ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ឃាត់ខ្លួនបន្ទាប់ពីយុវជន២នាក់នោះ បានជិះម៉ូតូមួយគ្រឿងព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរផ្លូវគោកថ្មី នៅចំណុចតាមផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៩និង៥០ នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ជាក់ស្តែងពេលឆែកឆេរឃើញថ្នាំញៀនមួយកញ្ចប់តូច ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ វន វិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាម៉ូតូឌុប ស្នាក់នៅផ្ទះជួល ម្តុំបឹងក្រពើ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ មានម៉ូតូឌ្រីមសង់សេ១២៥ សេរី០១៦ ស្លាកលេខភ្នំពេញ 1FX-4990 និង ម្នាក់ទៀតមានឈ្មោះ លី សុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំបឹងសាឡាង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នពេញ ជាអ្នកជិះពីខាងក្រោយហើយជាអ្នកទិញថ្នាំញៀនមួយកញ្ចប់តូច តម្លៃ២០ដុល្លារ នៅម្តុំផ្សារសំណង់១២ ដែលបានណាត់មកទទួលពីអ្នកចែកចាយ ដោយអ្នកឌុបស្គាល់ធ្លាប់ទិញ៥ទៅ៦លើក ។
យោងតាមប្រភពបានប្រាប់ថា ឃើញកម្លាំងអន្តរាគមន៍នរគបាលសហការជាមួយនរគបាលផ្នែកចរាចរខណ្ឌទួលគោក ចុះត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរផ្លូវគោកថ្មី បានដេញចាប់ឃាត់ខ្លួនយុវជន២នាក់ជិះម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅមួយគ្រឿង ដែលព្យាយាមជិះគេចតែត្រូវកម្លាំងអន្តរាគមន៍ដេញតាមស្ទាក់ចាប់ឆែកឆេរនិងធ្វើការឃាត់ខ្លួនភ្លាមៗពេលឃើញថ្នាំញៀនមួយកញ្ចប់ដែលទម្លាក់ចោលពេល ជិះចូលគោលដៅត្រួតពិនិត្យច្បាប់ចរាចរ ហើយព្យាយាមជិះរត់គេចខ្លួន ដោយសង្ស័យភ័យខ្លាចដែលខ្លួនរក្សាទុកគ្រឿងញៀនដើម្បីប្រើប្រាស់ ។
យោងតាមសំដីសារភាពរបស់ជនសង្ស័យឈ្មោះ វន វិន ជាអ្នកឌុបបានប្រាប់អោយដឹងថា ខ្លួនធ្លាប់ទទួលទិញគ្រឿងញៀនពីអ្នកលក់ចែកចាយតាមរយះទូរស័ព្ទ ដោយណាត់មកយកតាមផ្លូវនានា ជាកន្លែងស្ងាត់ ។ ដោយនៅថ្ងៃកើតហេតុខ្លួនបានដឹកជនសង្ស័យឈ្មោះ លី សុង ពីម្តុំផ្លូវកោសដូងមកទិញនៅផ្លូវ២៦៥ ជិតផ្សារសំណង់១២ ហើយជិះត្រឡប់មកតាមផ្លូវ១៨២ ក៏ចូលគោលដៅត្រួតពិនិត្យច្បាប់ចរាចរ ហើយជនសង្ស័យឈ្មោះ លី សុង គ្មានពាក់មួយសុវត្ថិភាព និង បោះថ្នាំញៀនចោលទើប ត្រូវកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដេញតាមស្ទាក់ចាប់បានតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងអន្តរាគមន៍ បញ្ជូនមកអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា