ភ្នំពេញ ៖ ខ្មាន់កាំភ្លើងមួយក្រុមបានធ្វើសកម្មភាពបាញ់បុរសម្នាក់ដែលជាមិត្តភក្តិនឹងគ្នាបណ្ដាលឲ្យរងរបួសមួយគ្រាប់ចំខ្នងស្លាបប្រចៀវខាងស្តាំបៀមគ្រាប់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ដែលករណីនេះត្រូវបានគេសង្ស័យថាពាលសុីពាល។
ហេតុការណ៍បាញ់បណ្ដាលឲ្យមនុស្ស រងរបួសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីយប់ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ២២២ ភូមិទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរ បាលខណ្ឌដូនពេញបានឲ្យដឹងថា ជនរង គ្រោះឈ្មោះ ពេញ សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៥៣E3 ផ្លូវលេខ៥៧ សង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន ត្រូវជនសង្ស័យបាញ់១គ្រាប់ចំខ្នងស្លាបប្រចៀវខាងស្តាំបៀមគ្រាប់ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ រីឯជនសង្ស័យឈ្មោះ ភាន់ ភេទប្រុស អាយុ៣២ឆ្នាំ (ជាអ្នកបាញ់ ជនរងគ្រោះ) ជិះម៉ូតូម៉ាកXR ពណ៌ស មិន ចាំស្លាកលេខ និងជនសង្ស័យឈ្មោះ មួយ ភេទស្រី អាយុប្រហែល៣១ឆ្នាំ ជិះម៉ូតូជា មួយឈ្មោះភាន់រួមជាមួយបក្ខពួក៤នាក់ទៀតជិះម៉ូតូ២គ្រឿងម៉ាកហុងដាសេ១២៥ និងម៉ាកស៊ុយហ៊្សុយគីនិចពណ៌ស។
ប្រភពដដែលបានបន្តទៀតថា មុន ពេលកើតហេតុថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៣និង១០នាទីយប់ក្រុមជន សង្ស័យឈ្មោះ ភាន់ ភេទប្រុស និងឈ្មោះ មួយ ភេទស្រី នាំគ្នាទៅផ្ទះរបស់ជនរង គ្រោះឈ្មោះ ពេញ សុភ័ក្រ នៅសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ហើយបាន សួររកជនរងគ្រោះរូបនេះ រួចថែមទាំងយកដុំថ្មគប់ទ្វារផ្ទះទៀតផង។ ពេលនោះក្រុម គ្រួសារឈ្មោះ ពេញ សុភ័ក្រ បានប្រាប់ថា ពេញ សុភ័ក្រ មិននៅផ្ទះទេ ទើបក្រុមជនសង្ស័យជិះម៉ូតូចេញទៅបាត់។ បន្ទាប់មក ឈ្មោះ ភាន់ និងឈ្មោះ មួយ បានទូរស័ព្ទ ទៅជនរងគ្រោះឈ្មោះ ពេញ សុភ័ក្រ រហូត មានការជជែកគ្នាតឹងសរសៃក ហើយជន រងគ្រោះឈ្មោះ ពេញ សុភ័ក្រ ក៏បានណាត់ក្រុមជនសង្ស័យឲ្យមកជួបនៅមុខផ្ទះចំណុច កើតហេតុខាងលើ។ ពេលជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ផ្កាឈូក មកជួបក្រុមជនសង្ស័យឈ្មោះ ភាន់ និយាយ ថា «ឯងខ្លាំង» រួចក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យរបួស ហើយពួកគេក៏នាំគ្នាជិះ ម៉ូតូគេចខ្លួនបាត់អស់។
បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌដូនពេញ កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានខណៈដែលសមត្ថកិច្ចដាក់ការសង្ស័យករណីនេះថា «ពាលស៊ីពាល»៕ ស តារា