ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស នៅវត្តបុទមវត្តី ដែលព្រះអង្គបានយាងសោយទីវង្គត់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលា ម៉ោង១០:៤៥នាទីព្រឹក ក្នុងព្រះជន្ម ៨០ព្រះវស្សា ដោយរោគាពាធ ។ នេះគឺជាការបាត់រាជវង្សខ្មែរមួយព្រះអង្គ ដែលទ្រង់មានឆន្ទៈ មនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ រហូតអស់មួយព្រះជន្ម និងក៍ដូចជាការបាត់បង់ស្វាមី បិតា ប្រកបដោយព្រហ្មវិហារធម៌។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្ញើសាររំលែកទុក្ខជូនអ្នកម្នាង ស៊ីសុវត្ថិ កន្ឋីរ៉េត កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅនេះផងដែរ។
សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតអនុប្រធានទី១ ព្រឹទ្ធសភាជាតិនីតិកាលទី ១ និងទី ២ ។ ព្រះអង្គគឺជាព្រះរាជបុត្រារបស់ព្រះករុណាព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ដែលជាព្រះរាជបុត្រាចុងក្រោយនៅរស់រានមានជីវិតដល់សព្វថ្ងៃ។ ព្រះអង្គក៏ត្រូវជាព្រះបិតុលាបង្កើត(ឪពុកមារ)ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។
សូមឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ឆាប់បានកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕
(ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ)