នៅក្នុងរបបដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា រុស្ស៊ីគឺជាប្រទេសដែលគំរាមកំហែង ដល់សន្តិសុខអាមេរិកធ្វើឲ្យអាមេរិកត្រូវ បង្កើនការដាក់អាវុធនៅតំបន់អឺរ៉ុបដើម្បី ទប់ទល់រុស្ស៊ី។ ប៉ុន្តែពេលខាងមុខក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចិនទើបជាប្រទេសដែលគំរាមកំហែង ដល់សន្តិសុខអាមេរិក។
នៅពេលនេះមន្ត្រីរមន្ទីបញ្ចកោណបានលើកឡើងជាលើកទីមួយក្នុងរយៈពេល ៥ឆ្នាំ ពីប្រទេសដែលគំរាមកំហែងដល់ សន្តិសុខអាមេរិកក្នុងនោះរុស្ស៊ីឈរជាប់គ្នា២ឆ្នាំ។ ប៉ុន្តែពេលនេះបញ្ជីឈ្មោះមានការផ្លាស់ប្តូរ ហើយចិនទើបជាប្រទេសគំរាមកំហែងអាមេរិក។
កន្លងមកមន្ត្រីអាមេរិកប្រចាំនៅណាតូលោក Douglas Lute បានប្រកាសនៅក្នុងបទសម្ភាស៍មួយជាមួយសារព័ត៌មាន ABC news ថា តាមទស្សនៈផ្ទាល់ខ្លួនរបស់លោក រុស្ស៊ីគ្មានគម្រោងវាយប្រហារណាតូនោះឡើយ។
លោក Douglas Lute បញ្ជាក់ថា «ខ្ញុំ ជឿជាក់ថា រុស្ស៊ីគ្មានគម្រោងវាយប្រហារណាតូឡើយ ប៉ុន្តែមិនមានន័យថា យើង មិនការពារនោះទេ។ នៅពេលនេះអាមេរិកមានតួនាទីការពារសន្តិសុខដល់ប្រទេសជាមិត្ត ដូចជា Estonia ជាដើមដោយសារតែប្រទេសនោះស្ថិតនៅក្នុងតំបន់យុទ្ធ សាស្ត្រជាប់ព្រំដែនរុស្ស៊ីងាយរងការវាយប្រហារពីរុស្ស៊ី។
តាមការប្រកាសរបស់មន្ត្រីណាតូអង្គ ការនេះទទួលខុសត្រូវការពារសម្ពន្ធមិត្ត ដែលអាចរងការវាយប្រហារពីរុស្ស៊ី។
លោក Douglas Lute បានបញ្ជាក់ទៀត ថា បើទោះបីរុស្ស៊ីបានវាយប្រហារតាម បណ្តាញនៅក្នុងការបោះឆ្នោតអាមេរិកក្តីក៏ មិនស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរុស្ស៊ី ណាតូឡើយ ប៉ុន្តែប្រទេសមួយចំនួននឹងលើកឡើងពីបញ្ហាខាងលើ។
ការប្រកាសខាងលើរបស់មន្ត្រីអាមេរិកកើតឡើងក្រោយពេលដែលរុស្ស៊ី និងអាមេរិកមានសញ្ញាល្អប្រសើរនឹងគ្នាវិញ នៅក្រោម ការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នាពេលខាងមុខ ។ លោក ត្រាំ បាន តែងតាំងបុគ្គលដែលមានភាពជិតស្និទ្ធនឹងរុស្ស៊ីឲ្យកាន់តំណែងសំខាន់ៗនៅក្នុងជួរ រដ្ឋាភិបាល។
ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងទីក្រុងវ៉ាស៊ីនតោនកាន់តែប្រសើរឡើងជាលំដាប់ ពិសេសក្រោយពេលដែលលោក ដូណាល់ ត្រាំ បានជ្រើសរើសបុគ្គលកាន់ តំណែងរដ្ឋមន្ត្រីការបរទេសដែលជាមនុស្ស ជិតស្និទ្ធជាមួយរុស្ស៊ី។ ចំណុចទាំងនោះនឹង ធ្វើឲ្យរុស្ស៊ីអាចដោះដៃចេញពីចិនទុកឲ្យ ចិននៅឯកោវិញម្តង។
នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុមមូស្គូក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោត។ មិនតែប៉ុណ្ណោះលោក ត្រាំ បានជ្រើសរើសលោក Rex Tillerson ប្រធានក្រុមហ៊ុនប្រេង Exxon Mobil ធ្វើជារដ្ឋមន្ត្រីការបរទេសទៀតផង។
លោក Rex Tillerson អាយុ៦៤ឆ្នាំធ្លាប់មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយ រុស្ស៊ី និងប្រធានាធិបតី ពូទីន តាំងពីឆ្នាំ ១៩៩៨មកម្លេ៉ះ។ មិនត្រឹមតែប៉ុណ្ណោះ លោក ពូទីន ក៏ធ្លាប់បានជូនមេដាយមិត្ត ភាពទៀតផង។
