ភ្នំពេញ ៖ សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា បានធ្វើពិធីឧបត្ថម្ភអំណោយដល់អនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាចំនួន៤.០០០.០០០រៀល។
ពិធីនេះរៀបចំឡើងនៅវត្តញាណរង្សីសង្កាត់ទួលសង្កែកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦មានការចូលរួម លោកស៊ូ សោគន្ធអភិបាលរងខណ្ឌឬស្សីកែវ និងព្រះតេជគុណមង្គលរក្ខិត ខឹមសម្បត្តិ ព្រះគ្រូរតនប្បជ្ជោតិអនុគណស្តីទី ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាព្រមទាំងក្រុមការងារ រួមនឹងព្រះសង្ឃជាច្រើនអង្គទៀត ។
លោកស៊ូ សោគន្ធ ក៏បានកោតសរសើរដល់ព្រះតេជគុណ ខឹម សម្បត្តិ ផងដែរដោយសារតែព្រះអង្គបានជួយជ្រោមជ្រែងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្នុងពេលដែលសាលាខណ្ឌកំពុងតែខ្វះខាតនូវអំណោយទាំងនេះ ។
លោកអភិបាលរងខណ្ឌបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូល ក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ និងនាំយកអំណោយទាំងនេះទៅចែកជូនដល់ដៃបងប្អូនទីទល់ក្រ ចាស់ជរា និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗដល់ដៃបងប្អូនប្រជាពលរដ្ឋទាំងនោះមិនឱ្យបាត់មួយរៀលឡើយ ។
នាឱកាសនោះដែរ ព្រះតេជគុណ ព្រះមង្គលរក្ខិត ខឹម សម្បត្តិ បានមានសង្ឃដីកាថា អំណោយដែលប្រគល់ជូនអនុសាខាកាកបាទនៅពេលនេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះក៏ដូចជាជួយរំលែកទុក្ខលំបាកនិងការខ្វះខាតផ្សេងៗ ផងដែរ។
អំណោយទាំងអស់របស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាពេលនេះរួមមាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ សំភារៈផ្ទះបាយ និងថវិការ៤.០០០.០០០លានរៀល៕ អរុណរះ