ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពវាយប្រហារភេរវកម្មសម្លាប់មនុស្សច្រើនបំផុតនៅក្នុងឆ្នាំ២០១៦

ចែករំលែក៖

នៅក្នុងឆ្នាំ២០១៦នេះមានការវាយ ប្រហារភេរវកម្មជាច្រើនបានកើតឡើងនៅជុំវិញពិភពលោកសម្លាប់មនុស្សស្លូតត្រង់រាប់រយនាក់។ ការវាយប្រហារទាំងនោះ ភាគច្រើនបង្កើតឡើងដោយក្រុមភេរវកម្មអ៊ិស្លាម IS ដែលមានទីតាំងនៅក្នុងទឹកដីស៊ីរីនិងអីុរ៉ាក់។ ក្រោយពេលទីក្រុងម៉ូស៊ុល នៅអីរ៉ាក់ និងអាឡែបប៉ូនៅស៊ីរីត្រូវបាន ទាហានរដ្ឋាភីបាលដណ្តើមគ្រប់គ្រងវិញ ក្រុមIS បានបង្កើនការវាយប្រហារនៅគ្រប់ទិសទី ពិសេសគឺនៅតំបន់អឺរ៉ុបតែម្តង។

ខាងក្រោមនេះជាការវាយប្រហារភេរវកម្មសម្លាប់មនុស្សច្រើនបំផុតនៅក្នុងឆ្នាំ ២០១៦៖

១-វាយប្រហារនៅទីក្រុង Istanbul ទួរគី៖
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅ ទីក្រុងអុីស្តង់ប៊ុលរងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងធំបំផុត របស់ទួរគីសម្លាប់មនុស្ស១៣នាក់និងរាប់សិបនាក់រងរបួស។ ភាគច្រើនអ្នកស្លាប់គឺ ជាជនបរទេស។ ភេរវករវាយប្រហារនោះត្រូវបានគេស្គាល់ថា មានឈ្មោះ Fabil Fadli ជាសមាជិកក្រុមភេរវកម្មIS។

២-វាយប្រហារគ្រាប់បែកនៅឥណ្ឌូនេស៊ី៖
នៅថ្ងៃទី១៤ ខែមករា ប៉ូលិសឥណ្ឌូនេស៊ីបានសម្រុកចូលក្នុងផ្ទះចាប់ខ្លួនបុរសម្នាក់ សង្ស័យថា ជាភេរវករនៅតំបន់ Cirebon លើកោះជ្វា។ ការចាប់ខ្លួនបុរសខាងលើក្រោយពេលមានការវាយប្រហារបំផ្ទុះគ្រាប់ បែកនៅកណ្តាលទីក្រុងហ្សាការតាសម្លាប់មនុស្ស៨នាក់និង២៤នាក់រងរបួស។ ក្រុម អ៊ិស្លាមIS បានចេញមុខទទួលស្គាល់ថា ជា សកម្មភាពវាយប្រហាររបស់ក្រុមខ្លួន។

៣ វាយប្រហារភេរវកម្មនៅ Burkina Faso៖
ការវាយប្រហារបំផ្ទុះគ្រាប់បែកបាញ់រះនៅសណ្ឋាគារ Splendid ក្នុងតំបន់ Ouagadougou រដ្ឋធានីប្រទេស Burkina Faso សម្លាប់មនុស្ស២៣នាក់ និងរងរបួសរាប់ សិបនាក់។ ក្នុងចំណោមអ្នកស្លាប់គឺមកពី១៨ប្រទេសផ្សេងគ្នា។ អ្វីដែលគួរឲ្យកត់ សម្គាល់នោះគឺការវាយប្រហារធ្វើឡើងដោយ ក្រុមភេរវកម្មអាល់កៃដាមិនមែនជាក្រុម អ៊ិស្លាម IS នោះឡើយ។

៤-វាយប្រហារលើក្បួនរថយន្តក្រុងនៅទួរគី៖
ក្រុមជនជាតិឃើដនៅទួរគីមានរហស្សនាមថា TAK បានចេញមុខទទួលស្គាល់ថា ជាសកម្មភាពរបស់ខ្លួនក្នុងការវាយប្រហារទៅលើក្បួនរថយន្តក្រុងនៅទីក្រុងអង់ការ៉ា ប្រទេសទួរគីសម្លាប់មនុស្ស២៩នាក់ និង ជាង៦០នាក់រងរបួស។ ការវាយប្រហារនោះបានធ្វើឲ្យរថយន្តជាច្រើនគ្រឿងនៅតាមដងផ្លូវឆាបឆេះ។

៥-វាយប្រហារនៅសណ្ឋាគារប្រទេសសូម៉ាលី៖
នៅថ្ងៃទី២៦ ខែកុម្ភៈ ខ្មាន់កាំភ្លើងក្រុម ភេរវកម្ម Al Shabab បានបើកការវាយ ប្រហារទៅលើសណ្ឋាគារមួយស្ថិតនៅក្នុងស្រុក Hamarweyne ក្នុងទីក្រុង Mogadisu ប្រទេសសូម៉ាលីសម្លាប់មនុស្ស១៥នាក់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស។ ការវាយ ប្រហារខាងលើធ្វើឡើងដោយក្រុមភេរវ កម្មក្នុងស្រុក។

៦-វាយប្រហារសណ្ឋាគារនៅកូដឌីវ័រ៖
នៅថ្ងៃទី១៣ ខែមីនា ខ្មាន់កាំភ្លើងរបស់សាខាក្រុមភេរវកម្មអាល់កៃដានៅអាហ្វ្រិកខាងជើងបានបើកការវាយប្រហារទៅលើ សណ្ឋាគារ Etoile Du Sud នៅតំបន់ Grand Bassam ប្រទេសកូដឌីវ័រសម្លាប់ មនុស្ស១៨នាក់ និង៣៣នាក់រងរបួស។

៧-វាយប្រហារគ្រាប់បែកនៅប្រទេសបែលហ្ស៊ិក៖
នៅថ្ងៃទី២២ ខែមីនា មានការវាយ ប្រហារពីរលើកនៅអាកាសយានដ្ឋាន អន្តរជាតិ Zaventem ប្រទេសបែលហ្ស៊ិក និងវាយប្រហារអត្តឃាតនៅស្ថានីយរថ ភ្លើង Maelbeek ជាទីតាំងមួយនៅជិត ទីស្នាក់ការសហគមន៍អឺរ៉ុបបណ្តាលឲ្យ មានអ្នកស្លាប់រហូតដល់ទៅ៣៤នាក់ និង ជាង២០០នាក់រងរបួស។
ក្រៅពីវាយប្រហារដោយបំផ្ទុះគ្រាប់ បែកនៅមានការវាយប្រហារដោយបើករថយន្តធុនធំបុកចំនួន៥លើកនៅក្នុងឆ្នាំ ២០១៦នេះផងដែរ ការវាយប្រហារដោយបើករថយន្តបុកគឺជាយុទ្ធសាស្ត្រថ្មីរបស់ ក្រុមភេរវកម្មនៅក្នុងឆ្នាំ២០១៦។ សកម្មភាពវាយប្រហារបែកនេះភាគច្រើនកើតឡើងនៅតំបន់អឺរ៉ុបដោយសារតែអឺរ៉ុបបានរក្សាសន្តិសុខតឹងតែងក្រុមភេរវកម្មពិបាកក្នុងការបំផ្ទុះគ្រាប់បែក ទើបប្តូរវិធីសាស្ត្រ វាយប្រហារដោយបើករថយន្តបុកវិញម្តង។

