ខេត្តសៀមរាប៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានដកអភិបាលខេត្តទាំង៥ជុំវិញបឹងទន្លេសាប ជុំវិញបញ្ហាបទល្មើសនេសាទកើតឡើង ហើយមិនព្រមបង្ក្រាប ។ សម្តេចបានព្រមានយ៉ាងដូច្នេះ នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧របស់សាលាខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ។
សម្តេចបានមានប្រសាសន៍ថា បទល្មើសនេសាទកើតព្រោងព្រាតនៅតំបន់បឹងទន្លេសាប ប៉ុន្តែអាជ្ញាធរខេត្តមិនបានយកចិត្តទុកដាក់នៅក្នុងបង្ក្រាបនោះឡើយ ។ សម្តេចព្រមានថា នឹងដកតំណែងអភិបាលខេត្ត បើសិនបន្តឲ្យកើតមានបទល្មើសនេសាទទៀតនោះ ។ ខេត្តជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, សៀមរាប និងខេត្តកំពង់ធំ ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាល និងបង្កើតក្រុមការងារមួយដឹកនំាដោយនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបានជាតិ ដើម្បីបង្ក្រាបបទល្មើសនេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ទូកល្បឿនលឿន ប្រភេទរ៉ូយ៉ាល់ ហើយសកម្មភាពនេះធ្វើជាប្រចំា ដោយសម្តេច និងជិះយន្តហោះពិនិត្យមើល ពីខាងលើក្នុង២សប្តាហ៍ម្តងឬ១ខែម្តង។
សម្តេចបានបន្តថា ថ្ងៃមួយសម្តេច បានជិះយន្តហោះទៅ បាត់ដំបង ដោយឆ្លងកាត់ បឹងទន្លេសាប សម្តេចមើល ពីលើឃើញថា បទល្មើសនេសាទ មានច្រើនទំាងនៅកណ្តាល បឹងទន្លេសាប និងព្រៃលិចទឹកនៅជុំវិញ ដែលបញ្ហានេះ ចំាបាច់ត្រូវឲ្យយើងដោះស្រាយ ជាបន្ទាន់។
សូមបញ្ជាក់ថា ដើម្បីលើស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទ ទំាងអស់នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈគ្រួសារបានទូលាយ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោលឡូតិ៍នេសាទ ហើយបទល្មើស គឺកើតឡើងយ៉ាងខ្លំាង ដែលបញ្ហា នេះចំាបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយបន្ទាន់ ។
បញ្ហាបទល្មើសនេសាទត្រូវគេមើលឃើញថា មិនលំបាកបង្ក្រាបដូចករណីគ្រឿងញៀននោះឡើយ ពីព្រោះឧបករណ៍នេសាទ គេអាចមើលដោយភ្នែកទទេឃើញ ។ រីឯបទល្មើសគ្រឿងញៀន ឈ្មួញអាចមានវិធីច្រើនយ៉ាងក្នុងការលាក់បាំងពីភ្នែកសមត្ថកិច្ច ។ បទល្មើសនេសាទ ពួកឈ្មួញអាចជាន់ពន្លិចឧបករណ៍នេសាទខុសច្បាប់ មុនពេលដែលសមត្ថកិច្ចទៅដល់ ។ ម្យ៉ាងទៀត ប្រសិនបើគ្មានមន្ត្រី ឬអាជ្ញាធរឲ្យដៃទេនោះ ពួកឈ្មួញក៏គ្មានឱកាសនឹងពន្លិចឧបករណ៍នេសាទនោះដែរ ៕ ហេង សូរិយា