ភ្នំពេញ ៖ ឪពុកស្លាប់ ទើបនឹងបានបញ្ចប់ បុណ្យសពនៅវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្រាប់តែនៅវេលាម៉ោង២និង ១០នាទីរសៀលថ្ងៃដដែល ខណៈដែល រោងបុណ្យសពឪពុកទើបរុះរើចេញរួចមិនដល់១ម៉ោងផងប្តីដែលជាជនជាតិកូរ៉េនោះក៏ស្លាប់បន្តម្នាក់ទៀតធ្វើឲ្យស្ត្រីជាប្រពន្ធក៏ ដូចជាកូនស្លុតចិត្តនិយាយលែងចេញព្រោះតែបានបាត់បង់ឪពុកជាទីគោរពផងនិងប្តីជាទីស្រលាញ់ផង ។
ស្ត្រីដែលមានទុក្ខជាន់លើទុក្ខនោះឈ្មោះ ទុយ ចន្ថា អាយុ៤៥ឆ្នាំ មុខរបរលក់ ដូរ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្ដីរបស់គាត់ដែលស្លាប់ នោះឈ្មោះ Song Chang yong អាយុ៦០ ឆ្នាំ មានស្រុកកំណើតនៅប្រទេសកូរ៉េ។
ប្រភពពីស្ត្រីជាប្រពន្ធបានប្រាប់ឲ្យនគរបាលដឹងថា ប្ដីរបស់គាត់មានជំងឺបេះដូងប្រចាំកាយរ៉ាំរ៉ៃយូរមកហើយដែរ ហើយគ្រូពេទ្យបានឲ្យតមស្រាមិនឲ្យផឹកជាដាច់ខាត ប៉ុន្តែក្នុងពេលកន្លងមកប្ដីគាត់ពិបាកចិត្ត ពេកបានផឹកស្រាស្រាប់តែជំងឺបានរើឡើងវិញ ហើយចេះតែមានអាការមិនស្រួលខ្លួនរហូតនៅប៉ុន្មានថ្ងៃចុងក្រោយនេះមានការនឿយហត់ធ្វើបុណ្យសពឪពុកទៀតទើបគាត់គាំងបេះដូងស្លាប់បែបនេះ ។
ស្ត្រីរូបនោះបានបន្តថា ឪពុកគាត់ស្លាប់ដោយរោគាពាធហើយគាត់បានធ្វើបុណ្យទើបតែចប់នៅវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ប៉ុណ្ណោះ ហើយក្រោយពេលបុណ្យចប់រុះរោងរួចមិនដល់មួយម៉ោងផងស្រាប់តែប្ដីស្លាប់បន្តទៀតពិតជាទុក្ខជាន់លើទុក្ខមែន។ នគរបាលបាននិយាយថា ក្រោយពេល ទទួលបានដំណឹងនោះភ្លាមកម្លាំងសមត្ថ កិច្ចបានចុះទៅពិនិត្យនិងធ្វើកោលសល្យ វិច័យ ព្រមទាំងបានរាយការណ៍ទៅថ្នាក់លើដើម្បីរាយការណ៍បន្តទៅកាន់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជាបានជ្រាបពីមរណភាពជនជាតិកូរ៉េរូបនេះ ៕
សុខាសែនជ័យ