នៅព្រឹកថ្ងៃទី៤ ខែមករា មានការរញ្ជួយដីកម្រិត ៧,២រិចទ័រ កើតឡើងនៅតំបន់សមុទ្រFiji ធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ។
ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង១០និង៥២នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី៤ ខែមករា ។ តាមក្រុមស្រាវជ្រាវធរណីវិទ្យា USGS បានឲ្យដឹងថា រញ្ជួយដីកើតឡើងនៅក្នុងជម្រៅ១៥គីឡូម៉ែត្រ មានចម្ងាយពីរដ្ឋធានី Suva ប្រទេសហ្វីជី២៨៣ គីឡូម៉ែត្រ នៅភាគខាងត្បូង ។
មជ្ឈមណ្ឌលប្រកាសអាសន្នពីរលកយក្សស៊ូណាមិបានឲ្យដឹងថា មានរលកសមុទ្រកម្ពស់ប្រមាណជាង១ម៉ែត្រ អាចនឹងកើតមានក្នុងបរិវេណ៣០០គីឡូម៉ែត្រ ពីកន្លែងរញ្ជួយដី។ ក្នុងពេលជាមួយគ្នានោះ អង្គការទទួលបន្ទុកផែនដីវិទ្យាអូស្ត្រាលី បានប្រកាសថា ការរញ្ជួយដីខាងលើអាចបង្កឲ្យមានការខូចខាតក្នុងបរិវេណ១១០គីឡូម៉ែត្រពីទីតាំងរញ្ជួយដី ។
សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា មានការកម្រើកញាប់ញ័រ នៅតំបន់ Suva ។ ចំណែកពលរដ្ឋនៅក្នុងប្រទេសហ្វីជី បានរត់ចេញក្រៅអគារ ជាបន្ទាន់នៅពេលដែលមានការរញ្ជួយដីកើតឡើង ខា្លចបាក់រលំអគារដួលសង្កត់ពីលើ៕ ម៉ែវ សាធី