ព័ត៌មានទាន់ហេតុការណ៍៖

ដកអភិបាលខេត្តកំពង់ធំក្រោយសម្តេច ស ខេងព្រមានបទល្មើសនេសាទបឹងទន្លេសាបនៅ ដដែលៗ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះមហាក្សត្រសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះ រាជក្រឹត្យបញ្ចប់តំណែងអភិបាលខេត្តកំពង់ ធំលោក អ៊ុត សំអន និងតែងតាំងលោក សុខ លូ អតីតអភិបាលរងជំនួសវិញ។ លោក អ៊ុត សំអន ត្រូវមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៦ ព្រះមហាក្សត្របានត្រាស់ បង្គាប់ដូច្នេះថា «បញ្ចប់តំណែងលោក អ៊ុត សំអនពីអភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំឲ្យមកបម្រើការងារនៅទីស្តីការ ក្រសួងមហាផ្ទៃ» ។

ការបញ្ចប់តំណែងអភិបាលខេត្តកំពង់ធំ នៅពេលនេះកើតឡើងក្រោយសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានដក តំណែងអភិបាលខេត្តជុំវិញបឹងទន្លេសាបប្រសិនបើនៅតែបណ្តោយឲ្យកើតមានបទល្មើសនេសាទកើតឡើងទៀត។ ការព្រមាន នេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅបន្តឆ្នាំ២០១៧របស់សាលាខេត្តសៀមរាបកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៦ ។

អង្គការ សមាគម និងបណ្ដាញសហ គមន៍នេសាទនៅខេត្តជាប់បឹងទន្លេសាបគាំទ្ររដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡា

ហោម ស ខេង ដែលថានឹងដកតំណែង អភិបាលខេត្តជាប់បឹងទន្លេសាបណាដែលនៅបណ្ដែតបណ្ដោយឲ្យមានបទល្មើស នេសាទក្នុងទឹកដីរបស់ខ្លួន។ ក្រុមអង្គការ សង្គមស៊ីវិល និងសមាគមទាំងនោះថា ការ ព្រមានដកតំណែងមិនមែនជារឿងថ្មីឡើយ ប៉ុន្តែអាចជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជម្រុះ ភាពអសកម្មរបស់ខ្លួន ។

សកម្មភាពដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប បទល្មើសនេសាទនៅបឹងទន្លេសាបក្នុងខេត្ត កំពង់ឆ្នាំងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្របពេលគ្នានឹងការបញ្ចេញសារព្រមានដកតំណែងអភិបាលខេត្តរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែធ្នូ បានធ្វើឲ្យសាធារណជនចាប់អារម្មណ៍យ៉ាង ខ្លាំង ។

មន្ត្រីគម្រោងជុំវិញបឹងទន្លេសាបរបស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធាន ជលផល (Fact) លោក ឡោម ស៊ីណាត មានប្រសាសន៍ថា សារព្រមាននេះអាចធ្វើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ឬមន្ត្រីជំនាញ បង្កើនការចុះអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ចំពោះបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបដែលពុំឃើញមានសញ្ញាថយចុះ នោះ។ លោកថា ការអនុវត្តច្បាប់ត្រឹមត្រូវ និងការអប់រំផ្សព្វផ្សាយពីបញ្ហាបទល្មើសនេសាទដល់ពលរដ្ឋឬអ្នកពាក់ព័ន្ធឲ្យបានយល់ដឹងគឺជាផ្នែកមួយសំខាន់ក្នុងការរក្សាបាននូវធនធានជលផលដែលមន្ត្រីរាជរដ្ឋាភិបាលចង់បានតាមរយៈការពង្រឹងវិធានការផ្សេងៗដើម្បីការពារ ។

ចំណែកអនុប្រធានសហព័ន្ធនេសាទប្រចាំតំបន់១៤ ឬអតីតឡូត៍នេសាទទី១៤ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង លោក ឌុល ប៊ុនថា ថ្លែងថា លោកមិនភ្ញាក់ផ្អើលនឹង សារព្រមានដកតំណែងនេះឡើយ ព្រោះ លោកកម្រឃើញចៅហ្វាយខេត្ត ឬមន្ត្រីធំៗ ក្នុងជួររដ្ឋាភិបាលណាម្នាក់ត្រូវបានដក តំណែងដោយសាររឿងការងារអសកម្ម របស់ខ្លួនឡើយ។ លោកថា ជាក់ស្ដែងនៅ មូលដ្ឋានរបស់លោកបទល្មើសរបាំងអួន ឬ ស្បៃមុងមិនទាន់បាត់អស់ពីទន្លេផងស្រាប់តែចេញសកម្មភាពកាប់សម្រាស់ដាក់ក្នុង ទន្លេព្រោងព្រាតទៀតហើយ ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិស ដៅបន្តឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តសៀម រាបកាលព្រឹកថ្ងៃទី២៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃសម្តេចក្រឡាហោម ស ខេង ប្រកាសដកអភិបាលខេត្ដជាប់បឹងទន្លេសាបណាដែលបន្តឲ្យមានបទល្មើសនេសាទ។ ក្នុងនោះខេត្តដែលជាប់បឹងទន្លេសាបមាន ខេត្ដកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយដោយដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ថា នៅខេត្តមួយចំនួនបានចេញប្រតិបត្តិការបានល្អប្រសើរដូចជានៅខេត្តកំពង់ធំ បាត់ដំបង មានបទល្មើសតិចតួច ខេត្តសៀមរាបស្ទើរពុំមាន ប៉ុន្តែនៅខេត្ត ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងមានរបាំង ស្បៃមុង និងសាច់អួនច្រើនដាក់តាមប្របមាត់ទន្លេ ឬបឹង ៕ ហេង សូរិយា

it-samun

អភិបាលខេត្តកំពង់ធំដែលត្រូវដកតំណែង


ចែករំលែក៖