លោក ដូណាល់ ត្រាំ បង្ហាញការពេញចិត្តយ៉ាងខ្លាំងទៅលើឥស្សរជនកាន់តំណែង រដ្ឋមន្ត្រីការបរទេសដែលជាមិត្តដ៏ស្និទ្ធ ស្នាលបំផុតរបស់លោក ពូទីន។ បុរស ទាំងពីរបានស្គាល់គ្នា១៥ឆ្នាំហើយ តាំងពី លោក ពូទីន បានឡើងជាប្រធានាធិបតី រុស្ស៊ីដំបូងភ្លាម។ លោក ពូទីន ធ្លាប់ទាំង បានផ្តល់មេដាយមិត្តភាពដោយផ្ទាល់ដៃ ដល់លោក Tillerson នៅឆ្នាំ២០១២ ក្រោយពីក្រុមហ៊ុន ExxonMobil បានចុះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ីទៅខួងរកប្រេងនៅតំបន់អង់តាក់ទិកសមុទ្រខ្មៅ និងស៊ីបេរី។ កិច្ចសន្យានេះមានទំហំ ៥០០ពាន់លានដុល្លារ តែត្រូវបង្កកសិន ដោយក្រុមហ៊ុនសុខចិត្តគោរពទណ្ឌកម្ម ដែលដាក់ដោយរដ្ឋាភិបាលអាមេរិកប្រឆាំង នឹងរុស្ស៊ីពីបទចូលកាន់កាប់តំបន់គ្រីមៀ របស់អ៊ុយក្រែននៅឆ្នាំ២០១៤។
ប៉ុន្តែការរិះគន់ក៏មានខ្លាំងណាស់ដែរ ទាំងមកពីខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋផ្ទាល់។ រវាង មហាសេដ្ឋីស្និទ្ធនឹងរុស្ស៊ី និងរដ្ឋមន្ត្រីការ បរទេស តើនឹងអាចមានវិបត្តិផលប្រយោជន៍ ជាតិនិងឯកជនដែរឬទេ?
វិមានក្រិមឡាំងរំពឹងថា រដ្ឋមន្ត្រីការ បរទេសថ្មីនឹងបង្ហាញនូវជំនាញអាជីពនិងគោលគំនិតស្ថាបនាពុំខានដែលសេចក្តីនេះថ្លែងដោយអ្នកនាំពាក្យផ្លូវការនៃប្រធានាធិបតីរុស្ស៊ីលោក ឌីមី ពេស្កូវ។ តាមសម្តី គាត់ចំណុចសំខាន់តែមួយគត់សម្រាប់ ប្រមុខការទូតអាមេរិកាំងគឺភាពត្រៀមខ្លួនបង្ហាញឲ្យឃើញនូវឥរិយាបថស្ថាបនា និង ភាពជំនាញអាជីព ហើយរុស្ស៊ីសង្ឃឹមថា ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីនឹងវិវឌ្ឍទៅដោយមិនអាស្រ័យចំ តែលើរូបលោក Tillerson ប៉ុណ្ណោះឡើយ។
លោក ពេស្កូវ សង្កត់ធ្ងន់ថា វិមានក្រិម ឡាំងសាទរ ចំពោះរូបលោក Tillerson ក្នុង ឋានៈជា “ធុរជនអាជីពមែនពិត” ដែល មានទំនាក់ទំនងការងារដ៏ល្អជាមួយលោកប្រមុខរដ្ឋរុស្ស៊ី ពូទីន និងជាមួយអ្នកមុខអ្នកការរុស្ស៊ីឯទៀត។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេយ៍ ឡារ៉ូវ ពេលថ្លែងក្នុងសន្និសីទកាសែតនៅ ទីក្រុងបែលក្រាដបានគូសបញ្ជាក់ថា មូស្គូ ត្រៀមធ្វើការជាមួយប្រធានអគ្គនាយក មហាក្រុមហ៊ុនប្រេងអាមេរិកាំងលោក Rex Tillerson ដែលត្រូវបានតែងតាំងជាប្រមុខការទូតថ្មីរបស់សហរដ្ឋអាមេរិក។ អ្នកការ ទូតរុស្ស៊ីបានហៅលោក Tillerson ជាមនុស្ស ដែលលើកផលប្រយោជន៍ជាតិខ្ពស់ជាង អ្វីៗទាំងអស់ជាហេតុដែលអនុញ្ញាតឲ្យ មានការសង្ឃឹមទៅលើការអភិវឌ្ឍយ៉ាងជោគជ័យនៃសហប្រតិបត្តិការរុស្ស៊ី-អាមេ រិក។ តាមសម្តីលោក ឡាវរ៉ូវ យើងសូម ទទួលយកការតែងតាំងនេះរបស់ប្រធានាធិបតីឈ្នះឆ្នោតហើយត្រៀមធ្វើការងារជាមួយដៃគូណាក៏ដោយដែលប្រាថ្នាពង្រីក ទំនាក់ទំនងស្មើភាពជាមួយសហព័ន្ធរុស្ស៊ី។ ខ្ញុំយល់ថា ទាំងលោកប្រធានាធិបតី ត្រាំ ទាំងអនាគតប្រមុខការទូតអាមេរិកសុទ្ធតែជាអ្នកដែលគិតពីផលប្រយោជន៍ម៉្លោះ ហើយបានជាផលប្រយោជន៍និយមនេះ អាចបម្រើជាគ្រឹះមូលដ្ឋានដ៏ល្អសម្រាប់រៀប រយឲ្យបានស្រួលបួលសហប្រតិបត្តិការ៕ ម៉ែវ សាធី