ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនយុវជនម្នាក់មកតុលាការករណីក្លែងក្រដាសពន្ធ និងឯកសារសាធារណៈជាច្រើនទៀត

ចែករំលែក៖

ភ្នំពេញ: នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជូនយុវជនម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីក្រដាសពន្ធ និងឯកសារសាធារណៈជាច្រើនទៀត ។ បច្ចុប្បន្នយុវជនរូបនេះកំពុងស្ថិតក្រោមការសាកសួររបស់តុលាការ ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៧និង២០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចដីឡូតិ៍ លោក ម៉ៅ សុផល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ បានឃើញយុវជនម្នាក់ឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ជិះម៉ូតូ ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FB-7917 ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងមួយចំនួន រួមមាន ទី១ ប័ណ្ណបើកបរចំនួន២០ច្បាប់ ទី២ប័ណ្ណ ត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) ចំនួន១ច្បាប់ ទី៣ ពន្ធនាំរថយន្តចូល (ម្ញ៉ែត) ចំនួន ១៣ច្បាប់ ទី៤ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ចំនួន៦ច្បាប់ ទី៥ ប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ចំនួន ១៥ច្បាប់ ទី៦កាបូបស្ពាយពណ៌ខ្មៅចំនួន១ ទី៧ ទូរស័ព្ទដៃ ម៉ាក សាំសុង ពណ៌ទឹកប្រាក់ ចំនួនមួយ គ្រឿង ទី៨ កាបូបលុយ ពណ៌សូកូឡា ចំនួន១ ទី៩ លុយខ្មែរ ចំនួន ៥០០០០រៀល ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

ក្រោយការសាកសួរជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចស្គាល់អំពីទីតាំង ផលិតឯកសារក្លែងក្លាយទាំងអស់ នៅចំណុចផ្ទះលេខ៧១អា ផ្លូវលេខ០៩ ក្នុងបុរី ពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបាននាំជនសង្ស័យទៅដល់ទីតាំងផលិត ដោយបង្កើតគណៈកម្មការចម្រុះដឹកនាំដោយលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចូលឆែកឆេរ ដកហូតបានវត្ថុតាងជាច្រើនទៀត ដូចជា ទី០១-ម៉ាស៊ីនសង្កត់ត្រា ពណ៌ខៀវ ចំនួន ០១គ្រឿង ទី០២-ម៉ាស៊ីនម៉ាក Mimaki ពណ៌ស ចំនួន ០១គ្រឿងទី០៣-ឯកសារមួយចំនួន ទី០៤-ម៉ាស៊ីនព្រីនHpពណ៌ខ្មៅ ចំនួន ០១គ្រឿង ទី០៥-ខ្សែប្រព័ន្ធភ្លើងមួយចំនួន ទី០៦-កង្ហា ចំនួន ០១ គ្រឿង ទី០៧-ម៉ាស៊ីនអ៊ុតកាត ពណ៌សលាយខ្មៅ ចំនួន ០១គ្រឿង ទី០៨-CPU កុំព្យូទ័រ ពណ៌ខ្មៅ ចំនួន ០២ ទី០៩-ម៉ាស៊ីនព្រីន ពណ៌ខ្មៅ ចំនួន ០១គ្រឿង ទី១០-ម៉ាស៊ីនសង្កត់ត្រាជាប់ឈើ ចំនួន ០១គ្រឿង ទី១១-កន្ត្រៃកាត់ ចំនួន ០១គ្រឿង ទី១២-កេះឯកសារ ពណ៌ខៀវ ចំនួន ០៣ ទី១៣-តុ ចំនួន០៣ ទី១៤-ម៉ាស៊ីនព្រីនកាត ចំនួន ០១គ្រឿង ទី១៥-ត្រា និងពុម្ភត្រាមួយចំនួន យកមកកាន់អធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ត ចិន បានសារភាពថា រូបគេពិតជាបានលួចផលិត និងក្លែងឯកសារ សាធារណៈ ក្លែងត្រា ប្រើប្រាស់ឯកសារក្លែងក្លាយប្រាកដមែន ។ ហើយការដែលខ្លួន ចេះធ្វើឯកសារ ក្លែងក្លាយនេះ គឺខ្លួនបានទៅរៀននៅប្រទេសវៀតណាម ពេលរៀនចេះក៏បាន កុម្ម៉ង់ទិញម៉ាស៊ីនផលិតពីប្រទេសវៀតណាម ក្នុងតម្លៃប្រហែលជាង ១ម៉ឺនដុល្លារអាមេរិក រួចសំភារៈផ្សេងៗទៀតដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសំភារៈផ្សេងទៀត ទិញនៅស្រុកខ្មែរ លើកលែងតែសំភារៈសម្រាប់ផលិត ( ជ័រ កាវ ទឹកថ្នាំ ) ទិញមកពីប្រទេសវៀតណាម ដែលខ្លួនជាអ្នកទៅទិញផ្ទាល់ ។ ចំណែកការធ្វើប័ណ្ណផ្សេងៗ ទៅតាមម៉ូយកុម្មង់អោយធ្វើ ដោយគេបានយកឯកសារ ពាក់ព័ន្ធដែលត្រូវធ្វើ ទើបខ្លួនធ្វើទៅតាមឈ្មោះ និងទីលំនៅរបស់គេ ។ ពេលធ្វើបានហើយ ខ្លួនជាអ្នកយកទៅអោយម៉ូយដោយផ្ទាល់ ចំនួន ០៤នាក់ រួចមកហើយ ដោយក្នុង ១ថ្ងៃៗ បានលុយចាប់ពី ១០០០ដុល្លារ ទៅ ២៥០០ដុល្លារ ម៉ូយទាំង០៤នាក់ខាងលើ គេបានកុម្ម៉ង់យកជាប្រចាំរាល់ថ្ងៃ ។ ហើយក្នុងតម្លៃ ខ្លួនបានលក់ប័ណ្ណអោយម៉ូយ គឺពន្ធលើទំនិញនាំចូល ( ម្ញ៉ែតគយ ) ពីរថយន្តស៊េរីទាប រហូតដល់ស៊េរីខ្ពស់លក់តម្លៃ ៥ដុល្លារ ប័ណ្ណបើកបរយានយន្ត លក់តម្លៃ ៦០ដុល្លារ ប័ណ្ណសំគាល់យានយន្តម៉ូតូ ៥០ដុល្លារ រថយន្តតម្លៃ ៨០ដុល្លារ និងប័ណ្ណបង់ពន្ធធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ប័ណ្ណពន្ធ ៨០០០០ រៀល ជាដើម ។

ជនសង្ស័យឆ្លើយសារភាពបន្តឲ្យដឹងថា រូបគេបានមកជួលផ្ទះលេខ៧១អា ផ្លូវលេខ០៩ ក្នុងបុរី ពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ សម្រាប់ស្នាក់នៅ រៀនសូត្រ និងផលិត ឯកសារទាំងអស់ ទើបតែបានរយៈពេលប្រហែល ៧ខែប៉ុណ្ណោះ ៕ ចេស្តា

neat neat1 neat2


ចែករំលែក៖