ខេត្តបាត់ដំបង៖ មុខសញ្ញាប្រើប្រាស់ថ្នាំញៀនជាចោរលួច៥នាក់ ដែលមានជំនាញខាងគាស់ផ្ទះលួចទ្រព្យសម្បត្តិអ្នកភូមិយ៉ាងសកម្មនៅក្នុង ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ក្រោយពីក្រុមជនសង្ស័យនិងបក្ខពួកមួយចំនួនទៀតបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិមានតម្លៃរបស់ប្រជាពលរដ្ឋរួចហើយនោះ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា កាលពីក្នុងអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ផ្ទះពលរដ្ឋម្នាក់មានឈ្មោះ រេះ ជា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានក្រុមចោរមិនស្គាល់ អត្តសញ្ញាណ បាននាំគ្នាធ្វើសកម្មភាពគាស់ផ្តះលួចយកទ្រព្យសម្បត្តិអស់សន្ធឹកសន្ធាប់ ខណៈដែលម្ចាស់ផ្ទះចាក់សោរចោលជាប់រវល់ទៅប្រកបមុខរបរ នៅខាងក្រៅ។
លោកអធិការបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីមានអំពើលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះចំណុចខាងលើនោះមក លោកក៏បានដាក់ចេញនូវវិធានការដល់កម្លាំងនគរបាលក្រោមបង្គាប់ដើម្បីស្រាវជ្រាវវែកមុខរកមុខសញ្ញា ។ បន្ទាប់ពីមានការស៊ើបអង្កេតចំណាយពេលអស់ជាច្រើនថ្ងៃរួចមក កម្លាំងនគរបាលក៏បានឈានដល់ កំណត់មុខសញ្ញា ក្រុមជនសង្ស័យ ។ នៅថ្ងៃខាងលើកម្លាំងនគរបាលបានចេញប្រតិបត្តិការក្រសោបចាប់ជនសង្ស័យជាមុខសញ្ញាចោរលួច៥នាក់ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។ ជនសង្ស័យទាំង៥នាក់មានឈ្មោះ ១,អាន គីសភ្លី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត គ្មានមុខរបរពិតប្រាកដ ២,ទី ប៊ុនតានហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ គ្មានមុខរបរពិតប្រាកដ ៣,ប៊ុប រ៉នី ភេទប្រុសអាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ ៤,ខន ប៊ុនរ៉ន ភេទប្រុសអាយុ២៧ឆ្នាំ និង៥,ម៉ក់ សូម៉ើត ភេទប្រុស អាយុ ២០ឆ្នាំ ជនសង្ស័យទាំង៣នាក់ គ្មានទីលំនៅពិតប្រាកដ។
លោកអធិការបានបញ្ជាក់ឱ្យដឹងទៀថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពទទួលកំហុសពីទង្វើរបស់ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះលួយទ្រព្យសម្បត្តិ ជនរងគ្រោះខាងលើនោះមែន ។ ប្រាក់កាក់ដែលលួចបានរួមមាន ប្រាក់ថៃ២.៣០០បាត (ពីរពាន់បីរយបាត) ប្រាក់អាមេរិច ៣.២០០ដូល្លា ប្រាក់ខ្មែរ ៥០សិបម៉ឺនរៀល ត្រូវ ពួកគេ បែងចែកគ្នាយកទៅទិញថ្នាំញៀនជក់ និងចាយវាយអស់ហើយ។ នៅសល់តែទូរស័ព្ទ១គ្រឿង ប៉ុណ្ណោះម៉ាកហាវ៉ៃ លក់មិនទាន់ចេញ។ ជនសង្ស័យទាំង៥នាក់ក្រោយពីនគរបាលក្រុងបាត់ដំបងបានសាកសួរ និងកសាងសំណរឿងរួចហើយ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ត្រូវបានចាប់បញ្ជូនទៅកាន់ ស្នការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បី យកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា