ខេត្តក្រចេះ៖ទីតាំងបរិវេណសាខាកាកបាទក្រហមខេត្តក្រចេះ ដែលមានទីតាំងនៅផ្លូវមាត់ទន្លេកណ្តាលទីប្រជុំជនខេត្តបានក្លាយជាកន្លែងស្តុបខ្សាច់,ក្រួស សំរាប់ធ្វើអាជីវកម្មបូមក្រួសខ្សាច់ទ្រង់ទ្រាយធំស្របពេលដែលទីតាំងមួយនេះហុំព័ទ្ឋទៅដោយផ្ទះពលរដ្ឋនិងមន្ទីរធ្វើការរបស់រាជការជាច្រើនស្ថាប័ន។
សេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងសាខាកាកបាទក្រហមខេត្តក្រចេះ ត្រូវបានប្រធានសាខាខេត្ត ជួលទៅឱ្យឈ្មួញ សំរាប់ធ្វើអាជីវកម្មខ្សាច់ក្រួស ដោយមានចុះកិច្ចសន្យាកុងត្រាជាមួយគ្នា ក្នុង១ឆ្នាំម្តង ប៉ុន្តែគេមិនបានបញ្ជាក់ថា ជួលក្នុងតម្លៃប៉ុម្មាននោះទេ ។ នេះបើតាមការអះអាងរបស់ លោក ហេង ប៊ុនទូច ជាថៅកែខ្សាច់ក្រួស ដែលកំពុងធ្វើអាជីវកម្មក្នុងដីឡូត៍របស់សាខាកាកបាទក្រហមខេត្តក្រចេះ ។
ពលរដ្ឋក៏ដូចជាម្ត្រីរាជការរស់នៅក្បែរនោះបាននិយាយថា ចាប់តាំងពីទីតាំងសាខាកាកបាទក្រហម បានក្លាយជាតំបន់ស្តុបខ្សាច់គ្រួសសំរាប់ធ្វើអាជីវកម្មទ្រង់ទ្រាយធំគឺបានរំខានដល់ការរស់នៅក៏ដូចជាការបំពេញកិច្ចការងាររាជការរបស់ពួកគាត់ ខណៈនៅតំបន់នោះគឺហុំពទ្ឋ័ទៅដោយមន្ទីរមន្ត្រីរាជការ ។ ជាងនេះទៀត គឺថ្លង់សម្លេងគ្រឿងចក្រជីកកាយក៏ដូចជាសម្លេងម៉ាស៊ីនបូមព្រមទាំងសម្លេងសន្ឋឹកនៃរថយន្តធន់ធំៗ ត្រូវបានលាន់លឺកងរំពងទាំងយប់ទាំងថ្ងៃចេញពីអាជីវកម្មលក់ក្រួសខ្សាច់ដ៏ធំមួយនេះ ដែលកំពុងតែបោះទីតាំងធ្វើអាជីវកម្មទ្រង់ទ្រាយធំមានរយះពេលជាច្រើនខែមកហើយ ។
ក្រៅតែពីការរអ៊ូរទាំរបស់ពលរដ្ឋពីការរំខានដោយសម្លេងថ្លង់ចេញពីអាជីវកម្មមួយនេះពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរមានការព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍និងការគ្មានសណ្តាប់ធ្នាប់ផងដែរ ព្រោះផ្លូវក្នុងជួរមាត់ទន្លេត្រូវបានអាជ្ញាធរហាមឃាត់ការធ្វើចរាចរណ៍ឡានធន់ធំ តែផ្ទុយទៅវិញឡានដឹកខ្សាច់ធន់ធំរាប់សិបគ្រឿងក្នុងមួយថ្ងៃៗបន្តចេញចូលក្នុងទីតាំងអាជីវកម្ម ទន្ទឹមគ្នានោះ មានចិញ្ចើមផ្លូវកៅស៊ូជាច្រើនកន្លែងនៅតំបន់នោះកំពុងតែជួបការបាក់ស្រុត។លើសពីនេះពលរដ្ឋនិយាយថាទីតាំងដីឡូតិ៍ដ៏ធំរបស់សាខាកាកបាទក្រហមត្រូវបានឃុំគ្រងដោយគ្រឿងចក្រនិងក្រួសខ្សាច់ស្របទៅនិងទីស្នាក់ការកាកបាទក្រហមក៏ត្រូវគេមើលឃើញថាកំពុងតែខ្វះការថែទាំសូម្បីតែទង់ជាតិនិងទង់ស្លាកសញ្ញា អក្សរកាកបាទក្រហមដែលតាំងនៅលើស្លាកចំពីមុខខ្លោងទ្វារ ក៏ត្រូវដាច់រយះខ្ទេចអស់ មើលសឹងមិនយល់ មិនត្រូវបានគេប្តូរចេញនៅឡើយទេ។
ជាមួយនិងការលើកឡើងដោយរិះគន់បែបនេះម្ចាស់អាជីវកម្មខ្សាច់គ្រួលោកហេងប៊ុនទូចបានឆ្លើយថាការធ្វើអាជីវកម្មរបស់គាត់គឺមានច្បាប់ត្រឹមត្រូវចំណែកទីតាំងដែលគាត់ស្តុបខ្សាច់ ក្រួស សំរាប់ទុកលក់ចេញបន្តនេះគឺគាត់បានជួលពីសាខាកាកបាទក្រហមខេត្តតែលោកមិនទម្លាយថាការជួលនោះធ្វើឡើងរបៀបណានោះទេ។
ដោយឡែកលោកឌីវពិសីអនុប្រធានមន្ទីរការិយាល័យរ៉ែបានឲ្យដឹងថាទីតាំងមួយនេះគឺមានច្បាប់អាជីវកម្មខ្នាតតូចចេញពីមន្ទីរខេត្តចំណែករឿងការលក់ចេញបន្តបង្កឲ្យប៉ះពាល់ដល់ការរស់នៅពលរដ្ឋក៏ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់ខេត្តនេះខាងលោកមិនបានដឹងនោះទេព្រោះជាតួនាទីរបស់អាជ្ញាធរ។ចំណែក លោកធន់គ្រីប្រធានសាខាកាកបាទក្រហមខេត្តគឺមិនអាចទំនាក់ទំនងបានទេខណៈដែលក្រុមការងារខលចូលសុំការបំភ្លឺលោកបានឆ្លើយយ៉ាងខ្លីថាជាប់រវល់។
យ៉ាងណាក៏ដោយពលរដ្ឋក៏ដូចជាមន្ត្រីរាជការមានការិយាល័យធ្វើការនៅក្បែរនោះបានអំពាវអោយអាជ្ញាធរជំនាញជួយទប់ស្កាត់ឬមានចំណាត់ការណាមួយដល់ម្ចាស់អាជីវកម្ម ដើម្បី គាត់បន្ថយការរំខានពីទីតាំងអាជីវកម្មលក់ក្រួសខ្សាច់មួយនេះ។ ការអំពាវនាវរបស់ពួកគាត់បែបនេះត្រូវបានគេមើលឃើញថាបន្ទាប់ពីមានការធ្វើអាជីវកម្មរបស់ថៅកែក្រួសខ្សាច់ម្នាក់ឈ្មោះ ហេងប៊ុនទូចដែលកំពុងតែបោះទីតាំងអាជីវកម្មក្នុងបរិវេណដីឡូតិ៍សាខាកាកបាទក្រហមខេត្តគឺកាន់តែពង្រីកអាជីវកម្មទ្រង់ទ្រាយធំទៅៗ។ ជាងនេះទៀតពលរដ្ឋលើកឡើងថា សកម្មភាពអាជីវកម្មក្រួសខ្សាច់ របស់ លោក ហេង ប៊ុនទូចដែលកំពុងតែប្រកបរបរដើម្បីប្រយោជន៍បុគ្គលមិនបានគិតពីការប៉ះពាល់ដល់ប្រយោជន៍អ្នកដ៏ទៃ ៕ កោះទ្រុង