹកស្មានថា ត្រូវគេវាយសម្លាប់បែបនេះសោះ។
លោកស្នងការនគរបាលខេត្តបានប្រាប់ថា ករណីនេះលោកបានអោយជំនាញកោសល្យវិច័យចុះទៅពិនិត្យហើយ ឯលទ្ឋផលយ៉ាងណានោះ រង់ចាំរបាយការណ៍ពីជំនាញសិន ។
ក្រោយចុះទៅដល់កន្លែងកើតហេតុនៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានសន្និដ្ធានសពជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក។ ដោយឡែកមន្ត្រីនគរបាលបច្ចេកទេសខេត្តមួយរូប បានបង្ហើបថា ក្រោយពិនិត្យសពជនរងគ្រោះមានសភាពបាក់ក ហើយមានស្នាមផុងលលាដ៍ក្បាល២កន្លែងទៀតផង ។
លោកគង់ សឿន ប្រធានក្រុមប្រឹក្សាឃុំតាំងសំរោងបាននិយាយថា រឿងនេះអាចជារឿងករណីឃាតកម្មច្រើនជាងលង់ទឹក ដោយលោកលើកឡើងថា បើមនុស្សចុះមុជទឹក ហេតុអ្វីចាំបាច់ត្រូវចងដៃចងជើងខ្លួនឯង? លោកថា បើចងជើងបានតែចងដៃនេះចងមិនបានឡើយ។ លោកចាត់ទុកថា ការសន្និដ្ឋានរបស់សមត្ថកិច្ចដែលថាជារឿងលង់ទឹកនេះ អាជ្ញាធរលោកមិនអាចទទួលយកបានឡើយ។
លោកគង់ សឿនបន្តថា ខាងសមត្ថកិច្ចជំនាញដែលដឹកនាំដោយលោកភោគ សម្បត្តិ ជាប្រធានការិយាល័យកោសល្យវិច័យ ធ្វើការហាក់បីដូចជាមានបំណងចង់បំប្លែងរឿងឃាតកម្មទៅជារឿងលង់ទឹក។ លោកភោគ សម្បត្តិ មិនបានចុះទៅពិនិត្យសពផ្ទាល់នោះទេ គឺបានអង្គុយនៅឆ្ងាយពីកន្លែងសព ហើយសរសេរបាយការណ៍ជូនថ្នាក់លើ ដោយបានអោយត្រឹមមន្ត្រីការិយាល័យ និងខាងជំនាញស្រុកចុះទៅពិនិត្យសពដោយផ្ទាល់។ តាមការមើលឃើញសភាពនៃសព គឺជនរងគ្រោះអាចត្រូវក្រុមជនដៃដល់វាយក្បាលហើយកាច់បំបាក់កទើបចងខ្សែហើយយកមកទម្លាក់ទឹកព្រោះខ្លាចជនរងគ្រោះដឹងខ្លួនដោយប្រការណាមួយហែលទឹកឡើងគោកមកវិញ។
ប្រជាពលរដ្ឋលើកឡើងថា ចុះប្រសិនបើរឿងនេះមិនមែនជារឿងលង់ទឹក ហើយជារឿងឃាតកម្ម ហើយសមត្ថកិច្ចបិទការស៊ើបអង្កេតទៀតនេះ មិនមានន័យថា ស្មើនឹងអោយក្រុមឃាតកមានសេរីភាពរួចផុតពីទោសបាត់ទៅហើយ ដោយសារតែការសន្និដ្ឋានរបស់ក្រុមនគរបាលបច្ចេកទេសខុសបច្ចេកទេស ដែលមានលោកភោគ សម្បត្តិ ជាអ្នកដឹកនាំនេះ។
ប្រជាពលរដ្ឋបានសំណូមពរទៅលោកសម សាមួន ស្នងការនគរបាលខេត្តសូមពិចារណារកមនុស្សណា ដែលស្រលាញ់ការងារចុះជាប់ជាមួយការងារពិតប្រាកដ អោយមកដឹកនាំការិយាល័យនគរបាលបច្ចេកទេសនេះវិញទៅ កុំយកមនុស្សដែលគ្រាន់តែមកអង្គុយចាំរាយការណ៍ដើម្បីបំប្លែងសភាពរឿងបែបនេះ អោយដឹកនាំការិយាល័យជំនាញមួយនេះទៀត។ ករណីនេះប្រជាពលរដ្ឋមិនយល់ស្របតាមការសន្និដ្ឋានរបស់សមត្ថកិច្ចឡើយ។
បើើទោះជាមានការលើកឡើងខ្វែងគំនិតគ្នាយ៉ាងណា រវាងសមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋក្តី ក្រោយពិនិត្យចប់សមត្ថកិច្ចបានប្រគល់សសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកឩត្តមសេនីយ៍ត្តីសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ថា ករណីនេះ តាមការស្រាវជ្រាវរបស់ជំនាញព្រហ្មទណ្ឌ គឺជនរងគ្រោះជាមនុស្សមានជំងឺសរសៃប្រសាទច្រើនឆ្នាំមកហើយ ក្នុងនោះក្រុមកគ្រួសារថែមទាំងបានយកលិខិតបញ្ជាក់របស់ពេទ្យមកបង្ហាញដល់សមត្ថកិច្ចទៀតផង។ ករណីនេះគឺជនរងគ្រោះយកខ្សែចងជើង ហើយចងដៃរួចលោតធ្វើអត្តឃាតខ្លួនតែម្តង។
លោកស្នងការបានបញ្ជាក់ចុងក្រោយថា ការស្លាប់នេះមិនមានពាក់ព័ន្ឋនឹងករណីឃាតកម្មនោះឡើយ សូមអោយសាធារណជន ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើកុំមានមន្ទិលសង្ស័យតទៅទៀត៕ សេនាស័ក្តិ