ខាងក្រោមនេះជាការវាយប្រហារភេរវកម្មដោយបើករថយន្តបុកនៅឆ្នាំ២០១៦៖

១-វាយប្រហារភេរវកម្មដោយបើករថយន្តបុកនៅអីុរ៉ាក់ស្លាប់២៥០នាក់៖
កាលពីថ្ងៃទី៣ ខែកក្កដា មានករណីផ្ទុះពីរលើកធំៗនៅទីក្រុងបាដាដប្រទេសអីុរ៉ាក់ សម្លាប់មនុស្ស២៥០នាក់។ នេះជាការវាយ ប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះចាប់តាំងពីអាមេរិកវាយ ប្រហារអីុរ៉ាក់នៅឆ្នាំ២០០៣មក។
រថយន្តដឹកទំនិញផ្ទុះរំសេវជាច្រើនបានបើកបុករះនៅក្នុងផ្សារស្ថិតនៅក្នុងស្រុក Karrada និង Shaab ខណៈដែលមានពល រដ្ឋជាច្រើនទៅទិញអីវ៉ាន់សម្រាប់រដូវកាលពិធីបុណ្យរ៉ាម៉ាឌន។ ក្រោយការបើកបុក ក៏បានបំផ្ទុះរថយន្តតែម្តង ទើបបណ្តាលឲ្យមានអ្នកស្លាប់និងរបួសច្រើន។ ក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ថា ជាសកម្ម ភាពរបស់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់មាន កុមារ២៥នាក់ និងស្ត្រី២០នាក់។

២-បើករថយន្តបុកហ្វូងមនុស្សនៅទីក្រុង Nice ប្រទេសបារាំងស្លាប់៨៤នាក់៖
នៅថ្ងៃទី១៤ ខែកក្កដា រថយន្តដឹកទំនិញ ធុនធំមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនសំដៅទៅហ្វូងមនុស្សកំពុងឈរចាំមើលបាញ់កាំជ្រួចផ្កាភ្លើងនៅទីក្រុង Nice ប្រទេសបារាំងក្នុងពិធីបុណ្យឯករាជ្យជាតិ សម្លាប់មនុស្ស៨៤នាក់និងជាង១៥០នាក់រងរបួស។ អ្នកបើករថយន្តបុកជាជនជាតិ ទុយនេស៊ី អាយុ៣១ឆ្នាំ ត្រូវប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែង។

៣-វាយប្រហារដោយរថយន្តនៅ សូម៉ាលីស្លាប់៣៥នាក់៖
នៅថ្ងៃទី២៥ ខែមិថុនា ក្រុមភេរវកម្ម បានបើករថយន្តផ្ទុកដោយរំសេវផ្ទុះវាយ ប្រហារដោយបើកបុកសណ្ឋាគារក្នុងទីក្រុង Mogadishu សម្លាប់មនុស្ស៣៥នាក់។ ក្រុមភេរវកម្មអាល់សាបាតបានចេញមុខ ថា ជាសកម្មភាពរបស់ខ្លួន។

៤-វាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តនៅទីក្រុងអង់ការរ៉ាទួរគី៖
នៅថ្ងៃទី១៣ ខែមីនា រថយន្តមួយគ្រឿង ផ្ទុកគ្រាប់រំសេវពេញបានផ្ទុះនៅកណ្តាល ទីក្រុងអង់ការរ៉ាប្រទេសទួរគីសម្លាប់មនុស្ស ៣៧នាក់ និង១២៧នាក់រងរបួស។ ខ្មាន់ កាំភ្លើងក្រុម TAK បានចេញមុខទទួល ខុសត្រូវថាជាសកម្មភាពរបស់ខ្លួន។

៥-បើករថយន្តបុកនៅអាល្លឺម៉ង់ស្លាប់៩នាក់៖
រថយន្តដឹកទំនិញមួយគ្រឿងបានបុករះនៅក្នុងផ្សារណូអែលដែលមានមនុស្សកុះករកណ្តាលទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់បណ្តាលឲ្យមានមនុស្ស៩នាក់ស្លាប់ និង៥០នាក់រងរបួស។ ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ នៅពេលដែលមានមនុស្សជាច្រើននៅ ទីនោះ ពិសេសគឺកុមារដើម្បីទិញសម្ភារ បុណ្យណូអែលជិតមកដល់៕ ម៉ែវ សាធី

attack images top-10-most-dangerous-places-in-pakistan-karachi-pakistan


ចែករំលែក៖