ភ្នំពេញ៖ រូបថតបែបសិល្បៈជាច្រើនរបស់តារាសម្តែងប្រុស លី ឧត្តមទទួលបានការចាប់អារម្មណ៍ខ្លាំងជាបន្តបន្ទាប់ក្រោយពីលោកបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ រូបថតទាំងនេះ ក៏អាចបើកផ្លូវឲ្យតារាវ័យក្មេងរូបនេះក្លាយជាតារាសម្តែងរឿងថ្មីពីរព្រមគ្នាផងដែរ។
រូបថតដែលពោរពេញដោយភាពច្នៃប្រឌិតជាច្រើនបន្តបន្ទាប់ បានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែស្ទីសនៃការថតរូបខុសពីរូបថតរបស់សិល្បករដទៃ ហើយរូបថតនេះក៏អាចជួយពង្រីកការងារសិល្បៈរបស់តារាសម្តែងវ័យ១៨ឆ្នាំរូបនេះ កាន់តែច្រើនជាងមុន ។
លី ឧត្តមប្រាប់ថា រយៈពេលជាងមួយឆ្នាំហើយដែលលោកឈានជើងចូលប្រឡូកក្នុងការងារសិល្បៈតាមរយៈការចូលសិក្សាថ្នាក់សម្តែងនៅសាលាសម្តែងភាពយន្តមួយ ប៉ុន្តែឆ្នាំដំបូងនៃការចូលប្រឡូកលោកមិនទទួលការងារសិល្បៈច្រើននោះទេ ព្រោះតែជាឆ្នាំប្រឡងបាក់ឌុប។ ប៉ុន្តែពេលនេះ លោកចាប់ផ្តើមទទួលបានឱកាសជាច្រើនជាមួយនឹងការងារសិល្បៈទាំងការសម្តែងភាពយន្ត បទចម្រៀង និងថតផ្សព្វផ្សាយពាណិជ្ជកម្ម។ លោកបញ្ជាក់ថាការថតរូបសិល្បៈរបស់លោកកន្លងមកគឺជាចំណង់ចំណូលចិត្តមួយ ហើយរូបថតរបស់លោកក៏ត្រូវបានទស្សនាវដ្តីនៅប្រទេសថៃចាប់អារម្មណ៍និងអញ្ជើញលោកឲ្យថតរូបសម្រាប់ផ្សព្វផ្សាយម៉ូតសំលៀកបំពាក់ផងដែរ។ លោកបញ្ជាក់ដែរថាស្ទីសនៃការថតរូបក៏ត្រូវមានទេពកោសល្យទាំងការបញ្ចូលអារម្មណ៍ មនោសញ្ចេតនាខ្លាំងមិនចាញ់ការសម្តែងទេ។ និស្សិតឆ្នាំទី១ផ្នែកពាណិជ្ជកម្មរូបនេះបញ្ជាក់ដែរថា រូបថតទាំងនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីផលិតកម្មពីរក្នុងស្រុកដែរគឺផលិតកម្មមហាហង្ស និងផលិតកម្ម M Music រហូតផ្តល់តំណែងតួអង្គសំខាន់នៅក្នុងរឿងដែលពេលនេះលោកបាននឹងកំពុងសម្តែងជាតួរងសំខាន់ ដែលមួយជាខ្សែភាពយន្តភាគ និងមួយទៀតជាខ្សែភាពយន្តខ្នាតធំ ប៉ុន្តែលោកស្នើមិនបញ្ជាក់ចំណងជើងនៃខ្សែភាពយន្តនេះ។
លោកថា មានផលិតកម្មក្នុងស្រុកមួយបានហ៊ានផ្តល់តំណែងតួឯកសម្រាប់លោកសម្តែង ប៉ុន្តែដោយសារលោកទើបនឹងប្រឡូកក្នុងអាជីពសិល្បៈ និងត្រូវទទួលរ៉ាបរងច្រើន ទើបលោកសម្រេចចិត្តមិនទទួលដែលទទួលត្រឹមតែជាតួរងសិន ហើយវាក៏ជាអ្វីដែលអ្នកជំនាញភាពយន្តចង់ឲ្យលោកស្ទាត់ជំនាញខ្លាំងក្នុងការសម្តែងសិនដែរ ។
លោក លី ឧត្តម លើកឡើងដែរថា សម្រាប់ស្នាដៃសម្តែងថ្មីឆ្នាំ២០១៧ខាងមុខនេះ នឹងធ្វើឲ្យអ្នកគាំទ្រលោកមានការភ្ញាក់ផ្អើលខ្លាំង ហើយលោកនឹងបន្តពង្រឹង និងពង្រីកសមត្ថភាពសិល្បៈដើម្បីឈោងចាប់ការងារសិល្បៈថ្មីៗបន្តទៀតផងដែរ។ លោកក៏រំពឹងដែរថា ទស្សនិកជននិងជួយគាំទ្រ លើកទឹកចិត្តសម្រាប់ការងារសិល្បៈនេះហើយលោកក៏ទទួលយកនូវមតិរិះគន់ដើម្បីកែលម្អចំណុចខ្វះខាតផងដែរ៕ វឌ្ឍនា