ភ្នំពេញ៖ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ឲ្យដឹង នាថ្ងៃថ្ងៃទី៦ ខែមករា ថា ព្រឹត្តិការណ៍ប្រកួតវាយសីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះថ្ងៃ៧ មករា ដែលសហព័ន្ធវាយសីកម្ពុជាតែងតែរៀបចំជារៀងរាល់ឆ្នាំនោះ នឹងដំណើរការប្រកួតរយៈពេល២ថៃ្ង ចាប់ពីថៃ្ងទី១៤ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង ។
លោក អគ្គលេខាធិការរងរូបនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រកួតវាយសី អប់អរសាទរខួបអនុស្សាវរីយ៍ ទិវាជ័យជំនះថ្ងៃ៧ មករា សហព័ន្ធបានរៀបចំឡើងអស់រយៈពេល១៧ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើម របស់ លោកឯក លីកុសល់ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងគោលបំណងចូលរួមអប់អរសាទរ ខួបអនុស្សាវរីយ៍ ជ័យជំនះថ្ងៃ៧ មករា ដែលជាថៃ្ងផ្តួលរំលំប៉នប្រល័យពូជសាសន៍ប៉ូលពត និងជាថ្ងៃផ្តល់កំណើតទី២ជូនប្រជាជនកម្ពុជាទូទាំងប្រទេសឲ្យមានសិទ្ធិសិរីភាពឡើងវិញ និងប្រែមុខមាត់ប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្នុងនោះក៏មានវិស័យកីឡា។
ចំពោះព្រឹត្តិការណ៍ប្រកួតនេះ ក៏ជាការចូលរួមចំណែកបំផុសឲ្យយុកវជនចូលលេងកីឡាវាយសី នៅតាមបណ្តាខេត្ត ដើម្បីជ្រើសរើសយកនូវធនធានថ្នាលល្អៗមកធ្វើការបណ្តុះបណ្តាលហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់។
លោក បន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតវាយសីចូលរួមអប់អរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះថ្ងៃ៧ មករា នេះ សហព័ន្ធបានកំណត់វិញ្ញាសារដាក់អោយប្រកួតចំនួន៨វិញ្ញាសារ ដូចជា វិញ្ញាសារវាយគូរបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសារប្រកួតវាយគូ បុរសអាយុ១៩ឆ្នាំចុះ វិញ្ញាសារប្រកួតវាយគូរនារីមិនគិតអាយុ វិញ្ញាសារ វាយគូរបុរសអាយុ១៦ឆ្នាំចុះ វិញ្ញាសារគូកុមារាអាយុក្រោម១៣ឆ្នាំ វិញ្ញាសារវាយគូរបុរសវ័យចាស់អាយុ៥០ឆ្នាំឡើង វិញ្ញាសារវាយគូរបុរសវ័យកណ្តាលអាយុពី៤០ដល់៥០ឆ្នាំ និងវិញ្ញាសារវាយគូរបុរសនារី អាយុក្រោម១៦ឆ្នាំ។
សូមបញ្ជាក់ថា ព្រឹត្តិការប្រកួតវាយសីចូលរួមអប់អរសាទរ ខួបអនុស្សាវរីយ៍ ទិវាជ័យជំនះថ្ងៃ៧មករានេះ ប្រាក់រង្វាន់ចំណាត់លេខ១ទទួលបានថវិការ២៥០ដុល្លាអាមេរិក ចំណាត់ថ្នាក់លេខ២ទទួលបានថវិកា១៥០ដុល្លា និងចំណាត់ថ្នាក់លេខ៣ទទួលបានថវិកាចំនួន១០០ដុល្លា ៕សារីម