ព័ត៌មានទាន់ហេតុការណ៍៖

ព្យុហយាត្រាទ្រង់ទ្រាយធំគាំទ្រមេដឹកនាំគីម ជុងអ៊ុន

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែមករា កូរ៉េខាងជើង បានរៀបចំពិធីមិទ្ទិញជាទ្រង់ទ្រាយធំដើម្បីប្តេជ្ញាអនុវត្តភារកិច្ចដែលមេដឹកនាំ គីម ជុង អ៊ុន បានដាក់ចេញក្នុងសារចូលឆ្នាំថ្មី២០១៧ កន្លងមក។

បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងបានផ្សាយថា ពិធីមិទ្ទិញបានធ្វើឡើងនៅ ទីលានគឹមអុីលស៊ុង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបជាមួយពលរដ្ឋរាប់សិបពាន់នាក់នៅកណ្តាលទីក្រុងព្យុងយ៉ាង។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គល់នោះគឺមេដឹកនាំ គីម ជុងអ៊ុន មិនមានវត្តមាននៅក្នុង ពិធីព្យុហយាត្រាទ្រង់ទ្រាយធំនោះឡើយ។

នៅក្នុងសារជូនពរឆ្នាំថ្នីកន្លងមកលោក គីម ជុងអ៊ុន បានបញ្ជាក់ថា កូរ៉េខាងជើងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការ ផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ។

កន្លងមកទីក្រុងសេអ៊ូលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនថានឹងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិកហៅ កាត់ថា «THAAD» នៅឆ្នាំ២០១៧នេះទោះបីជាមានការប្រឆាំងពីប្រទេសចិនក្តី។

ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនដែល ភ្ជាប់សម្ពន្ធមិត្តនឹងគ្នាដោយសន្ធិសញ្ញាការពារប្រទេសឲ្យគ្នាទៅវិញទៅមកកាលពីឆ្នាំមុនបានជូនដំណឹងអំពីគម្រោងដំឡើង ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកឈ្មោះ «THAAD» នៅក្នុងទឹកដីកូរ៉េខាងត្បូង។

ប្រព័ន្ធខែលការពារមីស៊ីល «THAAD» ជាប្រព័ន្ធមីស៊ីលដ៏វិសេសវិសាលបំផុតមួយ នៅលើលោកក្នុងការទប់ទល់ការវាយប្រហារ ណាមួយពីសំណាក់កូរ៉េខាងជើង។ ការប្តេជ្ញា ចិត្តរបស់កូរ៉េខាងត្បូងនេះដោយហេតុតែ កន្លងមកកូរ៉េខាងជើងបានផ្គើនខ្លាំងដោយបង្កើនការសាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនជាច្រើន និងធ្វើតេស្តនុយក្លេអ៊ែរចំនួនពីរទៀតផងនៅឆ្នាំ ២០១៦។

ចំពោះប្រទេសចិនក៏ដូចជារុស្ស៊ី “ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល អាមេរិកនៅកូរ៉េខាងត្បូងជាការផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកនិងក៏ប៉ះពាល់ដល់ស្ថិរភាពនៅក្នុងតំបន់”។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅក្នុងរបាយការណ៍មួយ ជូនចំពោះប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធខែលការពារ មីស៊ីល «THAAD» គឺជាផ្នែកមួយនៃការ ខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការ ពង្រឹងឲ្យកាន់តែខ្លាំងថែមទៀតកិច្ចការពារជាតិខ្លួនទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

ប្រទេសចិនវិញ បានបញ្ចេញប្រតិកម្មយ៉ាងទាន់ចិត្តដែរដោយចាត់ទុកការដាក់ ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក «THAAD» នៅកូរ៉េខាងត្បូងថា នឹងប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខជាតិចិន និងកាន់តែបង្កើនហានិភ័យជម្លោះខ្លាំងថែម ទៀតនៅក្នុងតំបន់។ ទន្ទឹមនេះដែរ ចិនបាន ប្រកាសវិធានការមួយចំនួនប្រឆាំងទល់ នឹងកូរ៉េខាងត្បូងដែលទីក្រុងសេអ៊ូលចាត់ទុកថា ជាទណ្ឌកម្មដាក់ប្រឆាំងទល់នឹងកូរ៉េខាងត្បូង។

វិធានការរបស់ប៉េកាំងនោះមានដូចជាការដាក់កម្រិតលើការចូលរួមក្នុងកម្មវិធីទូរទស្សន៍ចិនពីសំណាក់ក្រុមតារាចម្រៀងដ៏ឆ្នើមរបស់ក្រុមភ្លេង K-pop និងតារាល្បីៗ ផ្សេងទៀតរបស់កូរ៉េខាងត្បូង ឬក៏ការសម្តែង ទស្សនីយភាពនានានៅលើទឹកដីចិន។ មិនតែប៉ុណ្ណោះទីក្រុងប៉េកាំងថែមទាំងធ្វើការបដិសេធមិនឲ្យមានជើងហោះហើរកូរ៉េខាងត្បូងចូលមកក្នុងទឹកដីខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ មករា ខាងមុខ។

រីឯទីក្រុងវ៉ាស៊ីនតោនបានធានាចិនថា ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកពុំមែន ជាការគំរាមកំហែងណាមួយដល់ចិនឡើយ ហើយចិនវិញ ក៏មិនត្រូវយកលេសណា មួយដើម្បីធ្វើការប្រឆាំងទល់នឹងប្រព័ន្ធខែល ការពារមីស៊ីលនេះដែរ៕ ម៉ែវ សាធី

dwe se


ចែករំលែក៖