ភ្នំពេញ: បញ្ហាសណ្តាប់ធ្នាប់សាធារណៈ បញ្ហាសំរាម បរិស្ថាន និងការគ្រប់គ្រងសំណង់អត់ច្បាប់មិនមែនជារឿងថ្មីនោះទេ គឺជារឿងចាស់ដដែលៗហើយត្រូវបានក្រុមការងារទទួលបន្ទុកអនុវត្តផែន ការសកម្មភាពលើកឡើងថា ជាបញ្ហាប្រឈមដោះស្រាយមិនចេះចប់ ដោយឡែកសមាជិកក្រុមប្រឹក្សាក៍បានលើកជាប្រធានបទសាជាថ្មីដើម្បីជំរុញអោយគណៈអភិបាល ធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈមដែលនៅសេសសល់ ។
ការលើកយកបញ្ហាប្រឈម ដើម្បីជំរុញអោយគណៈអភិបាលដោះស្រាយនេះត្រូវបានស្នើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌលើកទី៣១ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាង ស៉ីផាន អភិបាលនៃគណៈអភិបាលខណ្ឌ លោក-លោកស្រីជាចៅសង្កាត់ទាំង៨ និងមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពជាច្រើនអ្នកទៀត ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខណ្ឌលោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ដូច្នេះថា លោកទទួលស្គាល់ថាបញ្ហាប្រឈមដែលនៅសេសសល់ពិតជាធ្វើនៅមានមែន មិនអាចធ្វើអោយល្អឥតខ្ចោះគ្រប់ភារៈកិច្ចទៅតាមការចង់បាននោះទេ តែយ៉ាងណាក៍ដោយគណៈអភិបាលនិងខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដូចជាបញ្ហាសណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថាន បញ្ហាសំរាម និងសំណង់ឥតច្បាប់ ។ បញ្ហាសំរាមសូមអស់លោកជាចៅសង្កាត់ត្រូវមានភាពទទួលខុសត្រូវនៅក្នុងមូលដ្ឋានរបស៉ខ្លួន មិនគួរណាសុំការអន្តរាគមន៍ពីខណ្ឌនោះទេ ចុះមន្ត្រីដែលធ្វើការនៅសាលាសង្កាត់រួមជាមួយកម្លាំនគរបាលប៉ុស្តិ៍រវល់ធ្វើអី? សំរាមនៅក្នុងបន្ទប់របស់ខ្លួន បែរជាអោយអ្នកផ្សេងទៅបោសសំអាតវិញ អ្នកណាគេធ្វើ! សូមអស់លោក-លោកស្រី ជាចៅសង្កាត់ត្រូវគិតគូឡើងវិញពីបញ្ហាសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ដោយឡែកបញ្ហាសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ១ ពិសេសនៅតំបន់ផ្សាព្រែកឯង គណៈបញ្ជាការឯងភាពខណ្ឌបានចុះរៀបចំសណ្តាបធ្នាប់ជាច្រើនលើកច្រើនមកហើយ រហូតឈានដល់ប្រើវិធានការក្តៅថែមទៀតផង តែដល់ពេលកម្លាំងសមត្ថកិច្ច ដកចេញវិញ អ្នកលក់ដូរមកវិញដដែលដោយមិនគិតពីសុវត្ថិភាពនោះឡើយ ។ ឥឡូវនេះអាជ្ញាកំពុងតែរកទីតាំងដីដើម្បីអោយអាជីវករទៅលក់ដូរនៅទីនោះ ។
ចំពោះបញ្ហាសំណង់អត់ច្បាប់មិនមែនសាងសង់មួយថ្ងៃហើយនោះទេ សូមអស់លោកចៅសង្កាត់ចុះពិនិត្យពីច្បាប់នៃការសាងសង់គ្រប់ទីតាំងសំណង់ទាំងអស់ បើពិនិត្យឃើញថាមិនស្របទៅតាមច្បាប់សាងសង់ទេនោះត្រូវផ្អាកការសាងសង់ជាបណ្តោះអាសន្ន ។
ពាក់ព័ន្ធទៅនឹងសំណង់ជាច្រើន ដែលសាងសង់នៅលើដីសាធារណៈរបស់រដ្ឋតាមមាត់ទន្លេបាសាក់ខាងជើងស្ពានព្រះមុនីវង្សចាស់ មិនត្រូវបានលោកអភិបាលបកស្រាយពន្យល់ប្រាប់ក្រុមប្រឹក្សានោះទេ ៕ សណ្តោស