ភ្នំពេញ: នៅព្រឹកថ្ងៃទី៥ ខែមករា ខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការសំណុំរឿង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលមិនសុខចិត្តនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធបទល្មើសក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។
មេធាវីការពារក្ដីលោក ហុង សុខហួរ គឺ លោក សំ សុគង់ បញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី៤ ខែមករា ថា សវនាការលោក ហុង សុខហួរ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមករា វេលាម៉ោង៨ព្រឹក ។ សវនាការនេះ ដឹកនាំដោយលោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ ។
គួររំលឹកថា លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទសមគំនិតក្នុងបទល្មើសនេះ ៕ ចេស្តា